ភ្នំពេញ ៖ មន្ត្រីជាន់រាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបឲ្យដឹងកាលពីវេលាម៉ោង១១ និង៤៥ នាទីមុននេះថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឲ្យលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថ្មីប្រចាំកម្ពុជា បានមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា រយៈពេល៩ ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ហើយក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីរំពឹងថា នឹងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំនៃស្ថាប័នពាក់ព័ន្ធដទៃទៀត។
លោកស្រី រ៉ូណា ស្ម៊ីត ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងខែមីនា ឆ្នាំ២០១៥ ដើម្បីធ្វើសេចក្ដីរាយការណ៍នឹងផ្តល់ប្រឹក្សាយោបល់ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយនៅក្នុងអំឡុងពេលបំពេញបេសកកម្មរបស់លោកស្រី រ៉ូណា ស្ម៊ីត នឹងជួបផងដែរ ជាមួយតំណាងសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននានា ព្រមទាំងក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេស និងសហគមន៍ម្ចាស់ជំនួយមួយចំនួនទៀត នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវចុះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥៕
0 Comments