ស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកក្នុងទន្លេសេកុងកាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ដោយមិនដឹងពីមូលហេតុ ក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចទើបដឹងថា បុរសនេះ បានលែងប្រពន្ធ ហើយជិះទូកទៅសុំប្រពន្ធជាគ្នាវិញ តែប្រពន្ធមិនព្រមជិះ ទូកមកវិញស្លាបចក្រជាប់មងចុះទៅដោះ ទាំងស្ថានភាពស្រវឹងក៏ត្រូវលង់ទឹកស្លាប់តែម្តង។
ហេតុការបុរសដែលលង់ទឹកស្លាប់ នេះបានកើតឡើងកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៥ក្នុងដងទន្លេសេកុង ស្ថិតក្នុងភូមិកែញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសំ ប៉ក ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះភុក លី អាយុ៣២ឆ្នាំ រួមទាំងកូន ប្រុស២នាក់ ស្រី២នាក់និងមានទីលំនៅក្នុងភូមិ កែញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា បុរសរងគ្រោះបានលែងលះប្រពន្ធអស់មួយរយៈហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានស៊ីផឹងស្រវឹងយ៉ាងខ្លាំង ហើយនិយាយប្រាប់គេថា ខ្លួនមានអារម្មណ៍នឹកប្រពន្ធ ពេលនោះជនរងគ្រោះបានជិះទូក ទៅផ្ទះម្តាយក្មេកដែលប្រពន្ធគេទៅរស់នៅ ទាំងស្ថានភាពស្រវឹង ពេលដែលនិយាយជាមួយប្រពន្ធមិនត្រូវរ៉ូវគ្នា គេក៏បានជិះទូកត្រឡប់មកវិញ។
សមត្ថកិច្ចបន្តថា ដោយសារជនរងគ្រោះបើកទូកក្នុងស្ថានភាពស្រវឹងផងនោះ បានបើកទៅទាក់និងមងធ្វើអោយស្លាបចក្ររុំទៅនិងមង មិនអាចទៅមុខបានក៏ចុះដោះ ធ្វើបុរសនោះលង់ទឹកស្លាប់តែម្តង។ ក្រោយពីបាត់អស់មួយយប់ ស្អែកឡើងត្រូវបានប្រជាពលរដ្ឋជិះទូក ប្រទះឃើញអណ្តែកទឹកក្នុងទន្លេសេកុង ត្រង់ចំណុចកោះត្បែង (ញ៉ឺន) ក្នុងស្រុកសេសាន។ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ឲ្យចុះពិនិត្យមើលស្រាវជ្រាវទើបដឹងពីមូលហេតុរបស់ជនរងគ្រោះខាងលើ។
ជនរងគ្រោះក្រោយការពិនិត្យរបស់សមត្ថកិច្ចឃើញថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
បុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេសេកុង
0 Comments