រដ្ឋាភិបាលនៃក្រុង New Delhi ប្រទេសឥណ្ឌា បានចេញបទបញ្ជាកាលពីថ្ងៃចន្ទកន្លងទៅនេះឲ្យបន្ថែមគ្រែពេទ្យដល់ទៅ១,០០០គ្រែថែមទៀត នៅក្នុងមន្ទីរពេទ្យនានា ដើម្បីព្យាបាលករណីជំងឺគ្រុនឈាម ខណៈពេលដែលរដ្ឋធានីនេះកាន់តែទទួលរងការកើតមានជំងឺដែលបង្កឡើងដោយសត្វមូសកាន់តែធ្ងន់ថែមឡើង ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ។
រដ្ឋាភិបាលត្រូវបានជំរុញឲ្យបញ្ចេញសកម្ម ភាព បន្ទាប់ពីករណីមានការធ្វើអត្ដឃាតរបស់ប្ដីប្រពន្ធពីរនាក់ ដែលកូនប្រុសរបស់ពួកគេម្នាក់អាយុ៧ឆ្នាំបានស្លាប់ ដោយសារគ្រុនឈាម គឺបន្ទាប់ពីប្ដីប្រពន្ធនោះ រងការបដិសេធមិនទទួលយកការព្យាបាលក្មេងនោះនៅឯមន្ទីរពេទ្យមួយចំនួនក្នុងក្រុង Delhi។
ក្រុមមន្ដ្រីពេទ្យបាននិយាយថា នៅឆ្នាំនេះ (២០១៥) មានចំនួនដល់ទៅ១,៧១៤ករណីនៃជំងឺគ្រុនឈាមទៅហើយ ភាគច្រើនបំផុតនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ បើប្រៀបធៀបទៅនឹងទូទាំងឆ្នាំ២០១០វិញ គឺមានត្រឹមតែ១,៦៩៥ករណីតែប៉ុណ្ណោះទេ។
ជំងឺគ្រុនឈាម ត្រូវបានគេស្គាល់ផងដែរថា ជាជំងឺ Breakbone disease នោះ នៅពុំទាន់មានវ៉ាក់សាំងសម្រាប់បង្ការ ឬព្យាបាលឲ្យបានសះស្បើយបានឡើយ។ ក្ដីបារម្ភកើតមានចំពោះពលរដ្ឋនៃក្រុង Delhi នៅពេលដែលរដូវភ្លៀងបានឈានមកដល់ហើយនោះ។
ការយកចិត្ដទុកដាក់របស់រដ្ឋាភិបាលនៅពេលនេះកើតមានឡើង បន្ទាប់ពីកើតមានភាពស្រឡាំងកាំង ដោយសារតែប្ដីប្រពន្ធមួយគូបានលោតសម្លាប់ខ្លួនដោយអត្ដឃាតពីអគារមួយដែលមានកម្ពស់៤ជាន់ នៅក្រុងញូវដែល្លី កាលពីសប្ដាហ៍មុន គឺរយៈពេល២ថ្ងៃ បន្ទាប់ពីកូនប្រុសរបស់ពួកគេបានបាត់បង់ជីវិតទៅដោយសារតែជំងឺគ្រុនឈាម។
រដ្ឋាភិបាលបានចេញបញ្ជាឲ្យបើកការស៊ើបអង្កេតចំពោះសោកនាដកម្មតាមរយៈរបាយការណ៍របស់បណ្ដាញផ្សព្វផ្សាយកាលពីថ្ងៃចុងសប្ដាហ៍កន្លងមកដែលថា ក្មេងប្រុសនោះត្រូវបានបដិសេធដោយឲ្យចាកចេញពីមន្ទីរពេទ្យឯកជនមួយចំនួន ដោយមិនព្រមជួយព្យាបាលសង្គ្រោះ បណ្ដាលឲ្យកើតមានការប្រឆាំងជំទាស់ជាសាធារណៈ។
គួររំលឹកថា វីរុសនៃជំងឺគ្រុនឈាមនេះត្រូវបានរកឃើញជាលើកដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ នៅប្រទេសហ្វីលីពីន និងថៃឡង់ដ៍វាបានបង្កឲ្យឆ្លងរាលដាលដល់មនុស្សដល់ទៅប្រមាណ២លាននាក់នៅទូទាំងពិភពលោកជាប្រចាំឆ្នាំ ជាមួយនឹងចំនួននៃករណីបានកើនឡើងលើសពី៣០ដងទៅទៀតក្នុងរយៈកាល៥០ឆ្នាំចុងក្រោយនេះ។
នេះបើយោងតាមការឲ្យដឹងដោយអង្គការសុខភាពពិភពលោក (WHO)។
ជំងឺនេះឆ្លងមកមនុស្សដោយសារតែមូសខ្លាញីខាំ ហើយទើបបានជាបណ្ដាលឲ្យកើតទៅជាគ្រុនក្ដៅ ឈឺក្បាល ឈឺខ្លួនប្រាណ អស់រយៈពេលប្រមាណមួយសប្ដាហ៍ ទើបឈានដល់ករណីកើតគ្រុនឈាមតែម្ដង៕
AFP
ក្រុងDelhiចេញបញ្ជាឲ្យបន្ថែមគ្រែសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីជំងឺគ្រុនឈាមកើតមានយ៉ាងធ្ងន់
0 Comments