Ad Code

សម្ភារៈ និង​វត្ថុតាង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាច្រើន ​ទុកចោល​ឥត​ប្រយោជន៍​

កំពង់ស្ពឺ ៖ តាម​ការសង្កេត​​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​សម្ភារៈ​វត្ថុតាង​ជាច្រើន​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាប់​ និង​ឃាត់ទុក ​ត្រូវ​ទុកចោល​ខូចខាត​មួយ​ចំនួន​ និង​មាន​មួយ​ចំនួន​ទៀត​ខូច​ទាំងស្រុង ​ក្នុង​នោះ​រាប់​ទាំង​វត្ថុតាង​ខ្លះ​រក្សាទុក​នៅ​តុលាការ​ផង​ដែរ។​


ពលរដ្ឋ​ ក៏ដូចជា​មន្ត្រីរាជការ​មួយ​ចំនួន​ដែល​បាន​ឃើញ​នៅ​វត្ថុតាង​ដែល​ចាប់​បាន​ពី​ការ​ដឹក​បទ​ល្មើស​ព្រៃឈើ​បាន​លើក​ជា​ចម្ងល់​ចំពោះ​សម្ភារៈ​មានដូចជា ​ឡាន គោយន្ត ត្រាក់ទ័រ.។​ល.​។ ត្រូវ​បាន​ទុកចោល​រហូត​ខូចខាត​ស្ទើរ​ទាំងស្រុង ហើយ​មួយ​ចំនួន​ក៏​ចាប់ផ្ដើម​ខូចខាត​ជា​បណ្តើរ​ៗ​ហើយ​ដែរ។​


មួយ​ផ្នែក​ធំ​នៅ​តាម​សង្កាត់ ផ្នែក ខណ្ឌ រដ្ឋបាល​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស​គេ​បាន​ឃើញ​មាន​សម្ភារៈ​វត្ថុតាង​ជាច្រើន ​ត្រូវ​បាន​ទុកចោល​គួរ​សោកស្ដាយ ​ខណៈ​តុលាការ​មិនទាន់​បាន​ផ្តល​សិទ្ធិ​ឡាយឡុង ​ឬ​សាលក្រម​សម្រេច​បែប​ណា​នោះ។​ មិន​ថា​តែ​សម្ភារៈ​ដែល​រក្សាទុក​នៅ​រដ្ឋបាល​ព្រៃឈើ​នោះ​តេ សូម្បីតែ​សម្ភារៈ​ដែល​ទុក​នៅ​តុលាការ ​ក៏បាន​ខូចខាត​ ដោយ​ក្លាយ​ជា​អេតចាយ​អស់​ទៅ​ហើយ​ដែរ។​


មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខ្លះ​បាន​លើក​ឡើង​ក្នុង​លក្ខណៈ​មិន​ចេញ​ឈ្មោះថា​កាល​ពី​កន្លងមក​បទ​ល្មើស​ដែល​ចាប់​បាន​ត្រូវ​រក្សាទុក​ និង​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ ហើយ​រង់​ចាំ​តុលាការ​សម្រេច​ ទើប​ខាង​រដ្ឋបាល​ព្រៃឈើ​មាន​សិទ្ធិ​ចាត់ចែង។ ដោយសារតែ​បែបនេះហើយ​ ទើបបាន​ជា​សម្ភារៈ​ជាច្រើន​ត្រូវ​ទុល​ចោល​ធ្វើ​ឲ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ឥឡូវនេះ​បាន​ប្ដូរ​បន្តិច​ដោយ​ចាប់​បាន​បទល្មើស​ និង​វត្ថុតាង រដ្ឋបាល​ព្រៃឈើ​អាច​ស្នើ​យក​ឈើ​មក​រក្សាទុក​បាន តែ​ចំពោះ​វត្ថុតាង​នៅ​តែ​រង់ចាំ​ស្ថាប័ន​តុលាការ​សម្រេច​ដដែល។​


ពលរដ្ឋ​ ក៏ដូចជា​រាជការ​ នៅ​តែ​មាន​ការ​សោកស្ដាយ​ចំពោះ​វត្ថុតាង​ដែល​បាន​ទុកចោល នៅ​ពេល​ដែល​គង់តែ​សម្រេច​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​ដដែល ហើយ​បើ​សម្រេច​មក​ជា​សម្បត្តិ​រដ្ឋ​គង់នៅ​ប្រើ​មិនកើត​ដដែល ​ពោល​ស្មើ​នឹង​ដុត​កម្ទេច​ចោល។​ ផ្នែក​តាមច្បាប់​ស្ដីពី​ព្រៃឈើ​ ត្រង់​ជំពូក​ទី​១៥ មាត្រា ៩០​បាន​ចែងថា ទណ្ឌកម្ម​ក្នុង​បទល្មើស​ព្រៃឈើ​មាន​ទោស​ជាប់​ពន្ធនាគារ រឹបអូស​វត្ថុតាង និង​ពិន័យ​ដោយ​តុលាការ ពិន័យ​អន្តរការណ៍ ការ​ជួសជុល​ការខូចខាត ការព្រមាន ការ​ដកហូត ឬ​ការ​ព្យួរ​កិច្ច​ព្រមព្រៀង​ ឬ​លិខិត​អនុញ្ញាត។ ​នៅ​ក្នុង​ច្បាប់​ស្ដីពី​ព្រៃឈើ​ត្រង់​ជំពូក​ទី​១៥​នេះ​ មាត្រា​៩៨ ក៏បាន​ចែង​ពី​ទោស​ទណ្ឌ​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ និង​អ្នក​ចាប់​សត្វព្រៃ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ៕​
Pisey-2015-10-26-full-GPisey-2015-10-26-full-G2 Pisey-2015-10-26-full-G3 Pisey-2015-10-26-full-G4 Pisey-2015-10-26-full-G7 Pisey-2015-10-26-full-G8




សម្ភារៈ និង​វត្ថុតាង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាច្រើន ​ទុកចោល​ឥត​ប្រយោជន៍​

Post a Comment

0 Comments

Close Menu