ពាក់កណ្ដាលនៃជនភៀសខ្លួនស៊ីរីដែលមានអាយុត្រូវចូលរៀននៅក្នុងប្រទេសលីបង់នឹងទទួលបានការអប់រំដោយឥតគិតថ្លៃនៅក្រោមយុទ្ធនាការថ្មីមួយដែលចាប់ផ្តើមកាលពីថ្ងៃចន្ទដោយប្រទេសម្ចាស់ផ្ទះនិងទីភ្នាក់ងារកុមារនិងជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
រដ្ឋាភិបាល និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ការផ្ដួចផ្ដើមនេះនឹងមានបំណងសំដៅទៅដល់កុមារងាយរងគ្រោះលីបង់១៦៦ ៦៦៧នាក់ និងមិនមែនលីបង់ ២០០ ០០០ នាក់សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦។
រដ្ឋមន្ត្រីក្រសួងអប់រំលោក Elias Bou Saab បាននិយាយថា “ការទទួលខុសត្រូវរបស់យើងគឺដើម្បីធានាថា កុមារទាំងអស់នៅលើទឹកដីលីបង់មានសិទ្ធិទទួលបានការអប់រំ”។
បើយោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិគឺអង្គការ UNHCR បានឲ្យដឹងថា លីបង់ដែលជាប្រទេសមានប្រជាជនចំនួនបួនលាននាក់បានទទួលជនភៀសខ្លួនស៊ីរីជាង១.១លាននាក់ដោយក្នុងនោះរួមមានយ៉ាងហោចណាស់ ៤០០ ០០០ ផងដែរដែលជាក្មេងគ្រប់អាយុត្រូវចូលរៀន។
គម្រោងដែលមានចំនួនទឹកប្រាក់៩៤លានដុល្លារនឹងរ៉ាប់រងការចំណាយនៃការចុះឈ្មោះចូលរៀន គ្រឿងផ្គត់ផ្គង់ និងមូលនិធិសម្រាប់ជនភៀសខ្លួនព្រមទាំងក្មេងលីបង់ដែលងាយរងគ្រោះរហូតដល់ថ្នាក់ទីប្រាំបួនផងដែរ។
កម្មវិធីដូចគ្នានេះកាលពីឆ្នាំមុនបានផ្តល់ការអប់រំដោយសេរី និងគ្រឿងផ្គត់ផ្គង់សម្រាប់កុមារស៊ីរី ១០០ ០០០នាក់។
Tanya Chapuisat ដែលជាតំណាងលីបង់របស់អង្គការ UNICEF បាននិយាយថា «យើងនឹងបង្កើនទ្វេដងនៃចំនួនកុមារដែលបានចូលរៀននៅសាលារដ្ឋលីបង់បើប្រៀបធៀបទៅនឹងឆ្នាំមុន»។
«ទោះបីជាយ៉ាងណាក៏ដោយ កុមារភៀសខ្លួនយ៉ាងហោចណាស់២០០ ០០០នាក់នៅតែស្ថិតនៅខាងក្រៅនៃប្រព័ន្ធអប់រំជាផ្លូវការដោយបានដកហូតសិទ្ធិជាមូលដ្ឋានរបស់ពួកគេ»។
ដោយឡែក Mireille Girard ដែលជាអ្នកតំណាងអង្គការ UNHCR បានឲ្យដឹងថា អាទិភាពរបស់ទីភ្នាក់ងារនេះគឺដើម្បីកំណត់អត្តសញ្ញាណកុមារនៅក្រៅសាលារៀន និងការលើកទឹកចិត្តដល់ការធ្វើសមាហរណកម្មរបស់ពួកគេនៅក្នុងសាលារដ្ឋរបស់ប្រទេសលីបង់»។
«នៅពេលដែលជនភៀសខ្លួនកំពុងប្រឈមមុខនឹងការកើនឡើងនៃបញ្ហាប្រឈមនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ការអប់រំចំពោះកូនរបស់ពួកគេពិតជារឿងចាំបាច់»។
បើយោងតាមអង្គការ UNICEF បានឲ្យដឹងថា កុមារជាង ២.៦ លាននាក់ដែលចាកចេញពីប្រទេសស៊ីរីដែលបានបំផ្លាញដោយសង្គ្រាមនោះកំពុងតែបង្កឲ្យមានការភ័យខ្លាចពីការបាត់បង់អនាគតរបស់ពួកគេ៕
AFP
កុមារស៊ីរីភៀសខ្លួនក្នុងប្រទេសលីបង់នឹងទទួលបានការអប់រំដោយឥតគិតថ្លៃ
0 Comments