កណ្តាល ៖ បុគ្គលិកគ្រូពេទ្យម្នាក់បានត្រូវសមត្ថកិច្ចនគរបាលស្រុកមុខកំពូល ធ្វើការចាប់ខ្លួននៅចំណុចមុខមន្ទីរពេទ្យកម្ពុជាគូវេត ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលវេលាម៉ោង១៣និង៤០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពតពាក់ព័ន្ធអំពើឆបោកតម្លៃទិញសំបុត្រយន្តហោះ មានទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក។
នគរបាលស្រុកមុខកំពូលប្រាប់ឲ្យដឹងថា ជនជាប់ចោទត្រូវចាប់ខ្លួននោះ គឺឈ្មោះរស់ សាឡាមហៅសេន សាឡាមភេទប្រុសអាយុ៣១ឆ្នាំជនជាតិឥស្លាម មុខរបរបុគ្គលិកពេទ្យ មានទីលំនៅភូមិបឹងទូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការចាប់ខ្លួនគ្រូពេទ្យខាងលើ គឺអនុវត្តតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពតលេខ៦៨ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥និងចុះហត្ថលេខាដោយលោកតុប ឈុនសុងចៅក្រមជំនុំជំរះ ពាក់ព័ន្ធបទឆបោកប្រព្រឹត្តិឡើងនៅភូមិកំពុងកណ្ដាលឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣។
ដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនគ្រូពេទ្យខាងលើនោះបញ្ជាក់ថា ឈ្មោះរស់ សាឡាម ហៅសេន សាឡាមរួមនឹងបក្ខពួក២នាក់ទៀត បានប្រព្រឹត្តអំពើឆបោកមានទឹកប្រាក់រាប់ម៉ឺនដុល្លារថ្លៃទិញសំបុត្រយន្តហោះ ដែលមានដើមបណ្តឹងឈ្មោះឡុង សុវត្តិ។ គ្រូពេទ្យខាងលើត្រូវប្រឈមមុខនឹងការអនុវត្តទោសក្នុងពន្ធនាគាររយៈពេល១៨ខែតាមមាត្រា៣៥៣ នៃនីតិវិធីព្រហ្មទណ្ឌ និងបង្គាប់ឲ្យសងសំណងដល់ដើមបណ្ដឹងជាច្រើនដុល្លារទៀតផង៕
ចាប់ខ្លួនគ្រូពេទ្យម្នាក់ ពីបទឆបោកប្រាក់ថ្លៃទិញសំបុត្រយន្តហោះ
0 Comments