Ad Code

ឯកអគ្គរដ្ឋទូត​កូរ៉េ ជួបពិភាក្សា​ជាមួយ​អភិបាលខេត្តសៀមរាប

សៀមរាប ៖ កាលពី​រសៀល​ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ​២០១៥ លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត សៀមរាប បាន​ជួប​សវនាការ ជាមួយ​លោក​ គីម វ៉ុ​ន​ជីន ឯកអគ្គរដ្ឋទូត នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ ព្រះរាជាណាចក្រ​កម្ពុជា នៅ​សណ្ឋាគារ​បុរី អង្គរ ខេត្តសៀមរាប ដើម្បី​ធ្វើការ​ពិភាក្សា និង​សុំ​ការណែនាំ​មួយចំនួន ក្នុង​ការបង្កើត​ការិយាល័យ​អគ្គ​កុងស៊ុល​កូរ៉េ នៅ​ខេត្តសៀមរាប នៅ​ឆ្នាំ​២០១៦។


ក្នុង​កិច្ចពិភាក្សា​នោះ លោក គីម វ៉ុ​ន​ជីន ក៏បាន​ធ្វើការ​បញ្ជាក់​ពី​គោលបំណង ក្នុង​ការ​ចុះ​មក​បំពេញ​បេសកកម្ម​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ក្នុង​ការ​ជម្រាប​ជូន​លោក​អភិបាលខេត្ត ដើម្បី​ធ្វើការ​រៀបចំ​បង្កើត​នូវ​ការិយាល័យ​អគ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​ខេត្តសៀមរាប​។


លោក​អគ្គរដ្ឋទូត​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​សភាពការណ៍​សន្តិសុខ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ នៅ​ខេត្តសៀមរាប​ហើយ​បាន​កំពុង​ទាក់ទាញ​នូវ​អារម្មណ៍​នៃ​ភ្ញៀវ​ទេសចរណ៍​នៅ​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត  ក្នុងចំណោម​នៃ​ភ្ញៀវ​ទេសចរណ៍​នេះ ក៏​មាន​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​កូរ៉េ​ផង​ដែរ។ ម្យ៉ាងទៀត​ដោយ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​ផ្តល់​ឱកាស​ដល់​ប​ង​ប្អូន ប្រជាជន​កូរ៉េ មក​ធ្វើ​វិនិយោគ លើ​វិស័យ​ទេសចរណ៍ និង ពាណិជ្ជកម្ម ឬ អង្គការ​ផង​នោះ ទើប​រដ្ឋាភិបាល​កូរ៉េ ក៏​ដូច​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា បង្កើត​ឲ្យ​មាន​ការិយាល័យ​អគ្គ​កុងស៊ុល​នេះ​ឡើង ដើម្បី​បង្ក​ភាព​ងាយស្រួល ក្នុង​ការ​ទំនាក់ទំនង និង កិច្ច​សហប្រតិបត្តិការ​នឹង​គ្នា រវាង​អាជ្ញាធរ​ខេត្តសៀមរាប ជាមួយ​ស្ថានទូត​កូរ៉េ លើ​ការ​គ្រប់គ្រង​បងប្អូន​ជនជាតិ ដែល​រស់​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ព្រមទាំង​ជួយ​សម្របសម្រួល​នូវ​ការងារ​មួយចំនួន បាន​ទាន់​ពេលវេលា​ផង​ដែរ។


លោក​ឯកអគ្គរដ្ឋទូត ក៏បាន​កោតសរសើរ​ពី​ភាព​ដឹកនាំ​របស់​អាជ្ញាធរ​ខេត្ត ដែល​បាន​ធ្វើ​កិច្ច​អភិវឌ្ឍន៍​ខេត្ត ឲ្យ​មានការ​រីកចម្រើន ប្រែ​មុខមាត់​ថ្មី​ស្រស់​ត្រកាល​ស័ក្តិសម​ជា​ខេត្ត​វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ហើយ​បាន​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​មក​ទស្សនា​កម្សាន្ត​មានការ​កើនឡើង។


មានប្រសាសន៍​នោះ​ដែរ​លោក ឃឹម ប៊ុន​សុង  ក៏បាន​ធ្វើការ​សាទរ ស្វាគមន៍​ចំពោះ​ការបង្កើត​ឲ្យ​មាន ការិយាល័យ​អគ្គ​កុងស៊ុល​កូរ៉េ​នៅ​ខេត្តសៀមរាប ក្នុង​ការ​បម្រើ​ដល់​ផលប្រយោជន៍​នៃ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។ លោក​ក៏បាន​បន្ត​ទៀត​ថា ក្រោម​គោលនយោបាយ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ច​ដឹក​នាំ ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស។ ដោយ​កត្តា​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ខេត្ត​មានការ​អភិវឌ្ឍន៍​រីកចម្រើន លើ​គ្រប់​វិស័យ​សំខាន់​វិស័យ​ទេសចរណ៍។


លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន​ខេត្ត​បាន​កំពុងធ្វើការ​កែ​លំអ​សោ​ភណ្ឌ​ភាព​ក្រុង ឲ្យ​កាន់តែ​ស្រស់​ត្រកាល​ប្រកបដោយ​ពណ៌​បៃតង។ ក្រៅពី​ការ​អភិឌ្ឍន៍​ខេត្ត​បាន​រួម​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការ​អភិរក្ស ថែរក្សា លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​នៅ​តាម​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ សំខាន់​លើ​ការងារ​សន្តិសុខ​ទេសចរណ៍ អនាម័យ បរិស្ថាន និង ចរាចរណ៍​ជាដើម។


ម្យ៉ាងទៀត​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​កូរ៉េ ដែល​ចូល​មក​ខេត្តសៀមរាប​គឺ​ស្ថិតនៅ​លំដាប់ថ្នាក់​លេខ​៤។ លោក ឃឹម ប៊ុន​សុង ក៏បាន  ផ្តល់​នូវ​អនុសាសន៍​ល្អៗ​មួយចំនួន​និង​សំណូមពរ​ដល់​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ សូម​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នក​វិនិយោគ​កូរ៉េ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​សំខាន់​នៅ​ខេត្តសៀមរាប អាជ្ញាធរ​ខេត្ត​នៅ​រង់ចាំ​ស្វាគមន៍​ជានិច្ច​។ ចំពោះ​ការបង្កើត​ការិយាល័យ​អគ្គ​កុងស៊ុល​កូរ៉េ​នៅ​ខេត្តសៀមរាប ក៏​ជា​ការ​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​វិនិយោគ​និង​ប្រជាជន​កូរ៉េ​រស់នៅ​ខេត្តសៀមរាប បាន​ធ្វើ​ការ​បន្ត​ទិដ្ឋាការ​របស់​ខ្លួន​បាន​ទាន់​ពេលវេលា និង បង្កើន​នូវ​ការ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។ ម្យ៉ាងទៀត​កន្លងមក​ខេត្តសៀមរាប​ក៏បាន​រៀបចំ​ឲ្យ​មាន​នូវ​សមាគម​ជនជាតិ​កូរ៉េ ក្នុង​ការងារ​គ្រប់គ្រង​បងប្អូន​ជា​ជនជាតិ​កូរ៉េ ក្នុង​ការធានា​សុវត្ថិភាព​ជូន​ដល់​បងប្អូន​ផងដែរ៕


T-10-27-15-o-fullT-10-27-15-oo-fullT-10-27-15-ooo-full



ឯកអគ្គរដ្ឋទូត​កូរ៉េ ជួបពិភាក្សា​ជាមួយ​អភិបាលខេត្តសៀមរាប

Post a Comment

0 Comments

Close Menu