នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានជំនះនូវសេចក្តីព្រៀងច្បាប់សម្តែងការមិនទុកចិត្តដែលប្រឆាំងនឹងរូបលោក នៅក្នុងសភាជាន់ខ្ពស់។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានជំរុញឲ្យមានច្បាប់ការពារជាតិដ៏ចម្រូងចម្រាសមួយ ដែលអាចអនុញ្ញាតឲ្យទាហានរបស់ពួកគេ ធ្វើសង្គ្រាមបាននៅបរទេសជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២បានរលត់ទៅ ថ្វីត្បិតតែមានការជំទាស់ពីសាធារណជន ក៏ដូចជាមានយុទ្ធសាស្ត្រ អូសបន្លាយពេលដោយក្រុមប្រឆាំងយ៉ាងណាក្តី។
លោកអាគីរ៉ា ហ្គាន់ជី ដែលជាសមាជិកមួយរូបរបស់គណបក្សប្រឆាំង បាននិយាយថា ពួកលោកមិនអនុញ្ញាតឲ្យរដ្ឋាភិបាលប្រកបដោយគ្រោះថ្នាក់មួយនេះ បន្តការងារហ្នឹងទៀតទេ ហើយសំណើព្រាងច្បាប់ការពារជាតិរបស់លោកនាយករដ្ឋមន្ត្រីអាបេ គឺជាការងារដ៏លំបាកមួយផងដែរ សម្រាប់ច្បាប់នៅក្នុងប្រទេសជប៉ុន។
សូមបញ្ជាក់ថា មុននេះបន្តិច សមាជិកគណបក្សកាន់អំណាច បានប្រើប្រាស់សម្លេងភាគច្រើនរបស់ខ្លួននៅក្នុងសភា បោះឆ្នោតមតិឲ្យកំណត់រយៈពេលសុន្ទរកថា និងអនុសាសន៍ទាំងអស់ត្រឹម១០នាទីប៉ុណ្ណោះ ដើម្បីជាវិធានការទប់ស្កាត់យុទ្ធសាស្ត្ររារាំងពីក្រុមប្រឆាំង។
លោកមីតស៊ូហាយ អាយវ៉ាគី គឺជាអ្នកនរយោបាយរបស់គណបក្សកាន់អំណាច បាននិយាយថា សន្តិភាព និងសន្តិសុខរបស់ប្រទេសជាតិ វាមិនមែនសំខាន់តែម្យ៉ាងគត់នោះទេ តែវាក៏ជាភាពបន្ទាន់បំផុតមួយផងដែរ៕
នាយករដ្ឋមន្ត្រីជប៉ុន នៅតែជំនះសេចក្តីព្រាងច្បាប់ ដើម្បីជំរុញឲ្យមានកំណែទម្រង់ប្រព័ន្ធការពារជាតិ
0 Comments