*សែន រ៉ាដេត និងម៉ន សាម៉េត ជួបថៃជាលក្ខណៈមិត្តភាព
ប្រដាល់ ៖ នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ ស្ថានីយទូរទស្សន៍អប្សរាសហការឧបត្ថម្ភដោយណាហ្គាវើល នឹងរៀបចំការប្រកួតដណ្ដើមខ្សែក្រវាត់Naga Worldទម្ងន់៥៧គីឡូក្រាមផង និងការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិផង នៅលើសង្វៀនអប្សរា។
ខ្សែក្រវាត់Naga World ទម្ងន់៥៧គីឡូក្រាមនេះ បាននៅទំនេរយូរហើយ ដោយរកមិនទាន់ឃើញអ្នកមានសមត្ថភាពដើម្បីគ្រប់គ្រងនៅឡើយ។ ដូច្នេះហើយទើបលើកនេះតម្រូវឲ្យ បាង កាយ៉ាក អ្នកប្រដាល់ក្លិបអប្សរាគុនខ្មែរវាយដណ្ដើមយកជាមួយអ្នកប្រដាល់ថៃឈ្មោះ វ៉ាន់ ស៊ុនក្រាម។
បាង កាយ៉ាក់ ជាអ្នកប្រដាល់ដែលមិនទាន់ស្គាល់ចាញ់ម្តងណានៅឡើយ នៅក្នុងកំណត់ត្រាប្រកួត៤៩លើករបស់គេនោះ។ ជាការប្រកួតលើកទី៥០របស់ កាយ៉ាក់ ដែលត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ Naga World ទម្ងន់៥៧គីឡូក្រាមជាមួយអ្នកប្រដាល់ថៃនេះ។ វ៉ាន់ ស៊ុនក្រាម ពុំដែលមកប្រកួតនៅភ្នំពេញទេកាលពីពេលកន្លងមក។
តាមលោក សុខ សំណាង អ្នកចាត់ចែងកម្មវិធីប្រដាល់នៅសង្វៀនអប្សរាបានឲ្យដឹងថា វ៉ាន់ ស៊ុនក្រាមនេះ នៅស្រុកថៃគេជាជើងខ្លាំងគ្មានអ្នកណាឈ្នះគេទេ ក្នុងប្រភេទទម្ងន់៦០គ.ក្រនេះ។ កាលដែលគេមកជួប បាង កាយ៉ាក់នេះ គឺដើម្បីដណ្តើមយកខ្សែក្រវាត់Naga World ពីបាង កាយ៉ាក់ ដែលគ្រប់គ្រងជាយូរឆ្នាំណាស់មកហើយនោះ។
អ្នកប្រដាល់ បាង កាយ៉ាក់ ជាអ្នកប្រដាល់ល្អ និងខ្លាំង មិនចាញ់ យ៉េន ឌីណា ប៉ុន្មានទេ។ គេមិនធ្លាប់ដែលប្រកួតចាញ់អ្នកប្រដាល់ថៃណាម្នាក់នៅឡើយទេ ក្នុងការប្រកួតនៅក្នុងស្រុកក្តី និងក្រៅស្រុកក្តី។ កាលពីថ្ងៃទី០៩ ខែសីហា កន្លងទៅនេះ បាងកាយ៉ាក បានប្រកួតឈ្នះ កីឡាករថៃ Extra Sitpa នៅក្នុងកម្មវិធី Max Muay Thai នៅទីក្រុងប៉ាទីយ៉ា ប្រទេសថៃ។
កាយ៉ាក់ គេមានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ ហើយមានកលល្បិចខ្ពស់ក្នុងការប្រកួត។ កាយ៉ាក់ មានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត។ ការប្រកួតលើកចុងក្រោយរបស់ កាយ៉ាក់ គឺនៅក្នុងស្រុកដោយវាយឈ្នះអ្នកប្រដាល់ថៃPhun Savath ដោយពិន្ទុ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥កន្លងមកនេះ។ ទោះជាបែបនេះក្តី មិនទាន់ហ៊ានសន្និដ្ឋានថា បាង កាយ៉ាក់ ជួបសំណាងល្អនៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់Naga World ទម្ងន់ ៥៧គ.ក្រនេះបានសម្រេច ឬអត់នោះទេ?
ចំពោះ សែន រ៉ាដេត ដែលការប្រកួតរបស់គេមានលក្ខណៈជាការប្រកួតមិត្តភាពនោះ គេនឹងជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ ថៃ ស៊ីតថាង ដោយប្រកួតក្នុងទម្ងន់៥២គ.ក្រ។ អ្នកប្រដាល់ថៃម្នាក់នេះ ក៏មិនដែលមកប្រកួតនៅកម្ពុជាម្តងណាដែរកន្លងមក។
ថៃ ស៊ីតថាង នេះ បើតាមលោក សុខ សំណាង បានឲ្យដឹងថា គេជាជើងខ្លាំងម្នាក់ដែរ ក្នុងប្រភេទទម្ងន់៥២គ.ក្រនេះ។ រវាង សែន រ៉ាដេត និងថៃ ស៊ីតថាង នេះ មិនដឹងថានរណាជាអ្នកឈ្នះក្នុងការប្រកួតគ្នានេះទេ។ សែន រ៉ាដេត ជាប្អូនបង្កើតរបស់ សែន រ៉ាឌី ជើងខ្លាំងរបស់កម្ពុជានេះ មានថ្វីដៃមិនចាញ់បងប្រុសរបស់គេនោះឡើយ ហើយថែមទាំងធ្លាប់បំបាក់ថៃប៉ុន្មាននាក់មកហើយ។ គេប្រកួតចុងក្រោយនេះ វាយឈ្នះអ្នកប្រដាល់ថៃ Pai Tan Pechinda ក្នុងទឹកទី២ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។
ម៉ន សាម៉េត អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក ដែលជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ដែរនោះ នឹងជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ រុង សែនឆៃ ក្នុងប្រភេទទម្ងន់៥៨គីឡូក្រាម ។
ជាលើកទី៥របស់ ម៉ន សាម៉េត ហើយ ដែលឡើងប្រកួតជាមួយអ្នកប្រដាល់ថៃនេះ។ រុង សែនឆៃនេះ ពុំដឹងថាមានប្រវត្តិប្រកួតបែបណាទេ ប៉ុន្តែយ៉ាងណាគេទុកចិត្តលើ ម៉ន សាម៉េត ព្រោះថា សាម៉េត គេមានបទពិសោធន៍ច្រើនហើយ ក្នុងការប្រកួតជាមួយថៃនេះ។ ម៉ន សាម៉េត គេប្រកួតជាមួយថៃលើកចុងក្រោយនេះ វាយឈ្នះ Kung Sayam ដោយពិន្ទុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។
ដោយឡែកការប្រកួតរវាងអ្នកប្រដាល់ខ្មែរ និងខ្មែរគ្នាឯងវិញ អ្នកប្រដាល់កំពែងខ្មៅក្លិបអប្សរាគុនខ្មែរ នឹងជួបប្រកួតជាមួយ ឡុង បញ្ញា អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ក្នុងទម្ងន់៥៤គីឡូក្រាម។ ពីរនាក់នេះជួបគ្នាលើកមុន(១៧ឧសភា២០១៥) បានប្រកួតស្មើពិន្ទុគ្នា ដូច្នេះជួបគ្នាលើកនេះ គឺជាការប្រកួតជម្រះបញ្ជីគ្នា។ ចំណែកអ្នកប្រដាល់ស្វាដែក ត្រូវគេផ្គូផ្គងឲ្យប្រកួតជាមួយ ឡុង សារ៉េន។ ពីរនាក់នេះប្រកួតគ្នាក្នុងទម្ងន់៥១គីឡូក្រាម៕
អ្នកប្រដាល់ថៃមកវាយដណ្ដើមខ្សែក្រវាត់ជាមួយ បាង កាយ៉ាក់ នៅអប្សរា
0 Comments