Ad Code

យុវជន​ប្រឡង​ជាប់​គេ​តែង​យល់ថា មាន​ផ្លូវ​ ដើរ​ច្រើន

ក្នុង​ភាសាទំនាក់ទំនង​តាម​បែប​សាមញ្ញ និង​មានភាព​ស្និទ្ធ​ស្នាល​នៅក្នុង​សង្គម​ខ្មែរ​​គេ​តែង​និយាយថា «មានផ្លូវ​»គឺ សំដៅ​ទៅលើ​ក្តី​សង្ឃឹម​អំពី​សកម្មភាព​ការងារ​ដែល​ចេះ​តែ​កើត​មាន​ជាហូរ​ហែ​បន្ត​ទៅមុខ​ទៀត។ ប៉ុន្តែ​បើគេ​យល់ថា មិន​សង្ឃឹម​ទេ​នោះ គេ​ហៅថា ទ័ល​ច្រក​ ឬគ្មាន​ផ្លូវ​ដើរ​នោះ​ទេ។ ដោយឡែក​សម្រាប់​យុវជន ទាំងពីរ​ភេទ​ដែល​បាន​ទទួល​លទ្ធផល​ប្រកប​ដោយជោគជ័យ​គឺ បាន​ប្រឡង​​ជាប់សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ពេល​ថ្មីៗ កន្លង​មក​នេះ​ក៏​បាន​ទទួលនូវ​សំឡេង​គាំទ្រ​ពីសហគមន៍​មកថា យុវជន​នោះ​មានផ្លូវ​ដើរ​ច្រើន។ តើ​ផ្លូវ​នេះ​សំដៅ​ទៅលើអ្វី?


កេរ្តិ៍​ឈ្មោះ​ល្អ​របស់​យុវជន​នៅ​តាម​សាលារៀន​ក៏​ដូច​ជា​នៅតាម​ភូមិផង​ដែរ គឺ​តែង​មាន​ភាព​ល្បី​សាយ​សុស​ដែលគេ​តែង​និយាយ​ថា ពិត​ជា​បាន​ប្រឡង​ជាប់​ដោយ​សារសមត្ថភាព​ផ្ទាល់​ខ្លួន​ប្រាកដ​មែន។ ពោលគឺ មិន​ដូច​ឆ្នាំកន្លង​មក​ដែល​ក្រសួង​មិន​ទាន់​មាន​ការកែទម្រង់​នោះតែង​មាន​ពាក្យ​សរសើរ​ខ្លះ​ និងក៏​មានពាក្យ​និន្ទារិះ​គន់​ខ្លះ​ទៅលើ​សិស្ស​ប្រឡង​ជាប់។ ចំពោះ​ពាក្យ​​សរសើរ​នោះ​ច្រើន​ទៅលើ​សិស្ស​រៀន​ពូកែ​ថា ពិត​ជា​មក​ពី​គេ​រៀន​ពូកែ​ ទើប​បាន​ប្រឡង​ជាប់។ ឯចំណែក​ពាក្យ​និន្ទាវិះគន់​នោះសំដៅ​ទៅ​លើ​សិស្ស​រៀន​ខ្សោយ​ថា ពិត​ជា​បាន​ប្រឡង​ជាប់​ដោយ​សារ​មាន​អន្តរាគមន៍​ពីកត្តា​ផ្សេងៗ ជាមិនខាន។ ប៉ុន្តែ​សម្រាប់​សិស្សដែល​បាន​ប្រឡង​ជាប់​នាឆ្នាំ​សិក្សា​នេះ​ គឺ​ពុំ​មាន​បញ្ហា​រិះគន់​​ទៀតទេ ជាពិសេស​គេ​បានយល់ថា ពិត​ជាសមត្ថភាព​ផ្ទាល់​ខ្លួន​របស់​សិស្សតែម្តង​ដែល​បាន​ប្រឡង​ជាប់​នោះ។ ទោះ​ជាគេ​និយាយថា វិញ្ញា​សា​ប្រឡង​​ឆ្នាំនេះ​មាន​ភាព​ធូរ​ស្រាល​យ៉ាង​ណាក្តី​ក៏​គេ​យល់ថា ការប្រឡង​បាន​ប្រព្រឹត្តទៅ​ដ៏ល្អ និង​មាន​យុត្តិធម៌​គួរ​ទទួល​យក​បាន។


ឥឡូវ​យើង​ងាកទៅមើលល​ការងារ​ដែលចេះ​តែ​មាន​ជា​បន្តបន្ទាប់​ចំពោះ​សិស្ស​ដែល​ប្រឡង​ជាប់​នោះ​ដោយស្រប​​ទៅនឹង​ពាក្យ​របស់​សហគមន៍​ពោលថា មានផ្លូវ​ដើរ​ តើដើរ​ទៅណាឬ ទៅកាន់​ទិស​ដៅអ្វី? យើង​តែង​បាន​ដឹង​​ថា ការប្រឡង​ជាប់សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នោះគឺ ជា​ការ​ទៅដល់​នៃ​ផ្លូវ​បំបែក​សម្រាប់​​កសាង​ធន​ធាន​មនុស្ស​ដើម្បី បំពេញ​នូវ​តម្រូវ​ការ​ក្នុងសង្គម​បាន​ហើយ។ ជាបឋម​នោះគឺ​ចាប់ពី​ថ្ងៃ​ចន្ទ​ទី២១ ខែកញ្ញា​ ឆ្នាំ​២០១៥ នេះ​តទៅ​នៅតាម​សាលា​រៀន​​របស់​សិស្ស​ដែល​ជាអតីតៈសាលារៀន​ថ្នាក់ទី១២ នោះតែង​មាន​ការ​ប្រគល់​នូវ​វិញ្ញាបន​បត្រ​ដល់យុវជន​ដែល​បាន​ប្រឡង​ជាប់​ដើម្បី​យក​ទៅប្រើប្រាស់​ទៅ​តាម​កន្លែង​ទទួល​ពាក្យ​នៃ​ការ​ប្រឡង​ជ្រើសរើស​បុគ្គលិក​មន្ត្រី​រាជ​ការ ឬទៅតាម​សាលាបច្ចេកទេស​វិជ្ជា​ជីវៈ និង​នៅ​តាម​សាកលវិទ្យាល័យ​នានាផងដែរ។


សម្រាប់​​អត្ថន័យ​នៃ​ពាក្យ​ថា ផ្លូវ​ដើរ​​នេះ​ ឬ​​ហៅថា​ មានផ្លូវ​គឺ យុវជន​មាន​លទ្ធភាព​​ច្រើន​​​ផ្លូវ​​ទៅតាម​ការ​ជ្រើសរើស​ ឬជា​ចំណង់​ចំណូល​ចិត្ត​​ផ្ទាល់​ខ្លួន។ ផ្លូវ​ដែល​ត្រូវ​ដើរ​នោះ​អ្នក​ខ្លះ​ និយាយ​​ថា​ ជាការ​ដាក់ពាក្យ​ប្រឡង​​ច្រើន​កន្លែង​​​គឺ បើប្រឡង​ជាប់​មួយ​ណា​យក​មួយ​ហ្នឹង​ ឬបើ​ប្រឡង​ជាប់​ទាំង​អស់​នោះ​វាជាការ​ជ្រើស​រើស​ទៅតាម​ចិត្តរបស់ខ្លួន។ នៅក្នុង​សហមគន៍​ ឬនៅតាម​ភូមិនានា​យុវជន​ដែល​បាន​ប្រឡង​ជាប់​តែង​បានស្កាត់​ជួបគ្នា ប្រកប​ដោយ​​ទឹក​មុខ​ញញឹម​ញញែម​រីក​រាយ​ពោរ​​ពេញ​ដោយ​​ក្តី​សង្ឃឹម។ ជួន​កាលគេ​មាន​ការ​ហូប​ពិសា​​ជា​មួយ​គ្នាទៅ​តាម​ផ្ទះ​មិត្ត​ភក្តិ​ដែល​បាន​​ប្រឡង​​ជាប់​ដូច​គ្នា​ដែល​ហាក់​ដូច​ជាមាន​បរិយាកាស​ល្អ​បង្ក​ឡើង​ដោយមាតា​បិតា​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គេ​ប្រកប​ដោយ​ការ​ទទួល​រាក់ទាក់​កក់ក្តៅ​បំផុត។ ជាពិសេស​គេ​តែងដឹងថា ចំពោះ​គ្រួសារ​នៃ​យុវជន​ដែល​មាន​លទ្ធ​ភាព​ច្រើន​នោះ​គេ ចង់​ឲ្យ​កូន​គេ​ប្រឡង​ពេទ្យ​រហូត​ដល់​រៀន​បាន​វេជ្ជបណ្ឌិត​ទៀតផង។ ឯ​ចំណែក​យុវជន​មានជីវ​ភាព​ទីទ័លក្រ​តែង​គិត​ថា ដាក់ពាក្យ​ប្រឡ​ងធ្វើគ្រូ​ឲ្យ​តែបានប្រឡង​ជាប់​នោះ​ក៏​គាប់​ប្រសើរ​ណាស់​ទៅហើយ។ ទន្ទឹម​នេះ​ដែរ​ក៏​គេគិត​ថា ត្រូវ​ស៊ើបរក​សាលារៀន​សម្រាប់​បន្ត​ឲ្យ​បានបរិញ្ញាបត្រ​ ឬត្រូវ​ប្រឡង​ចូល​សាលា​តិច​ណូ……..។ល។ ទាំងអស់​នេះ​គឺ ​ជា​ការនឹក​គិត​របស់​យុវជន​ក្រោយ​ពី​បាន​ប្រឡង​ជាប់​ដែល​កំពុង​តែ​សប្បាយ​នឹង​ជោគជ័យ​ដែល​ជា​ភព្វវាសនា​របស់​ខ្លួន​ ឬគ្រាន់​តែ​ជាភាសា​ដែល​យុវជន​បាន​ពិភាក្សា​គ្នាសម្រាប់ជ្រើស​រើស​ផ្លូវ​សម្រាប់​ដើរ​ទៅអនាគតប៉ុណ្ណោះ។


សរុប​សេចមក្តី​មក​យុវជន​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បាក់ឌុប​ ឬមធ្យម​សិក្សា​ទុតិយភូមិ​ពិតជាមានផ្លូវ​​ដើរ​ច្រើន​ទៅតាម​តម្រូវ​ការ​ក្នុងសង្គម​ តែត្រង់​ប្រការ​ដែលដើរ​ទៅដល់​គោល​ដៅ​ត្រឹមត្រូវ​ ឬក៏​មិន​ដល់​ដូចម្តេច​នោះ​វាសម្រេច​នៅលើ​លទ្ធ​ផល​នៃ​ការ​ប្រឡង​ដែល​ត្រូវ​ផ្តើម​ចេញ​ពី​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ម្នាក់ៗ ទាំងស្រុង​។ ដូចនេះ​ហើយ​យុវជន​ត្រូវ​តែ​ខំ​ប្រឹង​បន្ត​ទៀត​ទើប​បាន​សម្រេច​បំណង៕



យុវជន​ប្រឡង​ជាប់​គេ​តែង​យល់ថា មាន​ផ្លូវ​ ដើរ​ច្រើន

Post a Comment

0 Comments

Close Menu