ព្រៃវែង ៖ ចោរឆក់ខ្សែ.កម្នាក់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់យ៉ាងប្រផាប់ប្រភីង បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ខ្សែ.ក ពីយុវតីរងគ្រោះម្នាក់ មិនបានសម្រេច។
ហេតុការណ៍ខាងលើ បានកើតឡើង កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨និង២០នាទី នៅតាមបណ្តោយផ្លូវក្រាលក្រួសក្រហមស្ថិតក្នុងភូមិសង្កែ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស៊ាងឃ្វាងបានឲ្យដឹងថា មុនពេលកើតហេតុយុវតីរងគ្រោះឈ្មោះ រុន ស្រីវ៉ាត ភេទស្រី អាយុ១៧ឆ្នាំ កំពុងជិះម៉ូតូនៅតាមផ្លូវខាងលើ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ1F-7530បើកបរដោយជនសង្ស័យ បានធ្វើសកម្មភាពឆក់ខ្សែ.ករបស់យុវតីរងគ្រោះ ខណៈជនរងគ្រោះបានស្រែកឲ្យគេជួយ ហើយភ្លាមៗនោះដែរ ប្រជាពលរដ្ឋដែលនៅជិតនោះ ប្រជាការពារនិងកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ស៊ាងឃ្វាង បាននាំគ្នាដេញប្រផាប់ប្រភីងចាប់ជនសង្ស័យបានភ្លាមៗផងដែរ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យខាងលើឈ្មោះ ម៉េត ដែន ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅភូមិ នៅភូមិត្រពាំងដង្ហិត ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ច បានចាប់យកវត្ថុតាងខ្សែ.កមាសទម្ងន់៤ជីកន្លះរបស់ជនរងគ្រោះ និងម៉ូតូ ដែលជនល្មើសបានជិះធ្វើសកម្មភាព។ បច្ចុប្បន្នសមត្ថកិច្ច បានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងដើម្បីចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments