បន្ទាយមានជ័យ ៖ ល្ងាចថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៥នៅសាលប្រជុំស្នងការ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ផែនការនិងបទបញ្ជាដល់កងកម្លាំងនគរបាលទូទាំងខេត្តទាំងអស់ត្រូវត្រៀមលក្ខណៈ ដើម្បីការពារ សន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះនៅតាមគោលដៅវត្តអារាមនានាដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមក្នុងពិធីមួយនេះប្រកបដោយ ភាពសប្បាយរីករាយនិងកក់ក្តៅ។
លោកអាត់ ខែមបាននិយាយនៅក្នុងកិច្ចប្រជុំនោះថា នៅពេលខាងមុខនេះគឺជារដូវភ្ជុំបិណ្ឌប្រជាពលរដ្ឋតែងតែនាំគ្នាយកបាយសម្ល ទៅប្រគេនលោកសង្ឃនៅវត្តដើម្បីឧទ្ទិសកុសលជូនដល់ឪពុកម្តាយដែលបានចែកឋានពេលកន្លងមកនេះ ទើបលោកបានធ្វើការអញ្ជើញដល់ស្នងការរង អធិការ តាមបណ្តាស្រុក-ក្រុង មេបញ្ជាការវរ និងនាយនគរបាល ប៉ុស្តិ៍ទូទាំងខេត្តមកប្រជុំដើម្បីទទួលផែនការការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅថ្ងៃបុណ្យភ្ជុំនេះឲ្យបានល្អ។
លោកបានបន្តទៀតថា ក្នុងនោះមានកម្លាំងនគរបាលនៅតាមមូលដ្ឋាន ត្រូវត្រៀមកម្លាំង ប្រចាំការនៅតាមទីវត្តអារាម ដោយសហការជាមួយ ប្រជា ការពារភូមិ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឲ្យ បរិយាកាស នៃពិធីបុណ្យជាតិមួយនេះ ប្រកបទៅ ដោយរលូន។
លោកស្នងការ បានជំរុញ និងបន្តដាក់ផែនការ ដល់កងកម្លាំង ត្រូវយាមកាម រឹតបណ្តឹងបញ្ហាសន្តិសុខ នៅតាមទីប្រជុំ និងកន្លែងលក់មាស ប្តូរប្រាក់ ដែលមុខសញ្ញា ល្មើសអាចធ្វើសកម្មភាព នៅទីនោះ។ សម្រាប់ការងារល្បាត តាមមូលដ្ឋាននោះលោកស្នងការ ក៏បានណែនាំ ឲ្យអនុវត្តជាប្រចាំ ទាំងថ្ងៃទាំងយប់ ជាពិសេសបង្ក្រាប និងចាប់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន ឲ្យបានកុំឲ្យមានបញ្ហានេះ មួយកាន់តែរីកសាយភាយខ្លាំងឡើង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិ៕
លោកអាត់ ខែមដាក់ផែនការដល់កងកម្លាំងនគរបាលឲ្យត្រៀមការពារសន្តិសុខនាថ្ងៃបិណ្ឌភ្ជុំខាងមុខនេះ
0 Comments