Ad Code

កូន​កោង​កាង​ចំនួន​១០.០០០​ដើម ត្រូវ​បាន​ដាំ​ដុះ​នៅ​ឃុំ​កែវ​ផុស

ព្រះសីហនុ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥ ឯកឧត្ដម​បណ្ឌិត ម៉ុង ឬ​ទ្ធី ប្រធាន​គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា សហការ​ជាមួយ​រដ្ឋបាល​ជលផល​កំពង់សោម​បាន​ដាំ​កូន​កោង​កាង​ចំនួន​១០.០០០​ដើម នៅ​ភូមិ​ឬ​ទ្ធី ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។​


លោក នង ឌី​ណា​រ៉ា មេឃុំ​កែវ​ផុស​បាន​បញ្ជាក់​ថា សក្ដានុពល​ព្រៃ​កោងកាង​នៅ​ក្នុង​ឃុំ​កែវ​ផុស​មាន​ប្រមាណ​ជា​៥០០​ហិកតា សម្រាប់​លទ្ធផល​ដែល​យើង​ទទួល​បាន​ពី​ដើម​កោង​កាង ហើយ​ការ​ដាំដុះ​កូន​កោង​កាង​នៅ​ក្នុង​តំបន់​ព្រៃ​រេចរឹល​ ដោយមាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ឯកឧត្ដម​បណ្ឌិត ម៉ុង ឬ​ទ្ធី សហការ​ នឹង​រដ្ឋបាល​ជលផល បាន​យក​កូន​កោង​កាង​មក​ដាំ​នេះ ពិតជា​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ប្រជា​នេសាទ​នៅ​ឃុំ​កែវ​ផុស នៅ​ឃុំ​កែវផុស ​យើង​មាន​សហគមន៍​មួយ​ដែល​ធ្វើ​ការងារ​អភិរក្ស​ធន​ធាន​ធម្មជាតិ ធនធាន​មច្ឆាជាតិ​នៅ​ក្នុង​សមុទ្រ ហើយ​ព្រៃ​លិច​ទឹក​នេះ​ជា​និរន្តរភាព​នៃ​ការ​កកើត​មច្ឆា​ជាតិ និង​ជីវចម្រុះ​ក្នុង​សមុទ្រ​នៅ​ឃុំ​កែវ​ផុស​កាន់តែ​មានការ​រីកចម្រើន​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​ទទួល​បាន​ផល​នៃ​ព្រៃ​កោងកាង ​រួមចំណែក​ថែរក្សា និង​អភិរក្ស។​


ឯកឧត្ដម​បណ្ឌិត ម៉ុង ឬ​ទ្ធី​ បាន​មាន​ប្រសាសន៍​ថា ការ​ដាំ​កូន​កោង​កាង​នា​ពេល​នេះ​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​អាជ្ញាធរ​ដែនដី បាន​ចូលរួម​ដាំ​កូន​កោង​កាង​ជា​លើក​ទី​១ ក្នុង​ឃុំ​កែវផុស​របស់​យើង។ ទីតាំង​ដែល​យើង​នាំគ្នា​ដាំ​កូន​កោង​កាង​នា​ពេល​នេះ ដោយសារតែ​មានការ​បំផ្លិច​បំផ្លាញ​ពី​ជនខិលខូច​មួយ​ចំនួន​មក​ធ្វើ​ការ​កាប់​បំផ្លាញ​ដោយ​យើង​មិនបាន​ដឹង ហើយ​នៅ​ពេល​យើង​បាន​សហការ​ជាមួយនឹង​រដ្ឋបាល​ជល​ផល​មានគំនិត​រួមគ្នា យក​កូន​កោង​កាង​មក​ធ្វើ​ការ​ដាំដុះ​ឡើងវិញ ឯកឧត្ដម​បណ្ឌិត​ឧបត្ថម្ភ​ថវិកា​ក្នុង​ការទិញ​កូន​កោង​កាង​ចំនួន​១០.០០០​ដើម តែ​ប្រសិនបើ​ដាំ​នៅ​ខ្វះ​ខាង​រដ្ឋបាល​ជលផល​ នឹង​ធានា​យក​កូន​កោង​កាង​មក​ដាំ​បន្ថែម​ទៀត​ក្នុង​ផ្ទៃដី​ចំនួន​១០​ហិកតា។


ឯកឧត្ដម​សង្ឃឹម​ថា ក្រោយពី​យើង​ធ្វើ​ការ​ដាំដុះ​កូន​កោង​កាង​ថ្មី​លើក​ទី​១​នៅ​ទី​នេះ មិន​មាន​ជន​ពី​ខាងក្រៅ​ណា​មក​កាប់​បំផ្លាញ​ទៀត​ទេ ព្រោះ​ការ​កាប់​បំផ្លាញ​ពី​មុន​មក​មិនមែន​ប្រជាជន​កែវ​ផុស​ទេ គឺជា​ប្រជាជន​មកពី​ខាងក្រៅ​ជួល​គេ​ឲ្យ​មក​កាប់​បំផ្លាញ។ ហើយ​ក្រោយពី​ការ​ដាំ​ពេលនេះ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កែវ​ផុស នឹង​មានការ​យល់ដឹង​ពី​ផល​ប្រយោជន៍​នៃ​ព្រៃ​កោងកាង ហើយ​ប្រជា​នេសាទ​ទទួល​ផល​ពី​ព្រៃកោងកាង​នេះ​ជាក់​ជាមិនខាន។


ឯកឧត្ដម​បណ្ឌិត​សំណូមពរ​ឲ្យ​ប្រជា​នេសាទ​ទាំងអស់​ឈប់​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ហើយ​ខាង​រដ្ឋបាល​ជលផល​ចូលរួម​ពិនិត្យមើល​ឧបករណ៍​នេសាទ ព្រោះ​ប្រជា​នេសាទ​រាល់ថ្ងៃ​គាត់​មិនដឹងថា ឧបករណ៍​ណា​ត្រូវ​ច្បាប់ និង​ឧបករណ៍​ណា​ខុសច្បាប់​នោះ​ទេ សូម​ជួយ​ណែនាំ​ពួកគាត់ ដើម្បី​ឲ្យ​ពួក​កាត់​ធ្វើការ​នេសាទ​ដោយ​ស្របច្បាប់។ ប្រសិនបើ​ពួកគាត់​នេសាទ​មិន​អាច​ចិញ្ចឹមជីវិត​រស់​ទេ សុំ​ឲ្យ​លោក​មេឃុំ​រាយការណ៍​មក ដើម្បី​យើង​រក​ការងារ​ផ្សេង​ឲ្យ​ពួក​គាត់​រស់​បាន នៅ​ពេល​មិនដែល​បាន​ហាមឃាត់​ប្រើប្រាស់​នូវ​ឧបករណ៍​ខុសច្បាប់ ដោយ​មិន​ទុក​ឲ្យ​គាត់​ដាច់​បាយ​នោះ​ទេ យើង​នៅ​មាន​ការងារ​ជាច្រើន​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កែវ​ផុស។


លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ឯកឧត្ដម​បណ្ឌិត ម៉ុង ឬ​ទ្ធី និង​លោកជំទាវ ដែល​បាន​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​កែវ​ផុស​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​ដែល​មាន​ជំនាញ​ខាង​កម្មករ​ឲ្យ​ទៅ​ធ្វើ​កម្មករ អ្នកចេះ​នេសាទ​ឲ្យ​ទៅ​ធ្វើ​ការ​នេសាទ។ ហើយ​ការ​ដាំ​កូន​កោង​កាង​នា​ពេល​នេះ គឺជា​ការសាងសង់​នូវ​មន្ទីរសម្ភព​របស់​មច្ឆា​ជាតិ មួយ​យ៉ាង​សំខាន់​ណាស់ ព្រោះ​ព្រៃ​កោងកាង​គឺជា​ទីកន្លែង​កកើត​ពង​កូន​របស់​មច្ឆា​ជាតិ​គ្រប់​ប្រភេទ ដូច្នេះ​មាន​មន្ទីរសម្ភព នឹង​មានការ​កើតកូន ហើយ​អត្រា​រស់រាន​បាន​កាន់​តែ​ច្រើន​ថែមទៀត។ រដ្ឋបាល​ជលផល​មានការ​គាំទ្រ​ពី​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត និង​មានការ​ចង្អុលបង្ហាញ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

គួរ​បញ្ជាក់​ថា ក្រៅពី​ការ​ដាំ​កូន​កោង​កាង ឯកឧត្ដម​បណ្ឌិត​ ម៉ុង ឬ​ទ្ធី បាន​ធ្វើ​ការ​ដាំ​កូន​គ្រប់​បែក​ចំនួន​១០.០០០​ដើម លើ​ផ្ទៃដី​ចំនួន​៥​ហិកតា នៅ​ឃុំ​កែវផុស​ផង​ដែរ៕
Pisey-2015-09-26-full-L90


Pisey-2015-09-26-full-L91


Pisey-2015-09-26-full-L93


Pisey-2015-09-26-full-L95


Pisey-2015-09-26-full-L97


Pisey-2015-09-26-full-L98


Pisey-2015-09-26-full-L100




កូន​កោង​កាង​ចំនួន​១០.០០០​ដើម ត្រូវ​បាន​ដាំ​ដុះ​នៅ​ឃុំ​កែវ​ផុស

Post a Comment

0 Comments

Close Menu