ភ្នំពេញ ៖ យ៉ាងហោចណាស់មានតារាសម្តែងស្រី៣រូប និងក្រុមផលិតករ នៃផលិតកម្មឯករាជ្យភាពយន្តជាង១០នាក់បានចេញដំណើរពីកម្ពុជាដើម្បីបញ្ចប់ការផលិតខ្សែភាពយន្តរឿង«ព្រះអាទិត្យរះនៅទីក្រុងសេអ៊ូល»ប្រទេសកូរ៉េ។ ខ្សែភាពយន្តដែលអប់រំអំពីការចេញទៅធ្វើពលករនៅប្រទេសកូរ៉េ នេះគ្រោងនឹងធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តនៅរាជធានីភ្នំពេញក្នុងអំឡុងដើមឆ្នាំ២០១៦ខាងមុខនេះ។
ចាងហ្វាងផលិតកម្មឯករាជភាពយន្តលោក សក្តិ ស៊ីថន បានបញ្ជាក់ថា តារាសម្ដែងស្រី៣រូបដែលនឹងចេញដំណើរពីកម្ពុជាទៅថតឈុតឆាកមួយចំនួននៅទីក្រុងសេអ៊ូលផ្ទាល់នេះ មានកញ្ញា ស៊ិន រតនា កញ្ញា សំម៉ារីយ៉ា និងកញ្ញា តុប ណារី ហើយពួកគេនឹងចំណាយពេលប្រមាណ១សប្ដាហ៍ដើម្បីថតនៅតំបន់កម្សាន្ត និងមានទេសភាពស្រស់ត្រកាលនៃទីក្រុងសេអ៊ូលប្រទេសកូរ៉េ។
លោកបានបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង ព្រះ«អាទិត្យរះក្នុងក្រុងសេអ៊ូល» នេះចាប់ផ្ដើមផលិតចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ប៉ុន្តែដោយមានបញ្ហាផ្នែកទុន និងបញ្ហាមួយចំនួន ត្រូវបានខកខានផលិតបន្ត ហើយក្រោយពេលបញ្ចប់បញ្ហាខាងលើ លោកបានបន្តការផលិតបញ្ចប់ និងគ្រោងដាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខ។
អ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់រូបនេះបញ្ជាក់ថា មានប្លង់ថតជាច្រើនដែលតម្រូវឲ្យផ្តិតយករូបភាពផ្ទាល់នៅទីនោះ ព្រោះខ្សែភាពយន្តនេះផ្តោតលើការអប់រំដល់អ្នកដែលមានបំណងចេញទៅរកការងារជាពលករនៅបរទេសដែលមុនពេលរកការងារ គឺត្រូវពិចារណា និងរកតែការងារដែលស្របច្បាប់កំណត់។ ក្រៅពីតារាស្រី៣រូប ក៏នឹងមានតួឯកប្រុសនៅប្រទេសកូរ៉េផ្ទាល់ គឺលោក គឹម ស៊ូមុ នឹងចូលរួមសម្ដែងក្នុងខ្សែភាពយន្តនេះដែរ។
លោកបញ្ជាក់ថា ទោះបីជាការចេញទៅសម្ដែងនៅប្រទេសកូរ៉េក្តី ក៏ដើមទុនចំណាយនៃការផលិត គឺប្រមាណ៥ម៉ឺនដុល្លារអាម៉េរិកប៉ុណ្ណោះ ខណៈដែលការងារមួយចំនួនទទួលបានការអនុគ្រោះយោគយល់ពីក្រុមហ៊ុនមួយនៃប្រទេសកូរ៉េផងដែរ។
លោកនៅមិនទាន់ដាក់ការរំពឹងខ្ពស់ទៅលើខ្សែភាពយន្តនេះនៅឡើយ ប៉ុន្តែលោកថានឹងបន្តប្រឹងប្រែងក្នុងការផលិតដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ ទោះបីជាការផលិតខ្សែភាពយន្តដាក់បញ្ចាំងតាមរោងភាពយន្តខ្មែរបច្ចុប្បន្នភាគច្រើនជារឿងបែបកំប្លែង និងខ្មោចព្រាយបិសាចក្តី ក៏លោកនៅតែចង់បម្រើការកម្សាន្តរបស់អ្នកទស្សនាជាមួយរឿងបែបមនោសញ្ចេតនា បើទោះបីជាខ្សែភាពយន្តនេះទទួលបានការគាំទ្រកម្រិតណាក្តី។
លោកថា ខ្សែភាពយន្តដែលលោកផលិតក្រៅពីការអប់រំលោកក៏ចង់ចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ និងសិល្បៈវប្បធម៌ខ្មែរផងដែរ។ ផលិតករ សក្តិ ស៊ីថន ធ្លាប់ទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈខ្សែភាពយន្តមួយចំនួនដូចជារឿង «តេជោតំឌិន» «ផ្កាស្រពោន» «ភូមិតិរច្ឆាន» និង«ចម្ប៉ា៤ដើម»ជាដើម។
លោកបញ្ជាក់ដែរថា ផលិតកម្មលោកក៏គ្រោងនឹងបន្តផលិតខ្សែភាពយន្តថ្មីៗបន្តទៀតដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន ហើយខ្សែភាពយន្តក្រោយនេះ ក៏លោកគ្រោងនឹងចេញទៅផ្តិតយកទេសភាពនៅតំបន់មួយចំនួននៃប្រទេសកូរ៉េផងដែរ។
លោកថា ខ្សែភាពយន្តក្រោយនឹងកាន់តែមានបច្ចេកទេសខ្ពស់ ទាំងការកាត់.ត និងម៉ាស៊ីនថត គឺរឿង «ខេមា» ដែលមានលាយឡំទាំងបែបមនោសញ្ចេតនា និងសកម្មភាពវាយតប់ផងដែរ៕
តារាសំដែង៣ដួងចេញទៅថតខ្សែភាពយន្តនៅទីក្រុងសេអ៊ូល
0 Comments