កណ្ដាល ៖ បុរសជាមន្ត្រីនគរបាលប៉ុស្តិ៍មិត្តភាព ខណ្ឌ៧មករាម្នាក់បានជិះរថយន្តទៅមើលម្ដាយឈឺ លុះត្រឡប់មកវិញទាំងអាការៈស្រវឹង ហើយបើករថយន្តលឿនផង ក៏រេចង្កូតក្រឡាប់ចូលទឹកលង់ស្លាប់តែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង៤៥នាទីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្លូវសំពោងភូមិព្រែកគង់រាជ ឃុំព្រែករ៉ៃ ស្រុកល្វាឯម ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះយន់សុគន្ធ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅៗភ្នំពេញ មុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍មិត្តភាពខណ្ឌ៧មក រាជធានីភ្នំពេញ បើករថយន្តម៉ាកកាមរីឆ្លាមពណ៌ត្រីឆ្លូញ ហើយរថយន្តនោះមើលមិនឃើញស្លាកលេខឡើយព្រោះលិចទឹកបាត់។
សមត្ថកិច្ចស្រុកល្វាឯមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញាជនរងគ្រោះបានទៅសួរសុខទុក្ខម្តាយឈឺនៅភូមិព្រែកគង់រាជ ឃុំព្រែករ៉ៃ ហើយបានបបួលមិត្តភ័ក្ដិហូបស្រានៅផ្ទះម្តាយ។ លុះម៉ោង១៦និង៣០នាទីបានលាម្ដាយទៅភ្នំពេញវិញ ដោយបើករថយន្តទាំងមានអាការៈស្រវឹង និងបើកយ៉ាងលឿនផង មកដល់ចំណុចកើតហេតុដែលជាទីវាលដាច់ស្រយាលគ្មានផ្ទះប្រជាជន ក៏បានបើករេចង្កូតជ្រុលធ្លាក់ពីផ្លូវចូលទៅក្នុងទឹកជាប់ជើងផ្លូវ ដែលមានទឹកឡើងជាប់ជើងផ្លូវបណ្តាលឲ្យលិចឡានក្នុងទឹកស្លាប់តែម្តង។
បច្ចុប្បន្ន សពត្រូវបានប្រជាពលរដ្ឋមកវាយបំបែកកញ្ចក់យកចេញហើយ៕
មន្ត្រីនគរបាលម្នាក់ផឹកស្រវឹងបើករថយន្តលឿនរេចង្កូតធ្លាក់ផ្លូវលង់ទឹកស្លាប់
0 Comments