Ad Code

ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​៣​កញ្ចប់​

កំពង់ឆ្នាំង ៖ មនុស្ស​ប្រុស/​ស្រី​២​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត សហការ​គ្នា​ជាមួយ​នគរបាល​ស្រុក​បរិបូណ៌​ព័ទ្ធ​ចាប់​ខ្លួន​បាន​នៅ​ពេល​គេ​កំពុង​ធ្វើ​សកម្មភាព​ប្រើ​ប្រាស់ ​និង​ចែកចាយ​ថ្នាំញៀន។


ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​១៧​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៥​នៅផ្ទះ​ជួល​ឈ្មោះ កែវ ស្រីមុំ នៅ​ក្នុង​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង និង​បាន​បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅ​តុលាការ​ខេត្ត​នៅ​រសៀល​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៥។​


សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ១.​ឈ្មោះ ឈួន ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន និង​២.​ឈ្មោះ សែ លីន ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​អ្នកប្រើប្រាស់ ​និង​ចែកចាយ​ថ្នាំញៀន រស់នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុង​សង្កែ ខេត្ត​បាត់ដំបង មក​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌។​


ក្នុង​កិច្ច​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​ស្មើ​នឹង​១,៧០​ក្រាម ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​២​គ្រឿង ថវិកា​ចំនួន​២០​ម៉ឺន​រៀល និង​ថង់​សម្រាប់​ច្រក​ចែកចាយ​គ្រឿងញៀន​មួយ​ចំនួន​ទៀត។​


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​នគរបាល​បាន​តាមដាន​ជា​យូរ​ណាស់​មក​ហើយ ដោយ​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ ជន​សង្ស័យ​ទាំង​២​នាក់​បាន​ណាត់​ជួប​គ្នា​នៅផ្ទះ​ជួល​របស់​ឈ្មោះ កែវ ស្រីមុំ ដើម្បី​ធ្វើ​សកម្មភាព​ចែក​ចាយ​ថ្នាំញៀន នៅ​ពេល​ឈ្មោះ​ ឈួន ភា​រិ​ទ្ធ ត្រឡប់​មកពី​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ សែ លីន ក្នុង​ផ្ទះ​ជួល សមត្ថកិច្ច​ក៏​ធ្វើការ​ព័ទ្ធ​ និង​ចាប់​ខ្លួន​បាន រួម​ជាមួយ​វត្ថុតាង​ថ្នាំញៀន​២​កញ្ចប់។


ចំណែក​ស្ត្រី​ឈ្មោះ សែ លីន ដែល​ជា​អ្នក​ចែកចាយ ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ខ្លួន​បាន​នៅ​ក្នុង​ផ្ទះ​ជួល​តែម្ដង ដោយ​ឆែកឆេរ​នៅ​ក្នុង​បន្ទប់​ជួល​រក​ឃើញ​ថ្នាំញៀន​១​កញ្ចប់​ធំ​ជា​វត្ថុតាង។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី។​


ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ/​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នៅ​ក្នុង​ស្រុក​បរិបូណ៌​មានការ​ធ្លាក់​ចុះ ដោយសារ​តែ​នៅ​ស្រុក​បាន​កើត​ឡើងជា​បន្តបន្ទាប់ ដែល​មាន​ដូចជា ចោរកម្ម ក្រុម​ក្មេង​ទំនើង ល្បែង​ស៊ីសង និង​ការលក់ដូរ ប្រើប្រាស់​គ្រឿងញៀន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​គឺជា​កូនចៅ និង​ជា​សាច់ញាតិ​របស់​មន្ត្រី​នគរបាល​នៅ​ក្នុង​ស្រុក​បរិបូណ៌​នេះ​តែម្ដង ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ជួប​ការ​លំបាក​ក្នុង​ការ​បង្ក្រាប៕
Pisey-2015-09-22-full-a50


Pisey-2015-09-22-full-a51



ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​៣​កញ្ចប់​

Post a Comment

0 Comments

Close Menu