Ad Code

កូរ៉េខាងជើង​នឹង​បាញ់​ផ្កាយរណប​ដើម្បី​ប្រារព្ធ​ខួប​គណបក្ស​

កូរ៉េខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​នៅ​លើ​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​ប្រារព្ធ​ខួប​របស់​គណបក្សកុម្មុយនិស្ត​ដែល​កំពុង​កាន់​អំណាច​នៅ​ខែក្រោយ​នេះ​ដែល​ការ​ធ្វើ​បែបនេះ​ត្រូវ​បាន​គេ​រំពឹង​ថា គឺជា​សារ​គំរាម​មួយ​ផ្ញើ​ទៅ​ឲ្យ​គូស​ត្រូវ​កូរ៉េខាងត្បូង​និងសហរដ្ឋអាមេរិក​។​



នាយក​នៃ​ការគ្រប់គ្រង​ការ​អភិវឌ្ឍ​អវកាស​ជាតិ​បាន​និយាយ​ថា កូរ៉េខាងជើង​កំពុង​បង្កើត “​សមិទ្ធផល​ដ៏​ត្រចះត្រចង់​” នៅក្នុង​វិស័យ​អភិវឌ្ឍន៍​អវកាស​នៅមុន​ថ្ងៃ​នៃ​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​បក្ស​ពលករ​។​ នាយក​ដដែល​បាន​និយាយ​ថា អ្នកវិទ្យាសាស្ត្រ​ និង​អ្នកបច្ចេកទេស​កំពុង​ជំរុញ​ឆ្ពោះទៅ​ដំណាក់កាល​អភិវឌ្ឍន៍​ចុងក្រោយ​សម្រាប់​ផ្កាយរណប​សង្កេតមើល​ផែនដី​ថ្មី​នេះ​ដើម្បី​ទុកជា​ការ​ព្យាករ​អាកាសធាតុ​។​



នាយក​រូប​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Korean Central ថា “​ការអភិវឌ្ឍន៍​លំហ​អាកាស​សម្រាប់​គោលបំណង​សន្តិភាព​គឺជា​សិទ្ធិ​ស្របច្បាប់​ហើយ​ប្រជាជន​កូរ៉េខាងជើង​បាន​តាំង​ចិត្ដ​យ៉ាង​ពេញលេញ​ដើម្បី​អនុវត្ត​សិទ្ធិ​នេះ​”​។​



ការ​បាញ់​បង្ហោះ​នេះ​នឹង​ក្លាយជា​ការ​ប្រឈមមុខ​ដាក់​គ្នា​ជា​អន្តរជាតិ​ជាមួយនឹង​ទីក្រុង​សេ​អ៊ូ​ល​និង​វ៉ាស៊ីនតោន​ព្រមទាំង​ប្រទេសជិតខាង​ផ្សេងទៀត​ផង​ដែរ ​ដែល​បាន​ថ្កោលទោស​ចំពោះ​ការ​បាញ់​បង្ហោះ​នា​ពេល​កន្លងមក​ថា ​ជា​ការ​បន្លំ​ធ្វើតេស្ត​បច្ចេកវិទ្យា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង​។​



ជាមួយគ្នា​នោះ​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ការ​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​គឺជា​ការ​រំលោភបំពាន​យ៉ាង “​ធ្ងន់ធ្ងរ​” ដល់​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​។​



បន្ទាប់ពី​ការ​បរាជ័យ​ជាច្រើនលើក ប្រទេស​កូរ៉េខាងជើង​បាន​ដាក់​ផ្កាយរណប​របស់​ខ្លួន​លើកដំបូង​ចូល​ទៅ​ក្នុង​លំហ​ជាមួយ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ចុងឆ្នាំ​២០១២​។​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ខ្លួន​បាន​ហាមឃាត់​ការ​ធ្វើ​តេស្ដ​ចំពោះ​បច្ចេកវិទ្យា​មីស៊ីល​ឆ្លង​ទ្វីប​ព្រមទាំង​បាន​ដាក់​ទណ្ឌកម្ម​។​

​ ដោយសារ​តែ​មាន​ការ​ខឹង​សម្បារ​កូរ៉េខាងជើង​បាន​ធ្វើកា​រសាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​បី​របស់​ខ្លួន​នៅក្នុង​ខែកុម្ភៈ​ ឆ្នាំ ២០១៣ ដែល​បាន​ធ្វើ​ឲ្យ​មានការ​ថ្កោលទោស​កាន់​តែ​ខ្លាំង​និង​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​តឹងរ៉ឹង​ពី​សំណាក់​អន្តរជាតិ​។​



ទីក្រុង​វ៉ាស៊ីនតោន​បាន​យល់​ឃើញ​ថា ការ​ខិតខំ​ប្រឹងប្រែង​នៃ​អាវុធ​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​គឺជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ពិភពលោក​មួយ​ និង​សម្ព័ន្ធមិត្ត​អាស៊ី​របស់​ខ្លួន​ដូចជា ​ជប៉ុន​និង​កូរ៉េខាងត្បូង​។​



គួរ​បញ្ជាក់​ថា សេចក្តី​ប្រកាស​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ពី​សញ្ញា​ចុង​ក្រោយ​នៃ​ការសង្ស័យ​អំពី​ការកាត់បន្ថយ​ការ​ស្អប់​គ្នា​រវាង​កូរ៉េ​ទាំងពីរ​ដែល​បាន​ព្រមព្រៀងគ្នា​រៀបចំ​ការ​ជួប​ជុំគ្នា​វិញ ​ចំពោះ​គ្រួសារ​ដែល​បំបែក​ដោយ​សង្គ្រាម​នៅ​ខែក្រោយ​។ កូរ៉េ​ទាំងពីរ​ធ្លាប់​បាន​គំរាម​កំហែង​គ្នា​ដោយ​សង្គ្រាម​នៅក្នុង​ខែសីហា​ដោយសារ​ការ​ផ្ទុះ​មីន​ដែល​ត្រូវ​បាន​បន្ទោស​ទៅលើ​ទីក្រុង​ព្យុងយ៉ាង​ដែល​បាន​បណ្ដាល​ឲ្យ​ពិការ​ទាហាន​កូរ៉េខាងត្បូង​ចំនួន​ពីរ​នាក់​៕


AP




កូរ៉េខាងជើង​នឹង​បាញ់​ផ្កាយរណប​ដើម្បី​ប្រារព្ធ​ខួប​គណបក្ស​

Post a Comment

0 Comments

Close Menu