ភ្នំពេញ ៖ ក្រោយពីបងប្រុសឈ្មោះសុខ ជំនោរ បានវេចបង្វេចចេញពីផលិតកម្មរីខត ពេលនោះក៏លេចឮព័ត៌មានជាច្រើនថា វ៉ាន់ នីឡា ក៏បម្រុងវេចបង្វេចចាកចេញដែរ។
ថ្វីបើបានលេចឮព័ត៌មានបែបនេះក្តី តាមការបញ្ជាក់ឲ្យដឹងពីវ៉ាន់ នីឡា បានឲ្យដឹងថា នាងនៅតែបន្តធ្វើការងារនៅផលិតកម្មនេះដដែលផ្ទុយទៅវិញការងាររបស់នាងកាន់តែមមាញឹកជាងមុនច្រើន។ ស្របពេលនេះដែលការងាររបស់ខ្លួនកាន់តែឡើងស្រឺតៗ ស្រាប់តែវ៉ាន់ នីឡាប្រកាសប្រាប់អំពីសម្ព័ន្ធភាពស្នេហារបស់ខ្លួនជាមួយបុរសវ័យក្មេងម្នាក់ដែលជាកូនអ្នកមានមុខមាត់ក្នុងសង្គម ហើយមានគម្រោងរៀបការនៅឆ្នាំក្រោយទៀតផងបានធ្វើឲ្យបុរសមិនតិចទេ ដែលខូចចិត្តក្រោយពីឮថានាងប្រាប់ពីម្ចាស់បេះដូង។
ការភ្ញាក់ផ្អើលនិងស្រីស្រស់វ៉ាន់ នីឡា ដែលហ៊ានលាតត្រដាងនិងបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈឲ្យគេបានដឹងឮដែលមិនខ្លាចធ្លាក់ប្រជាប្រិយភាពរបស់ខ្លួន។ ផ្ទុយទៅវិញ ការហ៊ានបញ្ជាក់ប្រាប់ការពិតនេះកាន់តែទទួលបានការគាំទ្រទៅវិញពីសំណាក់ទស្សនិកជនជាច្រើន ដែលខុសប្លែកពីតារាមួយចំនួនដែលព្យាយាមលាក់បាំងការពិត ទោះបីជារឿងនោះពិតក៏ពួកគេមិនទទួលស្គាល់ដែរ ដោយសារខ្លាចធ្លាក់ប្រជាប្រិយភាពរបស់ខ្លួន។
គួររំលឹកថា វ៉ាន់ នីឡា ថ្វីត្បិតមានឈ្មោះជាតារាក៏ដោយតែនាងមិនចូលចិត្តលាក់បាំងរឿង ផ្ទាល់ខ្លួនទេ ព្រោះទៅថ្ងៃមុខគង់តែមានអ្នកដឹងដូច្នេះនាងប្រកាសប្រាប់គេឲ្យដឹងមុនក៏ល្អដែរ។ នាងបានឲ្យដឹងដែរថា ខ្លាចអីនិងប្រកាសពីមនុស្សដែលយើងស្រលាញ់ឲ្យគេបានដឹង។ វ៉ាន់ នីឡា មិនត្រឹមតែប្រកាសបើកចំហឲ្យគេបានដឹងនោះទេ ថែមទាំងបានបង្ហាញមុខមាត់គូស្នេហ៍របស់នាងឲ្យទស្សនិកជនបានស្គាល់បានដឹងពីចំណងស្នេហ៍ដ៏ផ្អែមល្ហែមនៅតាមទីសាធារណៈទៀតដូចជានៅលើទំព័រហ្វេសប៊ុករបស់នាង ឯចាស់ទុំទាំងសងខាងសុទ្ធតែបានដឹងឮទៀតផង។
ការរំលឹករបស់វ៉ាន់ នីឡា ឲ្យដឹងទៀតថា អ្នកដែលស្រឡាញ់នាងគឺមានជាច្រើនប៉ុន្តែនាងមិនចាប់អារម្មណ៍ ព្រោះតែអ្នកទាំងនោះមិនបានបង្ហាញក្តីស្មោះស្ម័គ្រចំពោះនាងទេ ភាគច្រើនគេញ៉ែលេងសើចទេ មានតែគូស្នេហ៍នាងទេ ហ៊ានសារភាពនិងបង្ហាញក្តីស្រឡាញ់ស្មោះស្ម័គ្រថែមទាំងឲ្យចាស់ទុំដឹងឮដូច្នេះ ហើយទើបនាងព្រមទទួលយកការស្រឡាញ់ពីគេដែរ។
គួរបញ្ជាក់ថា វ៉ាន់ នីឡា ជាតារាចម្រៀងនៅ ផលិតកម្មភ្លេងរីខត ពេលចូលសិល្បៈដំបូងនាងបានទទួលការរិះគន់យ៉ាងច្រើនពីសំណាក់ទស្សនិកជនដោយសារវត្តមាននាងនៅតាមការប្រគំតន្ត្រីម្តងៗនាងតែងច្រៀងខុសភ្លេង ភ្លេចបារ៉ូ ចម្រៀង ច្រៀងញ័រដៃញ័រជើង។ ដោយឡែកមកដល់ចុងឆ្នាំនេះនាងប្រែប្រួលច្រើន នាងឈរលើឆាកដោយអារម្មណ៍ល្អ ពេលច្រៀងគ្រប់គ្រងខ្លួនឯងបានល្អ មិនធ្វើខុសដូចពីមុនៗឡើយ។
បច្ចុប្បន្ននេះក្រៅពីសិល្បៈវ៉ាន់ នីឡា ជានិស្សិតឆ្នាំទី៤នៅសាកលវិទ្យាល័យន័រតុន ផ្នែកធនាគារកន្លងមកធ្លាប់បើកហាងលក់សំលៀកបំពាក់មួយតែដោយសាររវល់ច្រើនក្នុងការងារសិល្បៈនាងក៏បិទហាងវិញ៕
វ៉ាន់ នីឡា ប្រាប់ពីគម្រោងត្រៀមរៀបការ
0 Comments