ភ្នំពេញ ៖ អង្គការស្នាមញញឹមកម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាលបានសហការជាមួយ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតធ្វើការវះកាត់កុមារដែលមានមាត់ឆែប នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែតុលាដោយឥតគិតថ្លៃ។
លោកទិត្យ ប៊ុនអេង តំណាងឲ្យអង្គការស្នាមញញឹមកម្ពុជា បានប្រាប់ឲ្យថា អង្គការស្នាមញញឹមកម្ពុជា បានសហការជាមួយនឹងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីរៀបចំយុទ្ធនាការ វះកាត់កុមារ ឆែបមាត់ ដោយមានអ្នកចុះឈ្មោះ ចំនួន ៦៨នាក់ ដែលភាគច្រើនមកពីតាមបណ្ដាខេត្តផ្សេងៗ។
លោកបានបន្តថា អង្គការរបស់លោកទទួលវះកាត់មាត់ឆែប ឆែបក្រអូមមាត់ និង ពិការភាពមុខមាត់ផ្សេងៗ របស់កុមារ និង មនុស្សចាស់។ ចំពោះកុមារដែលឆែបមាត់ត្រូវមានអាយុចាប់ពី ៦ ខែឡើងទៅ រីឯកុមារដែលមានឆែបក្រអូមមាត់ខាងក្នុងត្រូវមានអាយុចាប់ពី ១១ ទៅ ១២ខែឡើងទើបអាចទទួលការវះកាត់បាន។
លោក ប៊ុនអេង ក៏បានបន្តទៀតថា អ្នកដែលវះកាត់រួច តម្រូវឲ្យសម្រាកនៅមន្ទីរពេទ្យយ៉ាងហោចណាស់ក៏ ពីរថ្ងៃដែរ ប៉ុន្តែរាល់ការចំណាយថ្លៃថ្នាំ ការស្នាក់នៅជាបន្ទុក របស់អង្គការស្នាមញញឹមកម្ពុជាព្រមទាំងថវិកាបន្តិចបន្តួចសម្រាប់ជាការចាយវាយពេលត្រឡប់ទៅផ្ទះវិញ។
អង្គការ ស្នាមញញឹមកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ ២០០២ មកមានបេសកកម្មលើសុខភាព។ រយៈពេល ១៣ ឆ្នាំមកនេះអង្គការ បានសម្រេចបេសកកម្មមនុស្សធម៌ផ្សេងៗ បាន ៥៥ដងមកហើយដែលមានដូចជាការ វះកាត់ពិការភាពមុខមាត់ និង ការបង្រៀនសង្គ្រោះបឋមជាដើម៕
អង្គការស្នាមញញឹមកម្ពុជាសហការជាមួយពេទ្យរុស្សី វះកាត់កុមារមាត់ឆែបដោយឥតគិតថ្លៃ
0 Comments