ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ (UN) ឆ្នាំនេះ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ក្រោមពាក្យស្លោក “ដល់ពេលសម្រាប់ធ្វើសកម្មភាពជាសកល ដើម្បីប្រជាជន និងភពផែនដី”។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ នៅក្នុងសំណេរលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច ហើយដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។ សម្តេចលើកឡើងថា “កិច្ចប្រជុំកំពូលរបស់ UN ស្តីពីរបៀបវារៈនៃការអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ក្រោមពាក្យស្លោក ដល់ពេលសម្រាប់ធ្វើសកម្មភាពជាសកល ដើម្បីប្រជាជន និងភពផែនដី ហើយកិច្ចប្រជុំកំពូលនេះ បានប្រារព្ធបើកជាផ្លូវការនៅទីស្នាក់ការធំរបស់ UN ក្នុងបុរី New York USA កាលពីម៉ោង១១ និង៣០ នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥”។
តាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលនោះ សម្តេច ប៉ូប ហ្វ្រានស៊ីស នៃបុរីវ៉ាទីកង់ (Pope Francis of Vatican) លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ UN រួមទាំងព្រះមហាក្សត្រ ស៊ុលតង់ (Sultan) ប្រមុខដឹកនាំរដ្ឋ និងគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិករបស់ UN ទាំង១៩៣ ប្រទេស រួមទាំងអង្គការអន្តរជាតិ បានយាងនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសនេះ លើការអនុម័តរបៀបវារៈស្តីពីការអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥។
សម្តេច ប៉ូប ហ្វ្រានស៊ីស មានព្រះរាជហឫទ័យរីករាយ បានយាងមកប្រារព្ធបើកព្រះរាជពិធីនៃកិច្ចប្រជុំកំពូល UN រួមជាមួយ លោក បាន គី មូន អគ្គលេខាធិការ UN ហើយសម្តេច ប៉ូប ហ្វ្រានស៊ីស បានមានប្រសាសន៍គូសបញ្ជាក់ផងដែរថា របៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ដែលកិច្ចប្រជុំកំពូល UN នឹងធ្វើការអនុម័តនៅពេលខាងមុខ គឺដើម្បីជំនួសឲ្យគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ UN ដែលបានអនុម័តកាលពី១៥ ឆ្នាំមុន។ របៀបវារៈអភិវឌ្ឍន៍ថ្មីក្រោយឆ្នាំ២០១៥ នេះ មានឈ្មោះថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមាន១៧ គោលដៅ និង១៦៩ ចំណុច។ គោលដៅនិងចំណុចសំខាន់ៗទាំងនោះ នឹងបំផុសឲ្យមានសកម្មភាពជាក់ស្តែងសម្រាប់រយៈពេល១៥ ឆ្នាំទៅមុខទៀត គិតចាប់ពីឆ្នាំ២០១៥-២០៣០។
ចំណែកលោក បាន គីមូន (Ban Kim-Moon) អគ្គលេខាធិការ UN មានប្រសាសន៍បញ្ជាក់បន្ថែមផងដែរថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ គឺចាត់ទុកប្រជាជនជាស្នូលនៃការអភិវឌ្ឍន៍ តាមរយៈការលើកកម្ពស់សុខមាលភាពប្រជាជន វិបុលភាព សន្តិភាព និងយុត្តិធម៌នៅលើភពផែនដី ហើយបន្តគោរពសិទ្ធិមនុស្ស និងសមភាពយេនឌ័រ។ លោកអគ្គលេខាធិការ UN បានសម្តែងនូវការសង្ឃឹមយ៉ាងមុតមាំថា បណ្តាមេដឹកនាំពិភពលោកទាំងអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ទាំងអស់ នឹងធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្តគោលដៅទាំង១៧ របស់ UN ដើម្បីសម្រេចបានជោគជ័យនូវកិច្ចការសំខាន់បី ក្នុងអំឡុងពេល១៥ឆ្នាំខាងមុខ គឺ១ បំបាត់ភាពក្រីក្រទាំងស្រុង ២ប្រយុទ្ធប្រឆាំងនឹងវិសមភាព នឹងភាពអយុត្តិធម៌ និង៣ គឺទប់ស្កាត់ការប្រែប្រួលធាតុអាកាស។
បើតាមសំណេរលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ សែន បានឲ្យដឹងថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូល UN ថ្ងៃនេះ គឺមានបណ្តាមេដឹកនាំប្រទេសនានា បានធ្វើបទអន្តរាគមន៍ទៅតាមលំដាប់លេខរៀង ហើយសម្តេចនឹងអញ្ជើញឡើងថ្លែងសុន្ទរកថា នៅម៉ោង១២ និង៣០ នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥៕
សម្តេចតេជោ សែន ៖ កិច្ចប្រជុំកំពូល UN រៀបចំឡើងក្រោមប្រធានបទ “ការអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥”
0 Comments