ភ្នំពេញ ៖ បុរសម្នាក់ពេលកំពុងជិះម៉ូតូសុខៗទំនងជាងងឹតមុខខ្យល់គរបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ទោះបីជាមានប្រជាពលរដ្ឋ ក៏ដូចក្រុមគ្រូពេទ្យចុះមកជួយសង្គ្រោះក៏មិនអាចជួយបានដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចមុខវត្តទួលតាឯក ស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះអ៊ឹង ឃាង អាយុជាង៤០ឆ្នាំ រស់នៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងបានជិះម៉ូតូសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខបាត់ដំបង 1I-2327ក្នុងទិសដៅពីទៅជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ទំនងជាងងឹតមុខ ឬខ្យល់គរ ក៏ដួលក្បែរចិញ្ចើមផ្លូវ។ ពេលនោះប្រជាពលរដ្ឋឃើញក៏ជួយធ្វើចលនាបេះដូង តែនៅតែមិនអាចជួយសង្គ្រោះបានទេ។
ស្ត្រីជាភរិយារបស់ជនរងគ្រោះបានឲ្យដឹងថា ប្ដីរបស់គាត់ធ្លាប់មានរោគបេះដូងរីក និងបេះដូងប្រហោង ដែលជារោគប្រចាំកាយដ៏រ៉ាំរ៉ៃ រួមផ្សំជាមួយគាត់ងងឹតមុខ ឬខ្យល់គរផងនោះ ទើបបណ្ដាលឲ្យដួលលើចិញ្ចើមផ្លូវស្លាប់តែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ ដែលចុះមកត្រួតពិនិត្យ ហើយក៏មានគ្រូពេទ្យផងដែរ បានបញ្ជាក់ថា ប្រស្រីភ្នែករបស់ជនរងគ្រោះបានរីកធំណាស់ទៅហើយ ដោយមិនអាចសង្គ្រោះបានទេ។ បច្ចុប្បន្នសព ប៉ូលិសចរាចរណ៍បានដឹកជញ្ជូនទៅកាន់លំនៅដ្ឋានវិញហើយ៕
ជិះម៉ូតូសុខៗងងឹតមុខដួលស្លាប់យ៉ាងអាណោចអាធ័មក្បែរចិញ្ចើមផ្លូវ
0 Comments