Ad Code

បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ករណី​រក្សាទុក​​នូវ​សារធាតុ​ញៀន

ភ្នំពេញ ៖ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បានធ្វើការ​ដឹក​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ ផ្តន្ទាទោស​តាមច្បាប់ ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។


ជនសង្ស័យ​ទាំងពីរ​នាក់ ទី​១ ឈ្មោះ សៅ សុ​ផានិត ហៅ រ៉ូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​តុ​ក្នុង​ហាង យីហោ ភូមិ​ធម្មជាតិ ស្នាក់នៅ​ក្នុង​ហាង ភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រប់ ឃុំ​ត្រៀល ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ទី​២ ឈ្មោះ ស្រ៊ុន ឡី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​តុ​ជាមួយគ្នា និង​ស្នាក់នៅ​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​អណ្ដូង ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម។


សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង គឺ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក តិ​មា សោភា អភិបាលរង​ខណ្ឌដង្កោ ដឹកនាំ​កម្លាំង​ចម្រុះ មាន​ទាំង​ប៉ូលិស អាវុធហត្ថ​ខណ្ឌ ក៏ដូចជា​កម្លាំង​សណ្តាប់​ធ្នាប់​សាលា​ខណ្ឌ ចុះ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ នៅ​ចំណុច​មុខ​វត្ត​សំបួរ តាម​បណ្តោយ​ផ្លូវ​២១៧ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយ​ចាប់ផ្តើម​ដាក់​គោលដៅ​ពី​ម៉ោង ១៩ និង​០០​នាទី យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ លុះ​រហូតដល់​វេលា​ម៉ោង ១៩ និង​១០​នាទី ថ្ងៃខែ​ដដែល ស្រាប់​តែ​មាន​ម៉ូតូ មួយ​គ្រឿង ម៉ាក មី​អូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1W-2033 ជិះ​ឌុប​គ្នា​ពីរ​នាក់ បើកបរ​ឆ្លងកាត់​ចំណុច​ត្រួតពិនិត្យ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង។ ប៉ុន្តែ​ដោយមាន​ការសង្ស័យ​សម​ត្ថ​កិច្ច​បាន​ហៅ​ឲ្យ​ឈប់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រកមើល​វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​នៅ​ខាងក្រោយ​បាន យក​កញ្ចប់​ថ្នាំញៀន​បោះចោល​ទៅលើ​ដី តែ​ត្រូវ​សមត្ថកិច្ច​ក្រឡេក​ភ្នែក​ឃើញ​ទាន់ រើស​យក​មក​ពិនិត្យ​មើលឃើញ ក្រាម​ពណ៌ស​ថ្លា ចំនួន ២​កញ្ចប់ ក៏​ឃាត់ខ្លួន​យុវជន​ទាំងពីរ​នាក់​តែម្តង។


សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំងពីរ​នាក់​ឆ្លើយ​សារភាពថា ថ្នាំញៀន​ទាំង​២​កញ្ចប់ គឺ​ពួកគេ បាន​ទិញ​ពី​គេ នៅ​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងតម្លៃ ១៥០០០​រៀល សម្រាប់​យក​ទៅ​ប្រើប្រាស់ ប៉ុន្តែ​មិនទាន់​ទាំង​បាន​ជក់​ផង ក៏ត្រូវ​សមត្ថកិច្ច​ត្រួត​ពិនិត្យឃើញ​វត្ថុតាង​ឃាត់ខ្លួន​ពួកគេ​តែម្តង។


ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕



បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ករណី​រក្សាទុក​​នូវ​សារធាតុ​ញៀន

Post a Comment

0 Comments

Close Menu