កណ្ដាល ៖ តៃកុងរថយន្តក្រុង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់យ៉ាងអាណោចអាធ័មនៅលើកំណាត់ផ្លូវជាតិលេខ៦ចន្លោះស្ពានលេខ23-24ត្រង់ចំណុចភូមិកំពង់ប្រាសាទឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥នោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលលោកងួន វុទ្ធីសម្រេចធ្វើការឃុំខ្លួនហើយកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីមានពាក្យលេចឮមានអ្នករត់ការឲ្យតៃកុងឡាននេះរួចពីបណ្ដឹងអាជ្ញា ព្រោះសំអាងថាបានសងសំណងដល់ក្រុមគ្រួសារអ្នកស្លាប់ចំនួន៤ពាន់ដុល្លាររួចហើយ។
មន្ត្រីអនុរក្សពន្ធនាគារខេត្តកណ្ដាលថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះថានគរបាលចរាចរណ៍ខេត្តបាននាំខ្លួនឈ្មោះសំ សុខុម ភេទប្រុស អាយុ៤៩ឆ្នាំរស់នៅភូមិបឹងដូនប៉ា ឃុំស្លក្រោម ក្រុងសៀមរាប ខេត្តសៀមរាបមកកាន់មន្ទីរពន្ធនាគារខេត្តកណ្ដាលនៅម៉ោង៥ល្ងាចដោយមានដីកាបង្គាប់ឲ្យធ្វើការឃុំខ្លួនចុះហត្ថលេខាដោយលោកងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល។
មន្ត្រីតុលាការបានប្រាប់ឲ្យដឹងថា ដីកាលេខ2113ដ ក ប ឃ ខ របស់លោកចៅក្រមងួន វុទ្ធីចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ បានបង្គាប់ឲ្យធ្វើការឃុំខ្លួនឈ្មោះសំ សុខុម ភេទប្រុសអាយុ៤៩ឆ្នាំមានទីលំនៅភូមិបឹងដូនប៉ា ឃុំស្លក្រោម ក្រុងសៀមរាប ខេត្តសៀមរាបពីបទបើកបរដោយធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្ដាលឲ្យស្លាប់អ្នកដទៃប្រព្រឹត្តឡើងនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥តាមមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្នដើម្បីបើកការស៊ើបអង្កេតឈានទៅជំនុំជម្រះទោស។
សូមបញ្ជាក់ថា កាលពីម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ម៉ូតូមួយគ្រឿងម៉ាកហុងដា(គុបជ្រុង)C90 ពណ៌ទឹកប៊ិចគ្មានស្លាកលេខបើកបរដោយឈ្មោះនួនស្រឿន ភេទប្រុសអាយុ៤៣ឆ្នាំមានទីលំនៅភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ដោយមានឌុបប្រពន្ធពីក្រោយឈ្មោះពេជ្រសំបូរអាយុ៤៧ឆ្នាំមានទីលំនៅជាមួយគ្នា ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងបណ្ដាលឲ្យរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស (ដឹកអ្នកដំណើរធុនធំ)ពាក់ស្លាកលេខសៀមរាប3A0928បើកបរដោយឈ្មោះ សំសុខុមភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិបឹងដូនប៉ា ឃុំស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប ធ្វើដំណើរពីត្បូងទៅជើង (ស្របទិសគ្នា) ហើយបានមកបុកម៉ូតូ ដែលបត់ខាងលើបណ្ដាលឲ្យស្លាប់អ្នកជិះម៉ូតូទាំងពីរនាក់នៅកន្លែងកើតហេតុ ហើយភ្លាមៗសមត្ថកិច្ចនគរបាលស្រុកមុខកំពូលបានឃាត់ខ្លួនតៃកុងរថយន្តបង្កនោះអនុវត្តតាមនីតិវិធីច្បាប់។ តែក្នុងដំណាក់កាលនៅក្នុងដៃសមត្ថកិច្ចនគរបាល ក្រុមគ្រួសារជនរងគ្រោះទទួលយកសំណងចំនួន៤ពាន់ដុល្លារពីជនបង្កដើម្បីរៀបចំធ្វើបុណ្យឲ្យជនរងគ្រោះ៕
ឃុំខ្លួនតៃកុងឡាន ដែលបើករថយន្តក្រុងបុកម៉ូតូប្ដីប្រពន្ធពីរនាក់ស្លាប់យ៉ាងអាណោចអាធ័ម
0 Comments