Ad Code

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​មិន​ឲ្យ​លោក​ ហុង សុខ​ហួរ​ នៅ​ក្រៅ​ឃុំ​

ភ្នំពេញ ៖ ចៅក្រម​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ បាន​សម្រេច​មិន​ឲ្យ​លោក ហុង សុខ​ហួរ នៅ​ក្រៅ​ឃុំ​ទេ ពោល​គឺ​បន្ត​ឃុំខ្លួន​ក្នុង​គុក​ដើម្បី​ទុក​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់។​ សវនាការ​នេះ​មិន​មាន​លោក ហុង សុខ​ហួរ ជា​ជនជាប់ចោទ​ចូលរួម​ទេ គឺ​មាន​តែ​មេធាវី​របស់​លោក​ ហ្ង សុខ​ហួរ​ ប៉ុណ្ណោះ​បាន​ចូលរួម។​


លោក ជួង ជូ​ងី មេធាវី ការពារ​ឲ្យ​លោក ហុង សុខ​បួរ បាន​ថ្លែង​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​មិន​ត្រឹមត្រូវ​ទេ លោក​នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត។​ លោក ឃុន លាង​ម៉េង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ថា សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ទុក​ជា​បានការ​ដដែល។​


លោក ហុង សុខ​ហួរ ត្រូវ​បាន​លោក កោ វណ្ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ ឃុំខ្លួន​ដាក់​ពន្ធនាគារ ក្រោម​ការ​ចោទ​ប្រកាន់​រប​ស់​លោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​ ៦២៩, ៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។​


មួយ​សប្ដាហ៍​ក្រោយមក​ មេធាវី​របស់​លោក​ ហុង សុខ​ហួរ បាន​ដាក់​ពាក្យសុំ​នៅ​ក្រៅ​ឃុំ តែ​លោក​ចៅក្រម​បាន​បដិសេធ ទើប​ក្រុម​មេធាវី​បន្ត​ប្ដឹង​មក​សាលាឧទ្ធរណ៍ ហើយ​សាលាឧទ្ធរណ៍​បាន​សម្រេច​នា​រសៀល​ថ្ងៃនេះ​មិន​ឲ្យ​លោក ​ហុង សុខ​ហួរ​ នៅ​ក្រៅ​ឃុំ​ដដែល។​ សូម​បញ្ជាក់​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ ព្រឹទ្ធសភា​បានសម្រេច​ដក​អភ័យឯកសិទ្ធិ​លោក ហុង សុខ​ហួរ ប្រយោជន៍​ដើម្បី​ឲ្យ​តុលាការ​បន្ត​នីតិវិធី។​


លោក ហុង សុខ​ហួរ ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​តែ​លោក​បាន​ក្លែង​សន្ធិសញ្ញា​កម្ពុជា-វៀត​ណាម ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន ហើយ​បង្ហោះ​ឯកសារ​ក្លែង​ទាំងនោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុក​របស់​គាត់ បណ្ដាល​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​ចាត់ការ​ចំពោះ​អ្នក​ញុះញង់​ទាំងនោះ៕




សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​មិន​ឲ្យ​លោក​ ហុង សុខ​ហួរ​ នៅ​ក្រៅ​ឃុំ​

Post a Comment

0 Comments

Close Menu