បាត់ដំបង ៖ តែក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ ដែលទឹកជំនន់ដោយសារទឹកភ្លៀងបានយាយីលើផលដំណាំរបស់ប្រជាកសិករ ពិសេសគឺនៅតាមតំបន់ ដែលជាប់នឹងអូរព្រំដែនកម្ពុជា ថៃដោយបានបង្កឲ្យមានការប៉ះពាល់ដល់លំនៅដ្ឋាន និងផលដំណាំរាប់ពាន់ហិកតា ហើយរហូតមកទល់នឹងពេលនេះ ទឹកក៏នៅតែមានសន្ទុះយ៉ាងខ្លាំងក្លាផងដែរ ដោយធ្វើឲ្យតំបន់ខ្លះត្រូវបានប្រកាសអាសន្នថែមទៀតផង។
ជាក់ស្តែងនៅក្នុងស្រុកកំរៀង គឺលោកអភិបាលស្រុក ជា សុផាត បានបញ្ជាក់ប្រាប់កម្ពុជាថ្មី កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥នេះថា ការជោរជន់របស់ទឹកភ្លៀងនេះគឺវាមានការជន់និងស្រកយ៉ាងឆាប់រហ័ស ដោយលិចលង់ទៅលើឃុំចំនួន៥ក្នុងស្រុកកំរៀងទាំងមូលគឺឃុំតាសែន ឃុំត្រាង ឃុំបឹងរាំង ឃុំកំរៀង និងឃុំអូរដា គឺបានប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ៤១៤ ខ្នងផ្ទះ ប៉ុន្តែទន្ទឹមនឹងនោះដែរក៏មានផលដំណាំជាច្រើនដែលរងផលប៉ះពាល់ ដូចជាដំណាំដំឡូងមីត្រូវខូចខាតអស់៩៨៣៩ ហិកតា ហើយស្ពានយោលមួយខ្សែដែលស្ថិតក្នុងឃុំកំរៀងត្រូវខូចខាតទាំងស្រុង។
លោកអភិបាលស្រុកបន្តថា ដោយឡែកទឹកនៅក្នុងអូរព្រំដែនកម្ពុជា ថៃ បានស្រកប្រហែល៣តឹកហើយ ដោយនៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះទឹកដែលនៅលើស្ពានឆ្លងចូលទៅក្នុងប្រទេសថៃតាមច្រកអន្តរជាតិដូងនោះនៅមានកំពស់ជិតមួយម៉ែត្រ ដោយរយៈពេលពីរថ្ងៃនេះរាល់ការចេញចូលរបស់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទត្រូវបិទជាបណ្ដោះអាសន្នចំណែកមនុស្ស និងសត្វពុំមានគ្រោះថ្នាក់អ្វីឡើយដោយសារតែខាងអាជ្ញាធរបានប្រកាសអាសន្នតាំងពីថ្ងៃដែលទឹកចាប់ផ្តើមជន់ម្ល៉េះ ដូច្នេះប្រជាពលរដ្ឋអាចមានការត្រៀមលក្ខណៈបានមុនជាស្រេច។
ចំពោះទឹកស្ទឹងសង្កែនាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះដែរក៏មានការជោរជន់យ៉ាងខ្លាំងដែលធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ស្ទឹងសង្កែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ពួកគាត់ ព្រោះបើប្រៀបធៀបទៅលើផ្ទៃទឹកកាលពីម្សិលមិញមានការខុសគ្នាយ៉ាងខ្លាំងដោយសារតែពេលនេះទឹកមានកំពស់ជិតដល់បាតស្ពានក្នុងក្រុងបាត់ដំបង។
បញ្ហានេះដែរ លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមវិទូខេត្តបានគូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះដែរគឺទឹកស្ទឹងសង្កែមានកម្រិតនឹងថ្កល់តាំងពីម៉ោងមួយរំលងអធ្រាតមកម្ល៉េះដោយមានកំពស់ ១៣,២០ ម៉ែត្រ ចំណែកកម្រិតទឹកដែលត្រូវប្រកាសភាពអាសន្ន គឺមានកំពស់ ១៤,៥០ ម៉ែត្រដូច្នេះកំពស់ទឹកនៅពេលនេះមិនទាន់ធ្វើឲ្យមានការព្រួយបារម្ភអ្វីនោះទេ ដោយសារតែនេះជាកន្ទុយទឹកទៅហើយ ព្រោះប៉ុន្មានថ្ងៃនេះភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅក្នុងស្រុកសំឡូតដោយមានកំពស់ទឹក៧១មិល្លីម៉ែត្រលើផ្ទៃដីទំហំ៦ ០០០ ម៉ែត្រក្រឡា ដែលទឹកទាំងនេះបានហូរចាក់ចូលទៅក្នុងស្ទឹងសង្កែ។ សរុបរួមនៃទឹកជំនន់នេះដែរលោក ឡុង ផលគុណបានអះអាងថា គឺសភាពការនៅទូទាំងខេត្តនឹងមានការធម្មតាឡើងវិញនាពេលដ៏ខ្លីខាងមុខនេះ រួមទាំងទឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ ផងដែ ៕
ទឹកជំនន់បំផ្លាញចំការដំឡូងមីជិតមួយម៉ឺនហិកតានៅស្រុកកំរៀង
0 Comments