Ad Code

អ្នក​ដែល​ផ្សព្វផ្សាយ​ថា​"​រាជរដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​"​ប្រឈម​នឹង​ការ​ចាប់ខ្លួន

ភ្នំពេញ ៖ មេ​បញ្ជាការ​រង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែង​ថា​ អ្នក​ដែល​ផ្សព្វផ្សាយ​ថា​ “​ផែនទី​ដែល​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ថា​ជា​ផែនទី​ក្លែងក្លាយ​ហើយ​មាន​ភស្តុតាង​គ្រប់គ្រាន់​នឹង​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​”។​


លោក​ឧត្តមសេនីយ៍ឯក​ប្រាក់ សិទ្ធ មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ដាក់​បទបញ្ជា​ខាង​លើ​នេះ​ដល់​មន្ត្រី​កង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​ផ្សព្វផ្សាយ “​ការងារ​អប់រំ​ចិត្តសាស្ត្រ​”​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០១៥​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៥​ ខែកញ្ញា ​ឆ្នាំ​២០១៥​កន្លងមក​ថ្មីៗ​នេះ​ដោយមាន​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ជាង​២០០​នាក់​ចូលរួម​។​


លោក​ប្រាក់ សិទ្ធ​បន្ត​ថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ខ្ចី​ផែនទី​របស់​អ​.​ស​.​ប​.​និង​របស់​ប្រទេស​បារាំង​មក​ផ្ទៀងផ្ទាត់​បាន​បង្ហាញ​ឲ្យ​ឃើញថា ​ផែនទី​ដែល​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​សម្រាប់​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​គឺ​ដូចគ្នា​បេះបិទ​ទៅ​នឹង​ផែនទី​ខាង​លើ​នេះ​។​ ដូច្នេះ​អ្នក​ដែល​បាន​ផ្សព្វផ្សាយ​ថា​”​ផែនទី​ក្លែងក្លាយ​”​ទោះជា​នៅ​ទីណា​ ឬក៏​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏ដោយ​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ស្វែងរក​ភស្តុតាង​ឲ្យ​បាន​ច្បាស់លាស់​ហើយ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​តែម្តង​។​


គួរ​រំលឹកថា សម្ដេច​តេជោ​ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ថ្មីៗ​នេះ​ថា ចាប់​ពី​ពេលនេះ​តទៅ​សម្ដេច​មិន​អនុគ្រោះ​ទៀត​ឡើយ ចំពោះ​អ្នកណា​ដែល​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ឬ​តាម​ប្រព័ន្ធ​អ្វីមួយ​ក៏​ដោយ​បំផ្លើស​ថា​ រាជរដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លាយ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​នោះ​សមត្ថកិច្ច​ត្រូវតែ​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​នោះ​មក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​។​.


សូម​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍​ឯក​ប្រាក់ សិទ្ធ​មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្នុង​ពិធី​ខាង​លើ​នេះ​ប្រារព្ធ​ធ្វើ​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៥​ដល់​១៧ ខែកញ្ញា​ ឆ្នាំ​២០១៥ ក្នុង​គោលបំណង​ពង្រឹង​ជំហរ​មន្ត្រី​ទាំងអស់​ឲ្យ​ស្គាល់​”​មិត្ត​និង​អមិត្ត​”​ក្នុង​ការ​បំពេញភារកិច្ច​ជូន​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និង​សង្គមជាតិ។​


មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា យោង​តាម​ផែនការ​លេ​ខ: ៣៣/២០១៥ ផ​ក របស់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្ដីពី​ការ​ផ្សព្វផ្សាយ​ការងារ អប់រំ​ចិត្តសាស្ត្រ​ប្រចាំឆមាស​ទី​២ ឆ្នាំ​២០១៥ ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥ និង​ដើម្បី​ក្តាប់​ជាប់​ការងារ​សតិអារម្មណ៍ និង​ការ​វិវឌ្ឍន៍​របស់​កម្លាំង​កងរាជអាវុធហត្ថ ក្នុង​គោលបំណង​បង្កើន​ចំណេះដឹង​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កង​រាជ​អាវុធហត្ថឲ្យ​យល់​ជ្រួតជ្រាប​នូវ​តួនាទី ភារកិច្ច និង​បេសកកម្ម​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ប្រកបដោយ​មនសិការ​ស្នេហា​ជាតិ មាន​ឆន្ទៈ​មោះមុត ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​។


ជាពិសេស​លើកកម្ពស់​សមត្ថភាព ចំណេះដឹង​ជំនាញ ចំណេះដឹង​ទូទៅ​ច្បាប់​បទបញ្ជា បទ​វិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ កម្មវិធី​គោលនយោបាយ របស់​ថ្នាក់ដឹកនាំ និង​បទបញ្ជា​៦​ចំណុច​របស់​សម្ដេច​តេជោ ហ៊ុន សែន។​


លោក​ឧត្តមសេនីយ៍​ឯក​ប្រាក់ សិទ្ធ​មានប្រសាសន៍ថា​ ការ​ផ្សព្វផ្សាយ​នេះ​នឹង​បន្ត​ធ្វើ​ទូ​ទាំង​ប្រទេស​រហូតដល់​ចុងខែ​តុលា ដើម្បី​ឲ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​កងរាជអាវុធហត្ថ​ជ្រួតជ្រាប​ទាំងអស់គ្នា។​


លោក​ក៏បាន​លើកឡើង​នូវ​សភាពការណ៍​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​កើតមាន​សង្គ្រាម ​មាន​ជម្លោះផ្ទៃក្នុង​ពិសេស​បណ្ដា​ប្រទេស​ដែល​កំពុង​កើតឡើង​នូវ​បដិវត្តន៍​ពណ៌​លឿង​ហើយ​លើកយក​បទពិសោធន៍​ទាំង​នោះ​មក​បង្ការ​ និង​ទប់ស្កាត់​នៅ​ប្រទេស​កម្ពុជា ដើម្បី​ថែរក្សា​សន្តិសុខ សន្តិភាព​ជូន​សង្គមជាតិ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​៕



អ្នក​ដែល​ផ្សព្វផ្សាយ​ថា​"​រាជរដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​"​ប្រឈម​នឹង​ការ​ចាប់ខ្លួន

Post a Comment

0 Comments

Close Menu