ភ្នំពេញ ៖ ជំងឺឆ្កែឆ្កួត គឺជាជម្ងឺបណ្តាលមកពីវីរុស ដែលអាចបង្ការបាន ប៉ុន្តែកាចសាហាវ ដែលបាននឹងកំពុងសម្លាប់មនុស្សពី ៣៥.០០០ ទៅ ៥០.០០០នាក់ ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។ ៤០% នៃជនរងគ្រោះពីជំងឺនេះ គឺក្មេងដែលមានអាយុក្រោម ១៥ឆ្នាំ ហើយជារៀងរាល់ឆ្នាំ មានមនុស្សច្រើនជាង ១៥ លាននាក់ទូទាំងពិភពលោក ដែលបានចាក់វ៉ាក់សាំងការពារជំងឺនេះ ក្រោយពេលសត្វខាំ។
នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅក្នុងទិវាពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួតឆ្នាំ២០១៥ ក្រោមប្រធានបទ “រួមគ្នាបញ្ចប់ជំងឺឆ្កែឆ្កួត”ដែលបានរៀបចំឡើងដោយក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជាសាខាមួយនៃក្រុមហ៊ុនថែទាំសុខភាពឈានមុខគេលំដាប់ពិភពលោក ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋកម្ពុជាពីជំងឺឆ្កែឆ្កួត។
លោកស្រី ងៀន ធីងុកមីន (NGUYEN THI NGOC MINH) ដែលជានាយិកាក្រុមហ៊ុនសាណូហ្វីកម្ពុជាបានមានប្រសាសន៍ នៅក្នុងយុទ្ធនាការលើកកម្ពស់ ការយល់ដឹងស្តីពីជំងឺឆ្កែឆ្កួត ព្រឹកថ្ងៃទី២៨ ខែកញ្ញានេះថា ព្រឹត្តិការណ៍នេះ នៅប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនចំណេះដឹងអំពីជំងឺឆ្កែឆ្កួតជូនដល់សាធារណជនទូទៅ ហើយឆ្នាំនេះ ក្រុមហ៊ុនសាណូហ្វីបានចេញនូវយុទ្ធនាការថ្មីមួយ ដែលខុសប្លែកពីឆ្នាំមុនៗដោយផ្តោតសំខាន់ទៅលើការចែកជូនចំណេះដឹងជាសាធារណៈអំពីបញ្ហាសុខភាពតាមរយៈខិតប័ណ្ណព័ត៌មាន ដែលអ្នកអាន អាចស្វែងរកព័ត៌មានសំខាន់ រួមមានដូចជា ប្រភពនៃការឆ្លងជំងឺនេះ របៀបការពារពីការចម្លង និងវិធីសាស្ត្របង្ការ បន្តបន្ទាប់ទៀត។ លោកស្រី ងៀន ធីងុកមីន បន្តថា ក្រុមហ៊ុនសាណូហ្វី ក៏បានចុះទៅកាន់តំបន់ និងសហគមន៍ផ្សេងៗគ្នា ដែលបងប្អូនប្រជាជននៅទីនោះងាយនឹងរងគ្រោះថ្នាក់ពីជម្ងឺឆ្កែឆ្កួតនេះ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ទាក់ទងនឹងជំងឺនេះ ក៏ដូចជាផ្តល់នូវការជួបសំណេះសំណាលជាមួយពួកគាត់ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពជំងឺនេះ ក្នុងតំបន់សហគមន៍របស់គាត់ផងដែរ។
យោងតាមការសិក្សារបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងចន្លោះពីថ្ងៃទី១ ខែមករា ដល់ទី៣១ខែធ្នូ ឆ្នាំ២០១៤ មានមនុស្សចំនួន ២១.៧៨២នាក់ ត្រូវបានបញ្ជូនមក ឬ មកដោយខ្លួនឯង ដល់មជ្ឈមណ្ឌលបង្ការជម្ងឺឆ្កែឆ្កួត នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតសរុបមាន ចំនួន ១២៦.៣៨២ លើក។ ជំងឺនេះ អាចត្រូវបានចម្លងតាមរយៈឆ្កែ និងឆ្មានៅពេលវាខាំ ឬ ក្រញៅ ឬ លិតត្រង់កន្លែងមានរបួសបានដោយងាយ ដោយវាចម្លងវីរុស LYSSAVIRUSES។ នៅពេល ដែលអ្នកត្រូវបានខាំដោយសត្វឆ្កែ ឬ ឆ្មាដែលមានជម្ងឺនេះ ទឹកមាត់វានឹងចម្លងវីរុសនេះ ទៅជាជាលិកាក្រោមស្បែកនិងសាច់ដុំ។ ជារៀងរាល់ឆ្នាំ ស្ទើរតែគ្រប់ប្រទេស រដ្ឋាភិបាល អង្គការ និងស្ថាប័ននានាប្រារព្ធនិងរៀបចំបង្កើតកម្មវិធី “ទិវាពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួត” ដើម្បីពង្រីកវិសាលភាព នៃការ យល់ដឹង អំពីជម្ងឺ ឆ្កែឆ្កួតនេះ និងបន្តលើកកម្ពស់នូវវិធីបង្ការ និងការពារនៅតាមតំបន់សហគមន៍ ដែលងាយនឹងរងគ្រោះពីជំងឺនេះ។ ការស្រាវជ្រាវមួយ កំពុងប្រព្រឹត្តទៅនៅផ្នែកអេពីដេមីសាស្ត្រ និងផ្នែកវីរុសសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីកំណត់រកវិធីដែលល្អជាងគេទាំងប្រសិទ្ធភាព និងទាំងតម្លៃ សម្រាប់ការបង្ការបឋម (មិនទាន់មានឆ្កែខាំ) និងសម្រាប់ការបង្ការជំងឺឆ្កែឆ្កួតលើមនុស្ស បន្ទាប់ពីត្រូវបានឆ្កែខាំ ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងប្រទេសដទៃទៀត។ ការខិតខំប្រឹងប្រែងនេះ គឺដើម្បីជួយដល់ប្រជាជនកម្ពុជា ព្រមទាំងអាជ្ញាធរនានា ខណៈដែលពួកគេកំពុងធ្វើការងារ ដើម្បីឆ្ពោះទៅរកគោលដៅ នៃការតាំងចិត្តរបស់ សហគមន៍អាស៊ានដើម្បីលុបបំបាត់ជំងឺឆ្កែឆ្កួត លើសកលលោកឲ្យបាននៅត្រឹមឆ្នាំ២០២០។
គួរបញ្ជាក់ថា ប្រសិនបើអ្នកត្រូវបានខាំ ឬក្រញៅ ឬបានរងរបួសតាមរូបភាពណាមួយក្តី ដោយសត្វឆ្មា ឬជាពិសេសឆ្កែ ដែលអ្នកគិតថា វាឆ្កួតអ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យ កាន់តែឆាប់កាន់តែល្អ។ ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងការពារត្រឹមត្រូវ ហើយរង់ចាំរហូតដល់ចេញរោគសញ្ញានោះ អ្នកនឹងប្រឈមគ្រោះថ្នាក់ខ្ពស់ ដល់បាត់បង់ជីវិត។ ប្រសិនបើអ្នកសង្ស័យថា អ្នកបានឆ្លងជំងឺនេះ សូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ដើម្បីទទួលបាននូវដំបូន្មាន ឬការចាក់វ៉ាក់សាំងបង្ការ។ ប្រសិនបើអ្នកសង្ស័យថា មានការជំងឺឆ្កែឆ្កួតនៅក្នុងសហគមន៍របស់អ្នក អ្នកត្រូវបង្ខាំងសត្វឆ្កែរបស់អ្នកទុកក្នុងបរិវេណផ្ទះ និងចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតដល់ឆ្កែរបស់អ្នក ដើម្បីការពារក្រុមគ្រួសាររបស់អ្នក ហើយសូមទៅជួបជាមួយវេជ្ជបណ្ឌិតដើម្បីពិគ្រោះយោបល់ ឬចាក់វ៉ាក់សាំងជាបន្ទាន់ ប្រសិនបើចាំបាច់។
ក្នុងករណីមានឆ្កែខាំ ១.ត្រូវលាងសម្អាតមុខរបួសជាមួយទឹកសាប៊ូ ដោយម៉ត់ចត់រយៈពេល១៥នាទី។ បើសិនជាគ្មានសាប៊ូ ត្រូវលាងសម្អាតដោយប្រើទឹកធម្មតា។ ២.លាបថ្នាំសម្លាប់មេរោគ (ថ្នាំកម្ចាត់មេរោគ POVIDONE)។ ៣.ជៀសវាងការដេរភ្ជិតមុខរបួស បើអាចជៀសវាងបាន និង៤.ឆាប់ទៅពិគ្រោះជាមួយមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត ក្រោយសត្វខាំជាបន្ទាន់៕
ជំងឺឆ្កែឆ្កួតបាននឹងកំពុងសម្លាប់មនុស្សពី ៣៥.០០០ ទៅ ៥០.០០០នាក់ ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ
0 Comments