ភ្នំពេញ ៖ វិស័យសិល្បៈចម្រៀងស្រុកខ្មែរបច្ចុប្បន្នហាក់មានសន្ទុះរីកចម្រើនខ្លាំងគួរសមស្របពេលដែលរបត់នៃផ្នត់គំនិតរបស់មជ្ឈដ្ឋានមហាជនភាគច្រើនបាននិងកំពុងតែងាកទៅចាប់អារម្មណ៍គាំទ្រលើកស្ទួយដល់សិល្បករខ្មែរមួយចំនួនធំ។ ពិសសេសជាងនេះ គឺផ្តោតសំខាន់លើយុវវ័យតែម្ដងដោយសារសព្វថ្ងៃនេះសង្កេតឃើញថា យុវវ័យភាគច្រើនបានពេញចិត្តនិយមស្តាប់បទចម្រៀងរបស់តារាប្រុស-ស្រីដែលពួកគេគិតថាជាIdolនោះ។
ពិតណាស់ខណៈដែលរបត់នៃសន្ទុះការគាំទ្រហាក់មានការកើនឡើងនេះដែរ ក៏សង្កេតឃើញថាកំពុងមានតារាប្រុស-ស្រីរលកថ្មីរបស់ខ្មែរភាគច្រើនបានធ្វើការប្រកួតប្រជែងដើម្បីឈោងដណ្ដើមចាប់យកចំណែកទីផ្សារគាំទ្រពីមហាជន។ មិនត្រឹមតែប៉ុណ្ណោះ បើនិយាយពីតារាល្បីៗដែលមានទីផ្សារគាំទ្រខ្ពស់ហើយនោះ គឺពួកគេបច្ចុប្បន្ននៅតែបន្តប្រឹងសង្វាតរក្សាកេរ្តិ៍ឈ្មោះ និងប្រជាប្រិយតាមរយៈការប្រើស្តាយិ៍ថ្មីប្លែកៗ ដោយគិតថានេះគឺជាឱកាសសម្រាប់កើបលុយធំ។
ជាក់ស្ដែងថ្ងៃនេះ កម្ពុជាថ្មីសូមនាំអារម្មណ៍ទស្សនិកជនទៅក្រឡេកមើលពីភាពខុសគ្នានៃតម្លៃខ្លួនរបស់តារាស្រីល្បីៗរបស់ខ្មែរចំនួន៥ដួងមកពីបីផលិតកម្មផ្សេងគ្នា ៖
១-កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានមហាជនដឹងហើយថានាងជាតារាចម្រៀងល្បីឈ្មោះ និងទទួលបានការគាំទ្រ របស់ផលិតកម្មហង្សមាសនាអំឡុងឆ្នាំ២០១០មកម្ល៉េះ។ រហូតមកទល់បច្ចុប្បន្ន នាងនៅតែរក្សាបានតំណែងជាតារាជួរមុខរបស់ផលិតកម្មដដែល ទើបធ្វើឲ្យតម្លៃខ្លួនចេញច្រៀងនៅតាមឆាកប្រគំតន្រី្តមានការកើនឡើងក្នុងកម្រិតខ្ពស់មួយ៖
-សម្រាប់ការច្រៀងនៅភ្នំពេញ កញ្ញាស៊ីថ្លៃពី(១.៨០០-២.០០០ដុល្លារ) ចំណែកចេញទៅតាមខេត្ត ស៊ីថ្លៃពី(២.០០០-២.៥០០ដុល្លារ)។
២-តារាចម្រៀងសំឡេងក្រអួនក្រអៅមិនចេះរីងស្ងួត មាស សុខសោភា ត្រូវបានមហាជនទទួលស្គាល់ថាជាតារាចម្រៀងគ្រាប់ពេជ្ររបស់ផលិតកម្មថោន។ សោភា ទាំងរូបសម្ផស្ស និងសំឡេងនៃការច្រៀងរបស់នាងតែងអន្ទងដក់ជាប់ក្នុងបេះដូងមហាជនអ្នកគាំទ្រជានិច្ចរាល់ពេលបង្ហាញវត្តមានម្តងៗ។
-ចំពោះការចម្រៀងនៅភ្នំពេញ សោភា ស៊ីថ្លៃពី(១.៨០០-២.០០០ដុល្លារ) ចំណែកចេញទៅតាមខេត្ត ស៊ីថ្លៃពី(២.០០០-២.២០០ដុល្លារ)។
៣- អ្នកចម្រៀងអភ័ព្វស្នេហ៍ពេញពីហង្សមាសចូលមកជ្រកក្រោមដំបូលថោន កញ្ញា សុគន្ធ និសាទោះបីជានាងបោះបង់ហើរចេញពីទ្រនំចាស់ចូលមកជ្រកក្រោមដំបូលផលិតកម្មថ្មីថោនយ៉ាងនេះក៏ដោយ តែប្រជាប្រិយភាព និងទីផ្សារគាំទ្រនៅតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ខណៈតារារួមដំបូងប្រជែងទៅមុខស៊ីមិនដាច់ជាមួយនាងនោះ។
-តម្លៃខ្លួនចេញច្រៀងនៅរាជធានីភ្នំពេញ និសា ស៊ីថ្លៃពី(១.៦០០-១.៨០០ដុល្លារ) រីឯតម្លៃចេញទៅតាមខេត្ត(១.៨០០-២.០០០ដុល្លារ)។
៤- កញ្ញា សុខ ពិសី គឺនាងជាតារាចម្រៀងវ័យក្មេងមានឈ្មោះបោះសំឡេងបានយូរ បើទោះបីជាពេលបច្ចុប្បន្នទីផ្សារសិល្បៈហាក់កំពុងមានការប្រកួតប្រជែងខ្លាំងពីសំណាក់តារាចម្រៀងស្រីរួមដំបូលផលិតកម្មជាមួយ ក៏ដូចតារាក្រៅផលិតកម្មឯទៀតពិតមែន តែតារាចម្រៀងសំឡេងក្រអួនក្រអៅរូបនេះនៅតែបន្តការខិតខំច្រៀងបញ្ចេញសំឡេងទាំងក្នុងផលិតកម្ម និងឆាកប្រគំតន្ត្រីមិនរាថយឡើយ គឺដើម្បីបម្រើអារម្មណ៍ជូនអ្នកទស្សនា។
-បើតាមការឲ្យដឹង តម្លៃខ្លួនរបស់កញ្ញា សុខ ពិសី ពេលចម្រៀងនៅរាជធានីភ្នំពេញពី(១.៥០០-១.៨០០ដុល្លារ) ចំណែកចេញទៅតាមខេត្តស៊ីថ្លៃពី(១.៨០០-២.២០០ដុល្លារ)។
៥- កញ្ញា ពេជ្រ សោភា ជាតារាចម្រៀងស្រីមានប្រជាប្រិយភាព និងមានការគាំទ្រច្រើនមិនខុសគ្នាពីតារាស្រី៤ដួងខាងលើឡើយ។ ប៉ុន្តែមួយរយៈចុងក្រោយនេះនាងក៏លេចធ្លោខ្លាំងលើរឿងអាស្រូវនៃការផ្ទុះជម្លោះបែកផ្សែងខ្លះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
-សម្រាប់ការច្រៀងនៅភ្នំពេញ ពេជ្រ សោភា ស៊ីថ្លៃពី(១.២០០-១.៥០០ដុល្លារ) ចំណែកចេញទៅតាមខេត្តស៊ីថ្លៃពី(១.៥០០-២.០០០ដុល្លារ)។
សូមជម្រាបថា នេះគ្រាន់តែជាតម្លៃខ្លួនប្រហាក់ប្រហែលគ្នារបស់តារាស្រីល្បីៗ៥ដួងមកពីបីផលិតកម្មដែលទទួលបានពីប្រភពផ្សេងៗគ្នាតែប៉ុណ្ណោះ។ ដោយឡែក ចំពោះតម្លៃខ្លួនពិតប្រាកដនិងជាក់លាក់យ៉ាងណានោះគឺយើងក៏បានដឹងថាវាពិតដូចគ្នា ឬយ៉ាងណានោះដែរ៕
តម្លៃខ្លួនតារាចម្រៀងស្រីល្បីៗខ្មែរ៥ដួង
0 Comments