Ad Code

បំផ្ទុះ​គ្រាប់បែក​នៅ​ឯ​ព្រះវិហារ​មូស្លីម ​នៅ​ប៉ាគីស្ថាន​ សម្លាប់​មនុស្ស​១០នាក់

ការ​បំផ្ទុះ​​គ្រាប់បែក​​អត្ដ​ឃាត​​មួយ​នៅព្រះ​វិហារ​​មូស្លីម​ម៉ូស្កេតស៊ីអ៊ីត បានសម្លាប់យ៉ាង​​ហោច​ណាស់​មនុស្ស​១០នាក់ នៅខេត្ដ Baluchistan នៃប្រទេស​​ប៉ា​គីស្ថាន។ នេះបើយោង​តាម​ការ​លើកឡើង​​ដោយ​ក្រុម​​អាជ្ញាធរ។ ការ​វាយប្រហារ​​នេះ​បង្ហាញ​ឲ្យ​ឃើញ​​មានការបារម្ភ​​ខ្លាច​កាន់តែ​ខ្លាំង​​ឡើង ចំពោះ​និកាយ​សាសនា​​នៅពេលប្រារព្ធ​ពិធី​បុណ្យ​តាមនិកាយ​​ស៊ីអ៊ីត​ ហៅថា ពិធី Ashura។


ការ​ភ័យ​ខ្លាច​នៃ​អំពើ​ហិង្សា​​ត្រូវ​បាន​កើន​ឡើង​​នៅ​ឆ្នាំ​នេះ បន្ទាប់ពី​ពួកតាលីបង់​ ដែល​ចែក​ចេញ​​ជាក្រុម​​តូចៗ​សន្យាថា នឹង​ទៅ​ចូលរួម​ជា​មួយ​ក្រុម​​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​នោះ ដែល​​នោះ​​គឺជាក្រុម​​សកម្ម​ប្រយុទ្ធ​និកាយ Sunni ហើយ​ដែល​ផ្ដោត​ទៅ​លើ​​ការ​វាយ​ប្រហារ​​មក​លើ​​ក្រុម​ដែល​ប្រកាន់​​និកាយ​ស៊ីអ៊ីត។ ក្រុម​អ្នក​វិភាគ​​និយាយ​ថា ក្រុម​ប៉ាគីស្ថាន​និកាយ​ Sunni នេះ​ហើយ ដែល​ចង់​បញ្ចូល​ខ្លួន​ទៅ​ក្នុង​ក្រុម​រដ្ឋ​ឥស្លាម​IS នោះ។


មានកុមារ​៦​នាក់ ក៏ស្ថិតនៅ​ក្នុង​​ចំណោម​ជន​រងគ្រោះ​បាត់បង់​ជីវិត​នោះ​ដែរ ហើយ​នៅ​មាន​​មនុស្ស​ជាង​​២០នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ការ​​វាយប្រហារ​កាលពីថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​​ក្រុង​ Bhaag ចម្ងាយ​ប្រមាណ​២០០​គីឡូ​ម៉ែត្រ​​ភាគខាង​កើត​នៃ​ក្រុង​ទីរួមខេត្ដ​ Quetta ដែល​​​នេះ​ជា​ការ​ប្រាប់​ឲ្យដឹង​​ដោយ​​នាយក​នៃ​​ក្រសួង​មហាផ្ទៃ​ប្រចាំ​ខេត្ដ​ លោក Mir Sarfaraz Ahmed Bugti ដល់​ទីភ្នាក់ងារ​ព័ត៌​មាន​ Reuters។


លោក​និយាយថា នេះគឺជាការ​វាយប្រហារ​​អត្តឃាត​ ហើយ​ក្បាល​របស់អ្នកបំផ្ទុះ​​គ្រាប់បែក​​ត្រូវបាន​រកឃើញ​។ នៅ​ពុំ​ទាន់​មានការ​ទទួល​ខុស​ត្រូវ​​បាន​ប្រកាស​អះអាង​​នោះទេ ចំពោះ​ការ​វាយប្រហារ​នោះ។


ខេត្ដ Baluchistan ស្ថិតនៅ​ភាគខាង​កើត​នៃ​​ប្រទេស​ប៉ាគីស្ថាន រង​ការ​​ខ្ទេចខ្ទាំ​ដោយសារ​​អំពើ​ហិង្សា​ពីក្រុម​ផ្ដាច់ខ្លួន​ ហើយក៏​កាន់តែ​រីក​​រាលដាល​​​ឡើ​ង​នៃការ​ប្រកាន់​និកាយ​សាសនា​​អស់​រយៈពេល​​ជាង​មួយ​ទសវត្សរ៍​កន្លង​មកហើយ៕


Reuters



បំផ្ទុះ​គ្រាប់បែក​នៅ​ឯ​ព្រះវិហារ​មូស្លីម ​នៅ​ប៉ាគីស្ថាន​ សម្លាប់​មនុស្ស​១០នាក់

Post a Comment

0 Comments

Close Menu