Ad Code

សិស្ស​ក្រីក្រ ចង់​ឲ្យ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌

ការកែទម្រង់​នៃ​ការ​សិក្សា​បើ ពិនិត្យ​មើល​ទៅ​ឃើញ​ថា ជា​ផែន​ការ​ កាត់​បន្ថយ​នូវភាព​ក្រីក្រ ពីប្រជាពលរដ្ឋ​ផងដែរ។ ដ្បិត​បើយើង​តាមដាន​ឲ្យ​បាន​ដិតដល់​ទៅសិស្សានុសិស្ស​នៅតាម​សាលា​រៀន​គ្រប់ភូមិ​សិក្សា​នោះ​ក៏​មាន​សិស្ស​ ឋិត​ក្នុង​​ជីវភាព​ក្រីក្រ ច្រើន​ណាស់​ដែរ។ ជាមួយ​នេះ​ដែរ​ចំពោះការ​​ប្រឡង​បើត្រឹម​តែ​ជាការ​វាស់​វែង​នៃ​សមត្ថភាព​​សិស្ស​នោះ គឺ សិស្ស​ជាកូន​អ្នក​ក្រីក្រ​​អាច​មាន​លទ្ធភាព​ប្រព្រឹត្ត​ទៅបាន​ជា​មួយ​នឹង​គេនឹងឯង​ដែរ។ ប៉ុន្តែ​បើដូច​គ្រាមុន​នោះ​គេ​និយាយ​តែ​ពី​រឿង​សូក​ប៉ាន់​លុយ​កាក់​នោះគឺ ជា​ក្តី​អស់សង្ឃឹម​រលីង​ពីសំណាក់​សិស្ស​ក្រីក្រ។


បើនិយាយ​អំពីសមត្ថភាព​នៃការសិក្សា​នោះ​ឃើញថា ទោះជាកូន​អ្នកក្រ​ ក៏​មាន​ការតស៊ូ​រៀន​សូត្រ មិន​ចាញ់​កូនសិស្ស​ជាអ្នក​មាន​ដែរ។ មាន​ន័យថា ទំហំ​ខួរ​ក្បាល​ និង​ចំណេះ​ ប្រាជ្ញា របស់​សិស្ស​ជាអ្នក​ទីទ័ល​ក្រនោះ​ក៏​អាច​ទៅរួច​ក្នុង​ការ​ចេះ​ចាំ និង​បាន​បំពេញ​ការងា​រ​បានត្រឹម​ត្រូវ​នោះ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​បង់​ចាញ់​យ៉ាង​​អយុត្តិ​ធម៌​នោះគឺ កន្លង​មក​កូនសិស្ស​ដែល​មាតា​បិតា​ ជាអ្នក​ទីទ័លក្រ​តែង​ទទួល​នូវ​ពាក្យថា មុជ​មិន​ជ្រៅ​ទៅមិន​ឆ្ងាយ​នោះឡើយ។ ឧទាហរណ៍​ សិស្ស​នោះ​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ហើយបែរជា​ ត្រូវ​ដើរ​ទាត់​ខ្យល់​ទៅវិញ​ព្រោះគេ និយាយថា ប្រឡង​ធ្វើការ​​មិន​ជាប់​នោះឡើយ។ គេតែង​បានបញ្ជាក់ថា បើអត់​លុយ​ឲ្យ​គេ​ទេ ក៏ប្រឡង​មិន​ជាប់​នោះ​ដែរ។ ភាគ​ច្រើន​ ក្នុង​ការ​ប្រឡង​ជ្រើស​រើស​បុគ្គលិក​មន្ត្រី​រាជ​ការ​ហៅថា កន្លែង​ខ្លាញ់ៗ ជាពិសេស​គេនិយាយ​អំពីរឿង​លុយ​ជាធំ​ជាង​សមត្ថភាព​ទៅទៀត។ គេ​បាន​បន្ត​ទៀតថា ទោះ​ជា​កិច្ច​ការ​ប្រឡង​ធ្វើ​មិន​កើត​ក៏​ដោយ​ក៏​គេ​បាន​ប្រឡង​ជាប់​ដែរ​ព្រោះ គេ​មាន​លុយ​ផ្ទាប់​កាន់​ជាទ្រនាប់​ដៃ​ហុច ទាន់ពេល​វេលាទៅតាម​ខ្សែ​ទុយោ….។ នេះ​គឺ ជា​រឿង​គួរ​ឲ្យ​​ចុក​ចាប់​ណាស់​ចំពោះ​ កូន​សិស្ស​ជា​អ្នក​ក្រ ដែល​ខំ​សរសេរ​បាន​ត្រឹម​ត្រូវ​ល្មម​នឹង​ប្រឡង​ជាប់​ដែរ តែ​ត្រូវ​ទទួល​រង​នូវ​វាសនា​អភព្វ​បែរ​ជា​ប្រឡង​​ធ្លាក់​ទៅវិញ​តាមរយៈ អ្នក​មាន​លុយ​គេ​​ទិញ​ប្រជែង​យក​​កន្លែង​របស់​ខ្លួន​ទៅ​បាត់​យ៉ាង​អស់​សង្ឃឹម។


ប៉ុន្តែ​ក្នុង​សម័យ​នៃការកែទម្រង់​នៃ​ការសិក្សា​​និង​ការ​កែទម្រង់​នៃ​ការប្រឡង​នេះ​ តើ​បញ្ហា​ប្រឡង​​ប្រជែង​ធ្វើការ​នានានៅ​មាន​របៀប​របប​​ចាស់ ដូច​បាន​រៀប​រាប់​ដោយ​សង្ខេប​មក​នេះ​ដែរ ឬទេ? ប្រសិន​បើ​របៀប​របបចាស់​នេះ​នៅ​តែ​មាន​ដដែល​នោះគឺ សិស្ស​ជា​អ្នក​ក្រីក្រ​ប្រាកដ​ ជាទទួល​នូវ​ការ​ចុក​ចាប់​រកទី​បញ្ចប់​គ្មាន​ទេ ហើយ​ក៏​មិន​មាន​​សង្ឃឹម​ថា បាន​លើក​ស្ទួយ​ជីវភាព​​គ្រួសារ​​ឲ្យ​មាន​មុខ​មាន​មាត់​នៅក្នុង​សង្គម​ដូច​គេ​នោះដែរ។


គេបានបញ្ជាក់​ថា ជោគជ័យ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ២ឆ្នាំ​កន្លង​មក​នេះ​គឺ ជា​ការប្រព្រឹត្ត​ទៅ​ដ៏​ល្អ​ប្រសើរ​ណាស់។ គេ​តែង​សរសើរ​ជាទូទៅ​ថា ជាការ​ប្រឡង​​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​មាន​យុត្តិធម៌​ ឬហៅថា បើសិស្ស​ចេះ​ទើប​ប្រឡង​ជាប់​ តែ​បើ​សិស្ស​មិន​ចេះ​ទេក៏ ​មិន​អាច​​ប្រឡង​ជាប់ដែរ។ កិត្តិស័ព្ទ​ដ៏​ល្អ​នៃ​ការប្រឡង​​នេះ​ ចំពោះ​​មជ្ឈដ្ឋាន​នៃ​​សិស្ស​ ដែល​មាន​មាតា​បិតា​ជា​កសិករ​ក្រីក្រ​ភាគច្រើន​​នោះយល់ថា ប្រសិន​បើ​ការប្រឡង​ ឬធ្វើ​តេស្ត​សម្រាប់​ជ្រើ​ស​រើស​ បុគ្គលិក​មន្ត្រី​រាជការ​​គ្រប់​ក្រសួង​ ឬគ្រប់​វិស័យ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិ​ធម៌​​ដូចនេះ នោះ​ទើប​កូន​អ្នក​ក្រ មាន​ លទ្ធ​ភាព​ក្នុង​ការ​ប្រឡង​ប្រជែង​នឹង​គេ​ដែរ។ ផ្ទុយ​ទៅ​វិញ​បើគេ​​នៅតែ​ខ្សឹប​​ខ្សៀវ​ តែ​ពីរឿង​លុយ​ទៀត​នោះ គឺ ប្រាកដ​ជាអ្នក​ក្រ មិន​អាច​ងើប​មុខ​មាត់​រួច​នោះ​ឡើយ។


ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក្តី​ បើ​ក្រសួង​អប់រំ​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល មាន​តម្រូវ​ការ​ធន​ធាន មនុស្ស​ប្រកប​ដោយ​​គុណ​ភាព​នោះ ក៏​មតិ​ទូទៅ​បាន​ធ្វើ​ការសន្និដ្ឋានថា ការ​ប្រឡង​ប្រជែង​​ជ្រើស​រើស បុគ្គលិក​មន្ត្រី​រាជការ​​ក៏​មិន​ខុស​ពី​របៀប​របប​នៃ​​ការប្រឡ​ង​បាក់​ឌុប​កន្លង​​មក​ដែរ។​ មានន័យ​ថា ភាព​យុត្តិធម៌ និង​តម្លា​ភាព​ព្រម​ទាំង​ការ​លុប​បំបាត់​ឲ្យ​អស់​នូវ​អំពើ​ពុក​រលួយ​គ្រប់​រូប​ភាព​នោះ ទើប​ជា​ការ​ធានា​នូវ​គុណ​ភាព​នៃ​ធនធាន​មនុស្ស​​សម្រាប់​ជំរុញ​ការ​ងារ​អភិវឌ្ឍន៍​ជាតិ​ឲ្យ​ស្ទុះ​លឿន​ទៅមុខ​។ ផ្ទុយ​ទៅ​វិញ​បើ​ធនធាន​មនុស្ស​កើត​ឡើង​ដោយ​សារ​លុយ​ប្រកប​ដោយ​អំពើរ​ពុក​រលួយ​នោះក៏​មិន​អាច​ធ្វើ​ឲ្យ​ការងារ​សង្គម​រីក​ចម្រើន​ទៅ​បាន​នោះដែរ៕



សិស្ស​ក្រីក្រ ចង់​ឲ្យ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌

Post a Comment

0 Comments

Close Menu