Ad Code

កូន​ត្រី​ឆ្ដោរ​ចិញ្ចឹម​ខុសច្បាប់​​ជាង​២​ម៉ឺន​ក្បាល​ ត្រូវ​បាន​បង្ក្រាប​នៅ​ស្រុក​ជលគីរី

កំពង់ឆ្នាំង ​៖​ អនុវត្តន៍​នូវ​វិធានការ​​ការពារ​ធនធាន​ជលផល​ជាតិ​ និង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​លិខិត​ជូនដំណឹង​លេខ​៥៩៦៧ កសក របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ ស្តីពី​ការ​រំលឹក​ការ​បញ្ឈប់​សកម្មភាព​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ និង​ត្រី​រ៉ស់ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ​ លោក​ចេង ញ៉ាន់ អភិបាល​រង​ខេត្ត និង​លោក​សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ចំនួន​៧​កន្លែង និង​កូន​ត្រី​ឆ្ដោរ​២​ម៉ឺន​៥​ពាន់​កូន​ត្រូវ​បាន​សម្លាប់។


កិច្ច​ប្រតិបត្តិការ​​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសា​ ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ដែល​មាន​ការចូលរួម​ពី​លោក​សំ សត្យា អនុប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​វិវាទ​ជា​តំណាង​រដ្ឋបាល​ជលផល និង​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ។


នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ពី​ម៉ោង​៨​និង​០៥​នាទី​ព្រឹក​រហូតដល់​ម៉ោង​១​រសៀល​ លោក​អភិបាលរង​ខេត្ត​បាន​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​, កម្លាំង​នគរបាល​ខេត្ត​,​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​​ និង​អាជ្ញាធរ​ឃុំ​ស្រុក សរុប​ចំនួន​៣២​នាក់​ចុះ​កៀរ​យក​កូន​ត្រី​ឆ្តោ​ពី​ក្នុង​ស្រះ​ទាំង​៧​កន្លែង ដោយ​ប្រមូល​បាន​កូន​ត្រី​ឆ្ដោរ​ប្រមាណ​ជាង​២​ម៉ឺន​ក្បាល យក​មក​សម្លាប់ ​និង​ប្រគល់ ត្រី​ងាប់​ទាំងនោះ​ឲ្យ​ម្ចាស់​ដើម​វិញ។


លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ថ្ងៃនេះ​អាជ្ញាធរ​ខេត្ត​ស្រុក​ឃុំ រួម​នឹង​សមត្ថកិច្ច​ចម្រុះ​ បាន​បង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ឆ្ដោរ​៧​កន្លែង ដោយឡែក​ស្រះ​ដទៃ​ទៀត​ដែល​នៅ​សេសសល់ សមត្ថកិច្ច​ចម្រុះ​នឹង​បន្ត​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​លុបបំបាត់​ឲ្យ​អស់​នូវ​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ និង​ត្រី​រ៉ស់ ព្រោះ​ត្រី​ទាំង​២​ប្រភេទ​នេះ​ ដែល​ជា​ត្រី​ស៊ីសាច់​ត្រី​ជា​អាហារ គឺ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ណាស់​ដល់​ធនធាន​ជលផល​ធម្មជាតិ​របស់​យើង នៅ​ពេល​ម្ចាស់​ស្រះ​ត្រី​ទាំងនោះ​ស្វែងរក​ចំណី​ផ្ដល់​ឲ្យ​វា។ លោក​និយាយ​ទៀត​ថា​​ ប្រជាពលរដ្ឋ​គួរតែ​បង្វែរ​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ និង​ត្រី​រ៉ស់ មក​ចិញ្ចឹម​ប្រភេទ​ត្រី​ណា​ដែល​មិន​មាន​ផល​ប៉ះពាល់​ដល់​ធនធាន​ជលផល​ជាតិ​របស់​យើង​ ព្រោះ​ការចិញ្ចឹម​ត្រី​ឆ្ដោរ និង​ត្រី​រ៉ស់ គឺមាន​ការចំណាយ​ទុន​ធំ ហើយ​មិនមាន​ផលចំណេញ​នោះទេ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​របស់​អ្នក​ជំនាញ​រដ្ឋបាល​ជលផល តែ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​តែងតែ​ជឿ​តាម​ឃោសនា​របស់​ឈ្មួញ​ជា​អ្នកលក់​កូន​ត្រី​ឆ្ដោរ។


ក្នុងឱកាស​នោះ​លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បានធ្វើការ​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ថា​ ការចិញ្ចឹម​ត្រី​ឆ្ដោរ និង​ត្រី​រ៉ស់​នេះ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ធនធាន​ជលផល​ជាតិ​ទើប​ច្បាប់​មិនឲ្យ​ចិញ្ចឹម និង​មួយ​ផ្នែក​ទៀត​ប៉ះពាល់​ដល់​ជីវភាព​បងប្អូន​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ព្រោះថា​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ និង​ត្រី​រ៉ស់​ត្រូវការ​ចំណី ដែល​ជា​កូន​ត្រី​គ្រប់​ប្រភេទ​ពី​ជនខិលខូច​មួយ​ចំនួន​ដែល​ដាក់​បទល្មើស​តាម​បឹង​ទន្លេ​យកមក​លក់។ នៅពេល​អស់​កូន​ត្រី​គ្រប់​ប្រភេទ ថា​តើ​ប្រជា​នេសាទ​រាប់ពាន់​គ្រួសារ គាត់​មាន​អ្វី​ចិញ្ចឹមជីវិត។


លោក​អភិបាលរង​ខេត្ត បានដាក់​គោលការឲ្យ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ចុះ​ផ្សព្វផ្សាយ​អោយ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ ត្រី​រ៉ស់ ដែល​នៅ​សេសសល់​ទាំងអស់ ឲ្យ​ស្ម័គ្រចិត្ត​បញ្ឈប់​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ និង​ត្រី​រ៉ស់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ខាតបង់​លុយកាក់​របស់​គាត់​បន្តទៀត។


ក្រោយពី​លោក​អភិបាលរង​ខេត្ត​បាន​ណែនាំ​រួចមក ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រះ​ទាំង​៧​កន្លែង​ដែល​សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប បាន​សំណូមពរ​ដល់​លោក​អភិបាលរង​ខេត្ត និង​សមត្ថកិច្ច​ចម្រុះ​ទាំងអស់​ជួយ​ធ្វើការ​បង្ក្រាប​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ ត្រី​រ៉ស់​ទាំងអស់​ ឲ្យ​បាន​គ្រប់គ្នា កុំ​ឲ្យ​បង្ក្រាប​មួយ​ទុក​មួយ នោះ​គឺ​មិន​យុត្តិធម៌​ឡើយ។


អ្នក​ចិញ្ចឹម​ត្រី​ខុសច្បាប់​ទាំង​៧​កន្លែង ត្រូវបាន​សមត្ថកិច្ច​ជំនាញ ហៅ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​ជា​បន្ត​ទៀត តែ​បើ​ថ្ងៃក្រោយ​នៅតែ​ចិញ្ចឹម ខណ្ឌ​រដ្ឋបាល​ជលផល​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ស្ដីពី​ជលផល​មិន​លើកលែង​ឡើយ៕


M18-09-15-a1


M18-09-15-a


M18-09-15-a2




កូន​ត្រី​ឆ្ដោរ​ចិញ្ចឹម​ខុសច្បាប់​​ជាង​២​ម៉ឺន​ក្បាល​ ត្រូវ​បាន​បង្ក្រាប​នៅ​ស្រុក​ជលគីរី

Post a Comment

0 Comments

Close Menu