ភ្នំពេញ ៖ លោក អូស្មានហាស្សាន់ បានធ្វើការណែនាំឲ្យបងប្អូនសាសនិកឥស្លាមកម្ពុជា ដែលទទួលបានទិដ្ឋាការក្នុងពេលទៅប្រារព្ធពិធីបុណ្យហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវរក្សាកេរ្តិ៍ឈ្មោះ កិត្តិយស ភាពថ្លៃថ្នូរ សូមកុំប្រព្រឹត្តិនូវអំពើអបាយមុខផ្សេងៗ ដើម្បីរក្សាកេរ្តិ៍ឈ្មោះមុខមាត់ប្រទេសជាតិមាតុភូមិកម្ពុជាដ៏បវររបស់យើង លោក អូស្មាន ហាស្សាន បានធ្វើការណែនាំបែបនេះ ក្នុងខណៈដែលលោកចូលរួមជូនដំណើរបងប្អូនសាសនិកឥស្លាមកម្ពុជាចំនួន៦៨០នាក់ កាលពីព្រឹកវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារបានបញ្ជាក់ថា បងប្អូនសាសនិកឥស្លាមកម្ពុជាចំនួន១០៦នាក់ ចេញដំណើរទៅប្រារព្ធពិធីបុណ្យហាជ្ជនៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងជំហានទី២ ដោយឡែកនៅក្នុងជំហានទី៣នេះ មានបងប្អូនសាសនិកឥស្លាមចំនួន៦៨០នាក់បន្ថែមទៀត តាមតួលេខ ដែលសហគមន៍ផ្ដល់មកឲ្យនៅតាមបណ្ដាខេត្តមក មានបងប្អូនសាសនិកឥស្លាមកម្ពុជា ដែលទទួលបានទិដ្ឋាការទៅប្រារព្ធពិធីបុណ្យហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតសរុបសម្រាប់ឆ្នាំ២០១៥នេះ មានចំនួន១.២០០នាក់ ដែលត្រូវទៅចូលរួមក្នុងពិធីបុណ្យនេះ។ ក្នុងចំណោមបងប្អូនសាសនិកឥស្លាមកម្ពុជាចំនួន១.២០០នាក់ ដែលបានចុះឈ្មោះ ទាំងនៅតាមបណ្ដាក្រុមហ៊ុនដឹកអ្នកដំណើរទៅធ្វើពិធីបុណ្យហាជ្ជ ជាផ្លូវការគិតមកដល់ពេលនេះ មានតែចំនួន៦៨០នាក់ប៉ុណ្ណោះដែលបានទទួលទិដ្ឋាការ អនុញ្ញាតឲ្យទៅចូលរួមបុណ្យខាងលើ។ ក្នុងចំណោមសាសនិកឥស្លាមទាំង៦៨០នាក់ គឺមាន៦៤០នាក់ ទៅដោយចំណាយថវិកាផ្ទាល់ខ្លួនឯង ដោយឡែកចំនួន៤០នាក់ទៀត មានសំណាងឧបត្ថម្ភដោយព្រះមហាក្សត្រព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។
លោកបន្ដថា ដោយសារឆ្នាំនេះ រាជរដ្ឋាភិបាល នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានកំណត់កូតា សម្រាប់ប្រទេសនីមួយៗ។ ដោយឡែក ប៉ុន្មានឆ្នាំកន្លងទៅ ដោយសារការអនុគ្រោះដល់ប្រទេសកម្ពុជាយើង ទើបយើងអាចទទួលបានទិដ្ឋាការគ្រប់ៗគ្នា។ នៅឆ្នាំបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា នឹងសហការរៀបចំជាមួយរាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត សំដៅទប់ស្កាត់កុំឲ្យមានបងប្អូន សាសនិកឥស្លាមកម្ពុជា ចេញដំណើរទៅធ្វើបុណ្យហាជ្ជ ជាលក្ខណៈ ឯកជន និងដោយខ្លួនឯងបន្ដទៀត ដោយមិនមានការគ្រប់គ្រងបានត្រឹមត្រូវពីថ្នាក់ដឹកនាំ និងពីសហគមន៍ទៀត បញ្ហាដដែលនេះ ឆ្នាំក្រោយមិនឲ្យកើតមានជាបន្តទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍បងប្អូនយើងទៅថ្ងៃក្រោយ។
ថ្វីត្បិតតែចំនួនអ្នកដែលទទួលបានទិដ្ឋាការមានចំនួនតិចជាងឆ្នាំទៅក៏ដោយ តែបើមើលតាមតួលេខនៃអ្នកដែលបានចុះឈ្មោះសរុបចំនួន១.២០០នាក់ខាងលើឃើញថា មានការកើនឡើងប្រមាណជាង១០០នាក់ លើសឆ្នាំទៅ។
តួលេខនេះបញ្ជាក់ឲ្យឃើញថា ជីវភាពរបស់បងប្អូនយើងកាន់តែមានភាពធូរធារ ដោយសារ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកដែលទៅធ្វើបុណ្យហាជ្ជ ចេះតែមានការកើនឡើងជាលំដាប់។ ខណៈដែលក្នុងម្នាក់ៗត្រូវចំណាយ៣.៥០០ដុល្លារ លើសោហ៊ុយធ្វើដំណើរ និងការហូបចុក ដែលមិនទាន់គិតដល់ការចំណាយផ្សេងៗនៅឡើយនោះ គ្រួសារខ្លះមានលទ្ធភាពទៅទាំងឪពុក-ម្តាយ និងកូនថែមទៀត ត្រូវចំណាយយ៉ាងតិចក៏ជាង១ម៉ឺនដុល្លារឯណោះ។
លោកបានរំលឹកថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម គឺបានបុណ្យច្រើនណាស់ ប្រសិនបើគ្រួសារណាមានលទ្ធភាពបានទៅធ្វើបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានម្ដង គ្រួសារនោះមានបុណ្យខ្ពស់បានឡើងទៅឋានន្តរជាព្រះចម្រើនសម្បត្តិ។ ជារៀងរាល់ឆ្នាំសាសនិកឥស្លាមនៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ៤លាននាក់មានឱកាសអញ្ជើញទៅប្រារព្ធពិធីបុណ្យនេះនៅឯទីក្រុងម៉ាក្កះប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅឆ្នាំនេះ ពិធីបុណ្យនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥មានរយៈពេលមួយសប្ដាហ៍៕
លោក អូស្មានហាស្សាន់ ណែនាំសាសនិកឥស្លាមកម្ពុជាឲ្យរក្សាកិត្តិយស និងភាពថ្លៃថ្នូរក្នុងពិធីបុណ្យហាជ្ជ
0 Comments