Ad Code

ចាប់​បាន​ចោរ​ជនជាតិ​វៀតណាម​៦​នាក់​ដកហូត​វត្ថុ​តាង​កាណូត​បាឡា​ជ័រ​ស្មាច់​៥​គ្រឿង

កំពង់ឆ្នាំង​ ៖ ​ជន​ល្មើស​ជនជាតិ​វៀតណាម​៦​នាក់​ ជា​ចោរ​សកម្ម​ខាង​លួច​ទូក​កាណូត​តាម​ដង​ទន្លេ​ត្រូវ​បាន​ប្រជា​ការពារ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ នគរបាល​ក្រុង ​នគរបាល​ខេត្ត ​សហការ​គ្នា​ចាប់​ខ្លួន​​​នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា​​​បាន​ចំនួន​៤​នាក់​ ហើយ​នៅ​ថ្ងៃ​ទី​០៣​ ខែ​កញ្ញា បាន​២​នាក់​ និង​ដកហូត​វត្ថុតាង​បាន​កាណូត​បា​ឡា​ស្មាច់​បាន​៥​គ្រឿង និង​ម៉ាស៊ីន​៥​គ្រឿង។


ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌។


លោក​វរសេនីយ៍ឯក​ប៉ុល វុទ្ធី ​ស្នងការ​រង​នគរបាល​ខេត្ត និង​ប្រធាន​ការិយាល័យ​កណ្ដាល​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​តាមដាន​មុខសញ្ញា​ទាំងនេះ​តាំងពី​ថ្ងៃ​ទី​២៧ ខែ​សីហា​មក​ម្ល៉េះ ហើយ​ក្នុង​ប្រតិបត្តិការ​នោះ​ សមត្ថកិច្ច​ដកហូត ​​​បាន​កាណូត​បាឡា​៦​គ្រឿង និង​ម៉ាស៊ីន​៥​គ្រឿង​ ពី​ផ្ទះ​មេចោរ​វៀតណាម ឈ្មោះ វៀង យ៉ាំង​ភឿ​ក នៅ​ក្នុង​ភូមិ​ចុង​កោះ។


ក្រុម​ចោរ​សកម្ម​ខាង​លួច​ទូក​កាណូត​តាម​ដង​ទន្លេ ​ជា​បក្ខពួក​មេចោរ​ធំ​ខាងលើ​ទាំង​៦​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​គឺ​១.​ឈ្មោះ ឡេ យ៉ាំង​សាវ អាយុ​៣០​ឆ្នាំ ​ ២.​ឈ្មោះ ឡេ យ៉ាំង​យូ ​អាយុ​១៨​ឆ្នាំ។ ពួកគេ​ទាំង​២​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌។ ៣.​ឈ្មោះ​វៀង យ៉ាំង​ឡឺ​យ ​អាយុ​២០​ឆ្នាំ ​ ៤.​ឈ្មោះ វៀង​យ៉ាំង​ទៀក​ អាយុ​២០​ឆ្នាំ។ ពួកគេ​ទាំង​២​នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង(ពួក​ចោរ​ទាំង​៤​នាក់​នេះ​ចាប់​ខ្លួន​បាន​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៥ )។ ៥.​ឈ្មោះ វៀង យ៉ាំង​ហួរ អាយុ ៣៥​ឆ្នាំ និង​៦.​ឈ្មោះ វៀង យ៉ាំង​កែវ អាយុ​១៧​ឆ្នាំ។ ពួកគេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ( ពួក​ចោរ​ទាំង​២​នាក់​នេះ​ចាប់ខ្លួនបាន​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៥)។


ដោយឡែក​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន​ កាណូត​បា​ឡា​ជ័រ​ស្មាច់​ចំនួន​៥​គ្រឿង ម៉ាស៊ីន​៥​គ្រឿង​ អាគុយ​១​ ដាប់​ទ័​រ​១ ​ អាំង​វ៉ា​ត់​ទ័​រ​ឆក់​ត្រី​១ ​ ខ្សែភ្លើង​ និង​ដង​ឆក់​១​កំប្លេ​​ ថ្នាំញៀន​១​កញ្ចប់ និង​ឧបករណ៍​សម្រាប់​បម្រើ​ឲ្យ​ការ​ជក់​ថ្នាំញៀន​មួយ​ចំនួន​ធំ​ទៀត។


ជនល្មើស និង​វត្ថុតាង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ​កសាង​សំណុំរឿង​តាម​នីតិ​វិធី បញ្ជូន​ទៅកាន់​អយ្យការ​សាលាដំបូង​ខេត្ត ដើម្បី​ធ្វើការ​បន្ត​ស្រាវជ្រាវ ចោទប្រកាន់ ជំនុំជម្រះ និង​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់។ ដោយឡែក​មេចោរ ឈ្មោះ វៀង យ៉ាំង​ភឿ​ក ដែល​សមត្ថកិច្ច​ដក​បាន​គ្រាប់កាំភ្លើង​អាកា​៨៦​គ្រាប់ បង់​អាកា​៤​បង់ នៅ​ក្នុងផ្ទះ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា និង​សង្ស័យ​ថា​មាន​អាវុធ​លាក់ទុក​ខុសច្បាប់ ​ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ស្វែងរក​ចាប់ខ្លួន​យ៉ាងសកម្ម ​ដែល​គេ​គិត​ថា​មិន​យូរ​មិន​ឆាប់​មេចោរ​រូប​នេះ​គង់តែ​ជាប់​សំណាញ់​ច្បាប់​មិនខានឡើយ៕


M04-09-15-d2


M04-09-15-d1



ចាប់​បាន​ចោរ​ជនជាតិ​វៀតណាម​៦​នាក់​ដកហូត​វត្ថុ​តាង​កាណូត​បាឡា​ជ័រ​ស្មាច់​៥​គ្រឿង

Post a Comment

0 Comments

Close Menu