ពានរង្វាន់បាល់ទាត់មិត្តហ្វូនខេមបូឌានលីករដូវកាល២០១៥ (Metfone Cambodian League 2015) បានធ្វើដំណើរមកដល់សប្ដាហ៍ទី ២០ ហើយក្នុងពាក់កណ្ដាលសប្ដាហ៍នេះ មុនសម្រាកជាងកន្លះខែ ដើម្បីទុកឱកាសឱ្យក្រុមជម្រើសជាតិកម្ពុជា សម្រាកត្រៀមខ្លួនជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី ជាមួយក្រុមប្រទេសសិង្ហបុរី។
សម្រាប់ការប្រកួតនេះទាំង៦ គូប្រចាំសប្ដាហ៍ទី២០ នេះធ្វើឡើងនៅថ្ងៃពុធ ចំនួន ៣ ប្រកួតនិងថ្ងៃព្រហស្បត្តិ៍ ៣ ប្រកួត។ នេះបើយោងតាមកម្មវិធីប្រកួតដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
នៅថ្ងៃពុធនេះក្រុម វេស្ទើនភ្នំពេញ ត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួនលើទឹកដីខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ ទទួលស្វាគមន៍ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង ៣:៣០ នាទីរសៀល។ ចំណែកក្រុមស្វាយរៀងអែហ្វស៊ី ត្រូវប្រកួតជាមួយគីរីវង់សុខសែនជ័យ នៅវេលាម៉ោង ៣:៣០ នាទីរសៀលដូចគ្នាលើទីលានពហុកីឡដ្ឋានជាតិ ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ BTV ផងដែរ។ លើទីលានពហុកីឡដ្ឋានជាតិនេះដែរ ក្រុមបៀលប្រាយ ត្រូវប្រកួតជាមួយក្រុមភ្នំពេញក្រោន នៅវេលាម៉ោង ៦ ល្ងាច។
ចំណែកការប្រកួតនៅថ្ងៃព្រហស្បត្តិ៍វិញក្រុម ក្រសួងការពារជាតិ ជួបក្រុមណាហ្គាវើល វេលាម៉ោង ៣:៣០ រសៀលលើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ហើយក្រុមមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ប៉ះក្រុមបឹងកេតអង្គរ នៅវេលាម៉ោង ៣:៣០ រសៀលដូចគ្នាលើទីលានពហុកីឡដ្ឋានជាតិ។ ប្រកួតចុងក្រោយក្រុមអាស៊ីអឺរ៉ុប ត្រូវជួបក្រុមខេមបូឌានថាយហ្គឺរ នៅវេលាម៉ោង ៦ ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ ដូចគ្នា។
ក្រោយ MCL 2015 សប្ដាហ៍ទី២០ សម្រាកទៅ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិ នឹងកោះហៅកីឡាករចំនួន ២៣ នាក់ត្រៀមធ្វើដំណើរទៅប្រកួតជាមួយម្ចាស់ផ្ទះសិង្ហបុរី នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៥ ខាងមុខ ក្នុងវគ្គជម្រុះពូល E នៃវគ្គពានរង្វាន់បាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី៕
លីកកម្ពុជា ដល់សប្ដាហ៍ទី២០ មុនសម្រាកជាងកន្លះខែទុកពេលឱ្យជម្រើសជាតិត្រៀមជម្រុះ World Cup
0 Comments