កោះកុង ៖ ថ្មីៗនេះសំណុំរឿងអាស្រូវពុករលួយនៅមន្ទីរកិច្ចការនារីខេត្តកោះកុងនាភាគនិរតីនៃកម្ពុជា កំពុងធុំក្លិនមិនស្រួល និងត្រូវបានគេទម្លាយឱ្យដឹងថា យ៉ាងហោចណាស់ក៏មន្ទីរនេះបាននិងកំពុងកិបកេងថវិកាជាតិ ក្នុងចន្លោះពី៣០០ទៅ៤០០លានរៀល ក្នុង១ឆ្នាំដែរ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីបម្រើការងារនៅមន្ទីរកិច្ចការនារីខេត្តកោះកុងបានទម្លាយនិងបានបង្ហាញនូវឯកសារទាក់ទងនឹងភាពមិនប្រក្រតីមួយចំនួននៅក្នុងមន្ទីរកិច្ចការនារីខេត្តកោះកុងឲ្យដឹងថា ថវិកាជំនួយសង្គមក្នុង១ឆ្នាំ ១២០លានរៀល មិនបានយកទៅធ្វើអ្វីទេ ការទិញសម្ភារៈផ្គត់ផ្គង់និងថែទាំ១ឆ្នាំ ១០០លានរៀល តើធ្វើអ្វីខ្លះក្នុងឆ្នាំនីមួយៗ ក៏ដូចជាថវិកាថែទាំជួសជុលក្នុង១ឆ្នាំ ៦០លានរៀលយកទៅធ្វើអ្វីខ្លះ?
ប្រភពដដែលបន្តថា ថវិកាទំនាក់ទំនង និងផ្សព្វផ្សាយសាធារណៈក្នុង១ឆ្នាំ ៤០-៥០លានមិនបានធ្វើអ្វីទេ? ថវិកាមន្ត្រីជាប់កិច្ចសន្យា ក្នុងឆ្នាំ តាំង១៥នាក់ មកដល់៧នាក់ គ្មានឃើញមនុស្សមកធ្វើការមានតែ១នាក់ ឬ២នាក់ប៉ុណ្ណោះ? ថវិកាបុណ្យជាតិ និងបុណ្យប្រពៃណីក្នុង១ឆ្នាំ ២០ទៅ២០លានជាងរៀល មិនដែលឃើញយកទៅធ្វើបុណ្យនៅឯណាទេ ហើយក៏មិនដែលបានឧបត្ថម្ភដល់មន្ត្រីណាដែរ? ពេលទៅរាប់បាត្រ កាន់បិណ្ឌ ដាក់វេនចង្ហាន់សុទ្ធតែប្រើប្រាស់ថវិកាផ្ទាល់ខ្លួនទាំងអស់គ្នា។
ព័ត៌មានធ្លាយចេញពីផ្ទៃក្នុងនៃមន្ទីរកិច្ចការនារីខេត្តកោះកុងបានឲ្យដឹងថា សម្ភារៈសង្ហារិម និងសម្ភារៈបរិក្ខារក្នុង១ឆ្នាំ ថវិកាប្រជុំសិក្ខាសាលា/សន្និសីទ១០ទៅ១៥លានរៀល មិនដែលឃើញប្រជុំទេសូម្បីនៅក្នុងមន្ទីរ៦ទៅ៧ឆ្នាំ ប្រធានមិនដែលប្រជុំមន្ត្រីម្ដងផង។
ថវិកាចាយទៅលើសេវាខាងក្រៅក្នុង១ឆ្នាំ៦០ទៅ៧០លានរៀលមិនដឹងចាយទៅណា? លុយកាត់ដេរ១ឆ្នាំ៦០លានដែរ តែ២ឃុំដដែលៗមួយអប់រំក្រៅប្រព័ន្ធ៦០ទៅ៧០លានរៀល តើចាយទៅលើខ្ទង់អ្វី? ថវិកាជួសជុលលើមធ្យោបាយដឹកជញ្ជូន១៨ ទៅ២០លាន ក្នុង១ឆ្នាំ ក៏មិនឃើញឧបត្ថម្ភដល់មន្ត្រីណាសម្រាប់ជួសជុលម៉ូតូ ព្រោះមន្ត្រីគ្មានឡានរួមទេ។
គេទម្លាយឲ្យដឹងទៀតថា ថវិកាសរុបក្នុង១ឆ្នាំ៣០០ ទៅ៤០០លានរៀល បានតែប្រើប្រាស់លើការងាររដ្ឋបាលតែប៉ុណ្ណោះ ចំណែកការងារក្រៅពីហ្នឹង មិនបានប្រើប្រាស់ទេ ទើបតែ៣-៤ឆ្នាំចុងក្រោយនេះ ទិញម៉ូតូឱ្យមន្ត្រីជិះអស់ទឹកប្រាក់ក្នុង១ឆ្នាំ ៧លានរៀលតែប៉ុណ្ណោះ។ ដូច្នេះបើគិតថវិកាជាតិចំនួន១០ឆ្នាំ ត្រូវបាត់បង់រាប់ពាន់លានរៀល អីចឹងហើយទើបមន្ទីរកិច្ចការនារីខេត្តកោះកុង ពេលជ្រើសរើសប្រធានមន្ទីរពិបាកខ្លាំងណាស់ត្រូវរង់ចាំប្រធានជាង១ឆ្នាំទើបរើសបាន។ ពេលជ្រើសរើសប្រធានមន្ទីរមកនោះ នារីស្រុកមកដឹកនាំខេត្តឥឡូវនេះ យកអនុប្រធានទើបឡើងថ្មីជាមន្ត្រីស៊ីឈ្មោះគេដឹកនាំទៀត ឮថាត្រូវប្រកាសនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ខាងមុខនេះ។
មន្ត្រីរូបនេះទទួលបន្ទុកគណនេយ្យអីចឹង ត្រូវខ្សែមេមុនៗ ពួកគេមិនឱ្យបែករឿងពុករលួយ ពួកគេខិតខំអន្តរាគមន៍ខ្លាំងណាស់ តាំងពីក្រសួងមកដល់ថ្នាក់ខេត្ត ព្រោះថាត្រពាំងសព្វថ្ងៃនេះ មានត្រីល្អៗសម្រាប់បម្រើបក្ខពួកគេតែប៉ុណ្ណោះ។ ហេតុដូច្នេះ បានជាកើតអំពើអយុត្តិធម៌ក្នុងការតែងតាំងឡើងប្រធានមន្ទីរខ្លាំងណាស់ ដោយមិនបានគិតពី -លក្ខណៈសម្បត្តិ-ឋានានុក្រម និងអតីតការងារ-បទពិសោធន៍ និងសមត្ថភាព-ឋានន្តរសក្ដិការងារ សញ្ញាប័ត្រ និងវិញ្ញាបនបត្រអ្វីនោះទេ។
ប្រភពបញ្ជាក់ថា មូលហេតុទាំងអស់ដូចបានរៀបរាប់ខាងលើនេះហើយទើបបានធ្វើឲ្យអនុប្រធានមន្ទីរដែលមានស្នាដៃការងារ មានប្រជាប្រិយភាព មានបទពិសោធន៍ការងារច្រើន មានអតីតភាពការងារ មានសញ្ញាប័ត្រខ្ពស់ មានវិញ្ញាបនបត្ររាប់មិនអស់ឡើងប្រធានមន្ទីរមិនរួច ដោយសារគ្មានបក្ខពួករត់ការ ឬរត់ការដូចមន្ត្រីក្មេងរូបនេះ។ ថ្មីៗនេះក៏លេចឮព័ត៌មានប្រកាសប្រធានមន្ទីររូបនេះនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ និងមានការចូលរួមពីក្រសួងរដ្ឋមន្ត្រី១រូប រដ្ឋលេខាធិការ២រូប អគ្គនាយក ឬនាយករង ប្រធាននាយកដ្ឋាន ឬអនុប្រធាននាយកដ្ឋាន មានមន្ត្រីមួយចំនួនទៀត គឺច្រើនមែនទែន ពួកគេកំពុងមានមោទនភាព និងអំណាចខ្លាំងណាស់។ នេះជារូបភាពភាពមួយ ស.បញ្ជាក់ថា មន្ត្រីណាកាន់កិច្ចការលុយកាក់បុគ្គលិកនេះ ត្រូវបានឥទ្ធិពលក្នុងការងារ ចុះរឿងបញ្ហាពុករលួយមានបណ្ដឹងរាយការណ៍ជាច្រើន ហេតុអ្វីមិននាំគ្នាដោះស្រាយឱ្យចេញ ព្រោះបាត់បង់លុយជាតិច្រើនណាស់។
យើងខ្ញុំជាមន្ត្រីតូចតាចដែលបម្រើការងារនៅមន្ទីរកិច្ចការនារីខេត្តកោះកុងសំណូមពរសូមឱ្យក្រសួងពាក់ព័ន្ធចុះត្រួតពិនិត្យពីថវិកាជាតិដោយតម្លាភាព និងយុត្តិធម៌ចំពោះមន្ទីរកិច្ចការនារី ខេត្តកោះកុងចំនួន១០ឆ្នាំឡើងវិញ ដោយអនុប្រធានមន្ទីរ២រូប រង់ចាំផ្តល់ចម្លើយគ្រប់បែបយ៉ាង។ ទាក់ទងនឹងការបែកធ្លាយរឿងអាស្រូវមន្ទីរកិច្ចការនារីខេត្តកោះកុងនេះដែរ កាសែត«កម្ពុជាថ្មី»មិនអាចស្វែងរកការសួរនាំពីប្រធាន និងអនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុងបានទេកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥នេះ៕
លេចឮល្ហៀងៗថាមន្ទីរកិច្ចការនារីខេត្តកោះកុងធុំក្លិនមិនស្រួល
0 Comments