ភ្នំពេញ ៖ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពី រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥បានអនុញ្ញាតឲ្យក្រុមអ្នកបញ្ជាទិញនៃម៉ាកល្បីៗមកពី ACT គ្រុប និង IndustriALL Global Union ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។
ក្នុងនាមរាជរដ្ឋាភិបាលលោកអ៊ិត សំហេងបានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគរបស់ក្រុមហ៊ុនម៉ាកល្បីៗរបស់ពិភពលោកនៃACT គ្រុប ថាជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មផែ្នកវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា រយៈពេលពេលជាង១០ឆ្នាំចុងក្រោយនេះ កម្ពុជាមានការរីកចម្រើនផ្នែកឧស្សាហកម្មយ៉ាងឆាប់រហ័សពិសេសក្រោយឆ្នាំ១៩៩៨ “យើងចាប់ផ្តើមពី ៤ ឬ៥រោងចក្រ ហើយការនាំចេញមានតម្លៃត្រឹមតែ ៤ឬ៥លានដុល្លាអាមេរិកតែប៉ុណ្ណោះ។ តែបច្ចុប្បន្នកម្ពុជាមានរោងចក្រជាង១០០០ ហើយការនាំចេញមានតម្លៃរហូតដល់ ៦០០០ លានដុល្លាអាមេរិក”។
ពេលនោះឱកាសការងារបានតែ ២ឬ៣ម៉ឺននាក់ តែបច្ចុប្បន្នរហូតដល់ជាង៧០ម៉ឺននាក់ នេះតែក្នុងផ្នែនវាយនភ័ណ្ឌកាត់ដេរ និងកម្មន្តសាល។ បើនិយាយអំពីសេរីភាពសហជីព ពីមុននៅកម្ពុជាមានតែ ១ឬ២សហជីពទេ តែបច្ចុប្បន្នមានដល់ទៅជាង ៣០០០សហជីព។ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយកំណើនជាមធ្យម៧%។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) ចំនួន ១៣ ដែលមានអនុសញ្ញាស្នូលចំនួន៥ បានផ្តល់សច្ចាប័នក្រោយឆ្នាំ១៩៩៨។ លើសពីនេះ កម្ពុជាមានការព្រមព្រៀងអនុវត្តគម្រោងរោងចក្រកាន់តែប្រសើររបស់អង្គការILO (ILO/BFC)។ “ទាំងអស់នេះ វាមិនមែនជារឿងចៃដន្យទេពោលគឺរាជរដ្ឋាភិបាលកម្ពុជាយើង មានគោលនយោបាយច្បាស់លាស់ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាប្រភពផលិតទំនិញនាំចេញមួយប្រកបដោយគុណភាព ភាពស្អាតស្អំ និងការគោរពសិទ្ធិកម្មករនិយោជិតក៏ដូចជា ការបង្កបរិយាកាសឲ្យមានភាពងាយស្រួលដល់អ្នកវិនិយោគផងដែរ” ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់។
កម្ពុជាជាប្រទេសដំបូងបង្អស់ក្នុងតំបន់ដែលបានបង្ហាញដល់ពិភពលោកពីការប្ដេជ្ញាក្នុងការផ្លាស់ប្ដូររបស់ខ្លួនលើវិស័យឧស្សាហកម្មកាត់ដេរ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយផ្សារភ្ជាប់នឹងលក្ខខណ្ឌការងារជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៩។
លោករដ្ឋមន្ត្រីបានលើកឡើងថា នឹងបន្តលើពីដំណើរការនៃការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជារបស់គណៈកម្មការប្រឹក្សាការងារ ក្រោមជំនួយបច្ចេកទេសពីអង្គការILO។ ការកំណត់នេះធ្វើឡើងជាលក្ខណៈត្រីភាគី មានរូបមន្ត និងយន្តការច្បាស់លាស់ផ្នែកលើកត្តាសេដ្ឋកិច្ច និងសង្គម។គណៈកម្មការប្រឹក្សាការងារក៏បានបង្កើតឲ្យមានយន្តការសិក្សាស្រាវជ្រាវអំពីប្រាក់ឈ្នួលត្រីភាគី ដែលមានសមាសភាព៩រូបស្មើគ្នាក្នុងឆ្នាំកន្លងមក ហើយការកំណត់ប្រាក់ឈ្នួលនេះក៏មានកាលកំណត់ជាក់លាក់គឺ សម្រាប់ត្រីមាសទី៣ជារយៈពេលនៃការពិភាក្សា រីឯដើមត្រីមាសទី៤ ជាពេលសម្រេចនៃការដំឡើងប្រាក់ឈ្នួល ហើយប្រាក់ឈ្នួលនឹងត្រូវប្រកាសដាក់ឲ្យអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំបន្ទាប់។ ឆ្នាំកន្លងមកយើងសម្រេចដមឡើងប្រាក់ឈ្នួល ២៨% គឺកើនឡើងពី១០០ ដុល្លារ ទៅ១២៨ដុល្លារ។ ពិតណាស់ដែលចំនួននេះមិនត្រូវបានការពេញចិត្ត ដោយខាងសហជីពគិតថា តិច រីឯខាងនិយោជក គិតថាច្រើន។ ប៉ុន្តែលោកមានក្តីរីករាយដែលគេឈប់មានជម្លោះនឹងគ្នា។ ក្នុងនាមរាជរដ្ឋាភិបាលលោកអ៊ិត សំហេង សូមអរគុណដល់អ្នកវិនិយោគ និងអ្នកបញ្ជាទិញដែលនៅតែផ្តល់ការសហការវិនិយោគ និងបញ្ជាទិញពីកម្ពុជា ជាបទពិសោធន៍ពីឆ្នាំចាស់ ប្រាក់ឈ្នួលឆ្នាំ២១០៦ កំពុងចាប់ដំណើរការ។
លោករដ្ឋមន្ត្រីជឿជាក់ថា បច្ចុប្បន្នគ្រប់ភាគីគឺមានគោលជំហរអំពីប្រាក់ឈ្នួលរៀងៗខ្លួន ហើយក្រសួងក៏ទើបតែបានរៀបចំសិក្ខាសាលាត្រីភាគីក្រោមជំនួយបច្ចេកទេសពីILO ដើម្បីបង្ហាញអំពីការរកឃើញប្រាក់ឈ្នួលឆ្នាំ២០១៦ រួចហើយ។ នៅថ្ងៃទី២៥ខាងមុខនេះ នឹងមានការប្រជុំគណៈកម្មការប្រឹក្សាការងារ។ ការប្រជុំនេះ មិនមែនជាការកំណត់អំពីប្រាក់ឈ្នួលទេ តែគ្រាន់តែដើម្បីកំណត់ពីយន្តការតែប៉ុណ្ណោះ។
សម្រាប់សេចក្តីព្រាងច្បាប់សហជីព ក្រសួងបានទទួលយកគំនិតយោបល់ពីគ្រប់ភាគី ដែលបានផ្ញើមកឲ្យជាធាតុចូលមានខាងសហជីព និយោជក អង្គការILO និងសហជីពអន្តរជាតិ ជាដើម។
ក្រុមអ្នកបញ្ជាទិញបានលើកឡើងថា ACT គ្រុបដែលមានសមាជិកជាក្រុមហ៊ុនលក់រាយចំនួន ១៤ ភាគច្រើននៅអឺរ៉ុប និងមានទំនាក់ទំនងជិតស្និទ្ធជាមួយIndustriALL Global Unionពិតជាមានការសាទរជាមួយយន្តការនៃការដំឡើងប្រាក់ឈ្នួលអប្បបរមានរបស់កម្ពុជា។ ប្រតិភូនៃអ្នកបញ្ជាទិញទទួលស្គាល់ថា ការដំឡើងប្រាក់ឈ្នួលពិតជាមានការលំបាកខ្លាំងណាស់សម្រាប់រដ្ឋាភិបាល “សហជីពចង់បានច្រើន ឯនិយោជកចង់ឲ្យតិច” បើដំឡើងតិចក៏ពិបាកសម្រាប់ការរស់នៅ តែបើច្រើនពេកមុខជាឡែកមានអ្នកមកវិនិយោគមិនខាន។
ក្រុមអ្នកបញ្ជាទិញបានបន្តថា ម៉ាកសញ្ញា និងអ្នកលក់រាយទទួលស្គាល់ជាយូរមកហើយនូវសារៈសំខាន់នៃការធានានូវលក្ខខណ្ឌសមរម្យសម្រាប់កម្មករក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលរបស់ខ្លួន។ ប្រតិភូបានបន្តថា ដោយពិនិត្យឃើញនូវអត្ថប្រយោជន៍នៃវិធីសាស្ត្ររួបរួមគ្នា និងវិធីសាស្ត្ររួមមួយ អ្នកលក់រាយ និងម៉ាកសញ្ញាទាំងឡាយបានជួបជុំគ្នាដើម្បីបង្កើតគោលការណ៍ផ្តល់សិទ្ធិអំណាច។ គោលការណ៍នេះមានបំណងស្រាយបំភ្លឺឲ្យបានច្បាប់លាស់អំពីទស្សនាទាន តួនាទី និងទំនួលខុសត្រូវរបស់គ្រប់ភាគី ដើម្បីសម្រេចបាននូវប្រាក់ឈ្នួលមួយដែលបំពេញនូវតម្រូវការមូលដ្ឋានរបស់កម្មករ និងការចរចាមួយតាមរយៈដំណើរការក៏សមស្របដូចការលើកឡើងពីខាងដើម។
ប្រតិភូអ្នកបញ្ជាទិញបានបញ្ជក់ថា ក្នុងនាមជាហត្ថលេខីនៃគោលការណ៍ផ្តល់សិទ្ធអំណាច យើងយល់ព្រមធ្វើការងារប្រកបដោយតម្លាភាពកិច្ចសហប្រតិបត្តិការ និងដោយសុទ្ធចិត្ត ដើម្បីធានាថា កាតព្វកិច្ចចំពោះគ្នាទៅវិញទៅមកនិងគោលការណ៍ផ្តល់សិទ្ធិអំណាចដែលបានកំណត់ត្រូវបានបំពេញតាម៕
រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយក្រុមអ្នកបញ្ជាទិញ
0 Comments