កណ្ដាល ៖ មន្ត្រីតុលាការ ថ្លែងនៅវេលាម៉ោង១២និង៣០នាទី មុននេះថា បុរសម្នាក់ ធ្លាប់ត្រូវបានតុលាការខេត្តកំពង់ស្ពឺផ្ដន្ទាទោស៧ឆ្នាំពីបទសម្លាប់មនុស្ស ទើបចេញពីគុក ឥឡូវត្រូវបានតុលាការខេត្តកណ្តាល សម្រេចបញ្ជូនទៅគុកម្តងទៀត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ រឿងវាយអ្នកលក់ទឹកកកព្រោះតែទំនាស់មើលមុខឌឺដងដាក់គ្នា។
ទណ្ឌិតរូបនេះឈ្មោះ ហុក វណ្ណដែត ហៅក្ដាម អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។ ចំណែកជនរងគ្រោះឈ្មោះ ចាន់ កុសល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាអ្នកលក់ទឹកកក។ ហេតុការណ៍ហិង្សានេះ កើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចសាលារៀនចិនចាស់ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។
សមត្ថកិច្ច ថ្លែងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅក្នុងបរិវេណអតីតសាលារៀនភាសាចិន ស្រាប់តែជនសង្ស័យបានជិះម៉ូតូទៅឈប់ក្បែរ ហើយនិយាយរករឿងជនរងគ្រោះ រហូតមានការប្រតាយប្រតប់គ្នាទៅវិញទៅមក។ នៅគ្រានោះជនសង្ស័យបានទាត់ត្រូវចំមុខជនរងគ្រោះមួយជើង និងខាំជនរងគ្រោះបណ្ដាលឲ្យរងរបួសស្នាម។ ភ្លាមៗនោះដែរ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបន្តថា ជនសង្ស័យ ធ្លាប់ត្រូវបានតុលាការខេត្តកំពង់ស្ពឺផ្ដន្ទាទោស៧ឆ្នាំពីបទសម្លាប់មនុស្ស ម្តងរួចមកហើយ៕
ធ្លាប់ជាប់គុក៧ឆ្នាំរឿងសម្លាប់មនុស្ស ឥឡូវចូលគុកម្ដងទៀតរឿងវាយអ្នកលក់ទឹកកក
0 Comments