ព្រះសីហនុ ៖ សំណង់ប្រភេទផ្ទះសំណាក់(បឹងកាឡូ)របស់ឧកញ៉ា លីគួង ធ្វើការសាងសង់នៅលើដីតំបន់ដីផ្ទៃរងទឹកភ្លៀង (បឹងព្រែកទប់) បឹងប្រវត្តិសាស្ត្រស្តុកទឹកស្អាតទំហំប្រមាណ៥.៦៩១ម៉ែត្រការ៉េ សាងសង់សម្រេចបាន៧០ភាគរយទៅហើយ ទើបនឹកឃើញរត់ការសុំច្បាប់អនុញ្ញាត គួរឲ្យចាប់អារម្មណ៍។
ទង្វើបែបនេះសង្ស័យលោកឧកញ៉ាលីគួង ធ្វើឡើងទាំងបង្ខំហើយមើលទៅ ពីព្រោះកន្លងមក មេការសំណង់មួយនេះតែងតែនិយាយថា រឿងច្បាប់ទម្លាប់នៃសំណង់វាមិនសំខាន់ទេ សំខាន់ គឺ ទំនាក់ទំនងរវាងលោកឧកញ៉ា និងចៅហ្វាយខេត្ត ចៅហ្វាយក្រុង ក៏ដូចជាថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត បានល្អគ្រប់យ៉ាងទៅហើយនោះ ចាំបាច់សុំច្បាប់ធ្វើអីនាំតែខាតពេល។
ពាក់ព័ន្ធទៅនឹងសំណង់អត់ច្បាប់ខាងលើនេះ លោកងិន ម៉ន ប្រធានភូមិបាលក្រុងព្រះសីហនុបានប្រាប់ឲ្យដឹងថា ឯកសារសុំច្បាប់របស់លោកឧកញ៉ា លី គួង បានឆ្លងកាត់កន្លែងលោកហើយ ពោលគឺលោកបានស៊ីញេទទួល និងបានបញ្ជូនបន្តទៅថ្នាក់ដឹកនាំក្រុងរួចរាល់ហើយ ត្រង់ថាថ្នាក់ដឹកនាំក្រុងសម្រេចយ៉ាងណានោះ នៅមិនទាន់ដឹងទេ។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុបានធ្វើការរិះគន់ ដោយបានលើកឡើងថា ជាធម្មតាបុគ្គលម្នាក់មុននឹងក្លាយខ្លួនទៅជាឧកញ៉ា មិនមែនចេះតែធ្វើៗទៅបាននោះទេ គឺបុគ្គលដែលក្លាយជាឧកញ៉ា លុះត្រាតែបុគ្គលនោះជាមនុស្សមានស្នាដៃចូលរួមអភិវឌ្ឍន៍សង្គមជាតិ ជាមនុស្សគំរូ មនុស្សមានកិត្តិយសថ្លៃថ្នូរ ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជួយជាតិ ជួយជនក្រីក្រ និងធ្វើអ្វីៗឈរលើគោលការណ៍គោរពច្បាប់ជាចម្បង ទើបក្លាយជាឧកញ៉ាបាន ប៉ុន្តែសម្រាប់លោកឧកញ៉ា លីគួង បើតាមពិនិត្យមើលជាក់ស្ដែង រួមនឹងទង្វើរបស់គាត់ដែលកំពុងតែប្រព្រឹត្តិនេះ ដូចជាមិនមានចំណុចណាមួយដែលបង្ហាញពីឋានៈរបស់ខ្លួន ងារជាឧកញ៉ា សោះ តែផ្ទុយទៅវិញគេសង្កេតឃើញមានតែវប្បធម៌ប្រើប្រាស់ឥទ្ធិពលអ្នកធំ អ្នកមានលុយ មាន អំណាច មកអន្តរាគមន៍ការពារផលប្រយោជន៍របស់ខ្លួនបែបបំពានផ្លូវច្បាប់ទៅវិញ ធ្វើឲ្យបាត់បង់ភាពថ្លៃថ្នូរ មហាជនរិះគន់យ៉ាងពេញទំហឹង។ បច្ចុប្បន្នសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ព្រះសីហនុ បើទោះជាគេមិនស្គាល់មុខលោកឧកញ៉ា លីគួង ក៏គេនៅចាំឈ្មោះគាត់តាមរយៈទង្វើ របស់គាត់ដែរ។
គួររំឭកផលដែរថា ដីជុំវិញបឹងព្រែកទប់បឹងស្តុកទឹកស្អាត(ដីផ្ទៃរងទឹកភ្លៀង)ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុនេះ គឺជាដីស្ថិតនៅក្នុងការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ផ្អាកចេញប្លង់កម្មសិទ្ធិ និងការសាងសង់សំណង់ផ្សេងៗ ជាបណ្ដោះអាសន្ន ស្របពេលដែលអាជ្ញាធរខេត្តព្រះសីហនុ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធមិនទាន់បានបំពេញលក្ខខ័ណ្ឌឲ្យបានត្រឹមត្រូវតាមខ្លឹមសារ(ស.ជ.ណ) លេខ៤៩៨ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល។ ប៉ុន្តែគួរឲ្យសោកស្ដាយ ថ្នាក់ដឹកនាំអាជ្ញាធរព្រះសីហនុមិនត្រឹមតែមិនទាន់បានបំពេញនៅលក្ខខ័ណ្ឌ(ស ជ ណ)ខាងលើនេះទេ តែបែរជានាំគ្នាឃុបឃិតចាក់ដីរំលោភចូលបឹងពុះច្រៀកជាឡូចែកគ្នាកាន់ធ្វើជាកម្មសិទ្ធិយ៉ាងរលូន បង្កភាពស្មុគស្មាញម្តងហើយម្តងទៀតដល់រាជរដ្ឋាភិបាល មិនចេះចប់មិនចេះហើយ ហើយបច្ចុប្បន្នបញ្ហាបឹងព្រែកទប់នេះកំពុងក្លាយជាប្រធានបទមួយដ៏សំខាន់សម្រាប់គណៈប្រឆាំងយកធ្វើជាដើមទុនដើម្បីចំណេញផ្នែកនយោបាយផងដែរ។
ថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឧកាសប្រកាសតំណែងលោក យន្ត មីន ឡើងជាចៅហ្វាយខេត្តព្រះសីហនុនោះ សម្ដេចក៏បានធ្វើការព្រមានត្រង់ៗផងដែរចំពោះអ្នកដែលពាក់ព័ន្ធរំលោភដីបឹងព្រែកទប់ ដោយសម្តេចបានបញ្ជាក់ថា អ្នកទាំងនោះមិនឲ្យរួចខ្លួនពីផ្លូវច្បាប់នោះឡើយ។
លោក លី គួង ជាអ្នកមានទ្រព្យសម្បត្តិម្នាក់ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/៩៧១ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣៕
សំណង់ឧកញ៉ាម្នាក់សាងសង់សម្រេច៧០ភាគរយទៅហើយទើបនឹកឃើញរត់ការសុំច្បាប់អនុញ្ញាត
0 Comments