Ad Code

រថយន្ត​សង្គ្រោះ​បើក​លឿន​ធ្លាក់​ផ្លូវ​ រង​របួស​ទាំង​អ្នក​ជំងឺ និង​អ្នក​កំដរ​

កំពង់ស្ពឺ ៖ រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ជា​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ដឹក​មនុស្ស​ទៅ​សង្គ្រោះ​ រួច​បាន​បើក​លឿន​ជ្រុល​វ៉ា​កុងតឺន័រ បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​រង​របួស​ ទាំង​អ្នករបួស​ស្រាប់ ​និង​អ្នក​កំដរ ​ព្រមទាំង​អ្នកបើកបរ​ថែម​៤​នាក់​ទៀត ​សរុប​០៦​នាក់​ត្រូវ​សង្គ្រោះ​ទាំងអស់។


ករណី​នេះ​បាន​កើត​ឡើង​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​០០​និង​៣០​នាទី លើ​ផ្លូវ​ជាតិ​លេខ៤ គីឡូម៉ែត្រ​៩០-៩១ ចំណុច​ថ្លុក​ត្រសេក ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ ខណៈ​រថយន្ត​សង្គ្រោះ​បាន​បើក​វ៉ា​ជែង​ជាមួយ​ឡាន​កុងតឺន័រ ​រួច​បាន​រេ​ចង្កូត​បុក​គល់ឈើ​ក្រឡាប់។ រថយន្ត​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ពាក់​ស្លាក​លេខ​រដ្ឋ​12 2.0912។


តាម​សមត្ថកិច្ច​នៅ​គោលដៅ​ខាងលើ​បាន​ឲ្យ​ដឹង​ថា រថយន្ត​នោះ​ជិះ​គ្នា​៦​នាក់ ក្នុង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​អ្នកជំងឺ​ស្រាប់​២​នាក់ និង​អ្នក​រួម​ដំណើរ​៤​នាក់។

សាក្សី​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊ីរ៉ែន​នេះ​បាន​បើក​ពី​ទិសដៅ​ពី​លិច​ទៅ​កើត ដល់​ចំណុច​ខាងលើ បាន​វ៉ា​រថយន្ត​កុងតឺន័រ​១​គ្រឿង រួច​ជ្រុល​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​ដើមឈើ បណ្ដាល​ឲ្យ​រង​របួស​ទាំង​អស់​គ្នា ​ក្នុង​នោះ​មាន​ម្នាក់​ធ្ងន់​ជាងគេ។​


តាម​ការ​សន្និដ្ឋាន​ និង​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ​អ្នក​បើក​រថយន្ត​ពេទ្យ​ហាក់​បើកបរ​ក្នុង​ស្ថានភាព​ប្រថុយប្រថាន ​ខណៈ​មេឃ​កំពុង​ភ្លៀង​បណ្ដាល​ឲ្យ​ឡាន​រអិល​បង្ក​ការ​គ្រោះថ្នាក់​បែបនេះ។ នេះ​ជា​ទង្វើ​មិន​សមរម្យ ពីព្រោះ​អាច​បង្ក​ដល់​មនុស្ស​ដែល​កំពុង​ធ្វើដំណើរ​ផ្សេងទៀត។ ដូច្នេះ​ទាមទារ​ឲ្យ​អង្គភាព​រថយន្ត​ពេទ្យ​ដាក់​បទ​បញ្ជា​ឲ្យ​បាន​តឹងរ៉ឹង​ជាង​នេះ ​ដោយសារ​កន្លង​មក​ក៏​មាន​រថយន្ត​ប្រភេទ​នេះ​បុក​រះ​ម៉ូតូ​ និង​មនុស្ស​ជា​ច្រើន​ផង​ដែរ៕​
Pisey-2015-09-16-full-k71


Pisey-2015-09-16-full-k79



រថយន្ត​សង្គ្រោះ​បើក​លឿន​ធ្លាក់​ផ្លូវ​ រង​របួស​ទាំង​អ្នក​ជំងឺ និង​អ្នក​កំដរ​

Post a Comment

0 Comments

Close Menu