ភ្នំពេញ ៖ តាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ហើយដែលការិយាល័យរបស់យើងទើបទទួលបានកាលពីវេលាម៉ោង១០ និង១៥ មុននេះបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងនៅតែរឹងមាំរហូតដល់ឆ្នាំ២០១៦ បើទោះបីជាកំណើនទំនងជានឹងមានល្បឿនយឺតតិចតួចជាងការព្យាករកាលពីដើមឆ្នាំនេះក៏ដោយ។
របាយការណ៍នោះបានបញ្ជាក់ថា នៅក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍សេដ្ឋកិច្ច ដែលបោះពុម្ពផ្សាយជាប្រចាំឆ្នាំរបស់ខ្លួនក្រោមចំណងជើង “ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០១៥” ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (ផសស) សម្រាប់ប្រទេសកម្ពុជាគឺ ៧,០ ភាគរយ សម្រាប់ឆ្នាំ ២០១៥ និង ៧,២ ភាគរយសម្រាប់ឆ្នាំ ២០១៦។ នៅក្នុងរបាយការណ៍ដែលចេញផ្សាយក្នុងខែមីនា របស់ខ្លួន ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថា កំណើនឆ្នាំ២០១៥ មាន៧,៣ ភាគរយ និងឆ្នាំ២០១៦ មាន៧,៥ ភាគរយ។ ការថមថយបែបនេះឆ្លុះបញ្ចាំងពីការថយចុះនូវសក្ដានុពលកំណើន សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងការងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ប្រទេសឧស្សាហកម្មធំៗ។
លោក Jan Hansen សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា “ការពង្រីកឧស្សាហកម្មកាត់ដេរ សំណង់ និងសេវាកម្ម ជាពិសេស សេវាទេសចរណ៍ ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅតែបន្តជំរុញកំណើនបន្ថែមទៀត។ ប៉ុន្តែ កំណើននៃការនាំចេញ និងទេសចរណ៍ មានការថមថយបន្តិចក្នុងឆមាសទី ១ នៃឆ្នាំ ២០១៥ ខណៈពេលដែលវិស័យកសិកម្មទទួលរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់មានកម្រិតទាប និងអូសបន្លាយពេលយូរ”។ លោក Hansen បន្តថា តម្រូវការក្នុងស្រុកមានការកើនឡើងខ្លាំង។ ជាក់ស្តែង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការពង្រីកការផ្តល់ឥណទានដល់វិស័យឯកជនកើនលើស៣០ ភាគរយ ក្នុងខែឧសភា ឆ្នាំនេះ។ ទន្ទឹមនឹងនោះ ការនាំចូលក៏មានកំណើនខ្ពស់ផងដែរ។
ការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើង មានការកើនឡើង ១១,០ ភាគរយ ថយចុះពី១៤,៥ ភាគរយ ក្នុងឆមាសទី១ នៃឆ្នាំ២០១៤។ កំណើនការនាំចេញទំនិញសរុបថយមកនៅ១៤,០ ភាគរយពី១៨,៣ ភាគរយ។ ឧស្សាហកម្មកាត់ដេរប្រឈមនឹងការកើនឡើងនូវការប្រកួតប្រជែង ដោយសារតែការឡើងថ្លៃប្រាក់ដុល្លារ និង ដោយសារគូប្រកួតប្រជែង ដែលផ្តល់ប្រាក់ឈ្នួលទាប ដូចជា ប្រទេសមីយ៉ាន់ម៉ា ជាដើម។ កំណើនចំនួនភ្ញៀវទេសចរ ថយចុះមកនៅត្រឹម៤,៦ ភាគរយ ក្នុងឆមាសទី ១ ពី៥,៣ ភាគរយក្នុងឆ្នាំកន្លងទៅ។
កម្រិតអតិផរណាប្រចាំឆ្នាំស្ថិតនៅត្រឹមតែ១,០ ភាគរយប៉ុណ្ណោះ ក្នុងខែឧសភា ឆ្នាំ២០១៥ ក្នុងពេលដែលមានការថយចុះនូវចំណាយលើការដឹកជញ្ជូន និងឥន្ធនៈ ក្រោយពេលមានការថយចុះយ៉ាងគំហុកនៃតម្លៃប្រេង។ ការព្យាករអំពីអតិផរណាត្រូវបានកែសម្រួលមកនៅ១,៣ភាគរយ។
សូមបញ្ជាក់ថា មានមូលដ្ឋាននៅទីក្រុងម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ីប្ដេជ្ញាកាត់បន្ថយភាពក្រីក្រ នៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ច ដើម្បីទាំងអស់គ្នា កំណើនដែលធានានិរន្ដរភាពបរិស្ថាន និងសមាហរណកម្មតំបន់។ បង្កើតឡើងនៅក្នុងឆ្នាំ១៩៦៦ ធនាគារនេះគឺជាកម្មសិទ្ធិរបស់សមាជិកចំនួន៦៧ ប្រទេស ដែលក្នុងនោះមាន៤៨ ប្រទេសមកពីតំបន់នេះ។ នៅក្នុងឆ្នាំ២០១៤ ជំនួយដែលផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ីសរុបមានចំនួន២២,៩ ពាន់លានដុល្លារ បូករួមទាំងសហប្រទានចំនួន ៩,២ ពាន់លានដុល្លារផង៕
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែរឹងមាំ ទោះបីជាការព្យាករមានការថមថយតិចតួចក៏ដោយ
0 Comments