ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃនេះបើកទ្វារទទួលមន្ត្រីមកពីអង្គការសហប្រជាជាតិ(UN) និងក្រុមអ្នកជំនាញផ្នែកប្រឆាំងអំពើពុករលួយមកពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសតូហ្គូ ដើម្បីមកប្រជុំត្រួតពិនិត្យនូវការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយហៅកាត់ថា (UNCAC) នៅក្នុងប្រទេសកម្ពុជា។
កិច្ចត្រួតពិនិត្យនេះមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥-១៨ ខែកញ្ញា ដើម្បីបើកទ្វារឱ្យភាគីត្រួតពិនិត្យដឹកនាំដោយលោក Oliver Lamwher មន្ត្រីអ.ស.ប.ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មនិងលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមានការចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។
កិច្ចត្រួតពិនិត្យនេះក្នុងគោលបំណងបើកជាវេទិកាដល់ភាគីអន្តរជាតិត្រួតពិនិត្យ ដើម្បីសាកសួរ ជជែកដេញដោលលម្អិតអំពីការអនុវត្តជាក់ស្ដែងទាក់ទងនឹងបទដ្ឋានដែល UNCAC បានកំណត់ ដែលកម្ពុជាត្រូវគោរពតាមបន្ថែមពីលើព័ត៌មានដែលបានផ្តល់ជូនក្នុងរបាយការណ៍ស្វ័យវាយតម្លៃដែលកម្ពុជាបានដាក់ជូន ពិនិត្យ ពោលគឺផ្តោតលើជំពូក៣ និង៤ គឺការដាក់បទល្មើសពុករលួយឱ្យទៅជាបទឧក្រិដ្ឋ ការអនុវត្តច្បាប់ និងកិច្ចសហការអន្តរជាតិនៃ UNCAC។
តាមសេចក្ដីប្រកាសព័ត៌មានដែលផ្តល់ជូនអ្នកសារព័ត៌មាន ដោយអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ដំណើរនៃការរៀបចំការត្រួតពិនិត្យ ការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយនៅកម្ពុជាជុំទី១ ត្រូវបានមជ្ឈដ្ឋានអន្តរជាតិកោតសរសើរ ទទួលស្គាល់ថា មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបើកចំហប្រកបដោយតម្លាភាព ដោយកម្ពុជាបានរួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធក្នុងយន្តការ នៃការត្រួតពិនិត្យរួមមាន ភាគីមកពីក្រសួងស្ថាប័នសាធារណៈ អង្គការសង្គមស៊ីវិល ផ្នែកសារព័ត៌មាន ផ្នែកសិក្សាធិការ និងវិស័យឯកជន និងមានការសម្រេចផ្សាយជាសាធារណៈនូវរបាយការណ៍ស្វ័យវាយតម្លៃ និងរបាយការណ៍ពាក់ព័ន្ធផ្សេងៗទៀតពីរាជរដ្ឋាភិបាល។
ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ កម្ពុជាបានបញ្ជូនអ្នកជំនាញការរាជរដ្ឋាភិបាលរបស់ខ្លួនទៅធ្វើការត្រួតពិនិត្យ ការអនុវត្ត UNCAC នៅតាមប្រទេសចំនួន៣រួមមាន ម៉ាល់តា ប៉ាឡៅ និងអារ៉ាប៊ីសាអ៊ូឌីត ហើយក៏បានទៅចែករំលែកបទពិសោធន៍តាមការអញ្ជើញរបស់ UN អំពីការរៀបចំយន្តការត្រួតពិនិត្យការអនុវត្ត UNCAC នៅកម្ពុជាដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាភាគីត្រួតពិនិត្យកាលពីដើមឆ្នាំ២០១៥នេះផងដែរ។
សូមបញ្ជាក់ថា ក្រោយកិច្ចប្រជុំពិនិត្យនេះ ផ្អែកលើព័ត៌មានទទួលបានភាគីត្រួតពិនិត្យ និងរៀបចំរបាយការណ៍ប្រចាំប្រទេសហៅថា (Country Report) ពីការអនុវត្តUNCACនៅកម្ពុជា ដើម្បីបញ្ជាក់ពីការបិទកញ្ចប់ ការត្រួតពិនិត្យជុំទី១ ហើយយន្តការនៃការត្រួតពិនិត្យជុំទី២ នឹងចាប់ផ្ដើមពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ សម្រាប់រដ្ឋភាគី UNCACទាំងអស់៕
អង្គការសហប្រជាជាតិ និងអ្នកជំនាញមកពីមីយ៉ាន់ម៉ា និងតូហ្គូ មកត្រួតពិនិត្យបទដ្ឋានការប្រឆាំងអំពើពុករលួយនៅកម្ពុជា(Update)
0 Comments