Ad Code

ក្រុម​ក្រសួងការពារជាតិ បញ្ចប់​កុងត្រា​ជាមួយ​កីឡាករ​បរទេស​ម្នាក់​និង​កាត់​ប្រាក់ខែ​កីឡាករ​ម្នាក់ទៀត​ក្រោយ​មាន​អំពើ​ហិង្សា



​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បាន​ម្រេច​ចិត្ត​បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់​ជាមួយ​កីឡាករ​បរទេស​ម្នាក់ ហើយ​កីឡាករ​បរទេស​ម្នាក់ទៀត​នៅក្នុង​ក្រុម​ក៏​ត្រូវ​កាត់​ប្រាក់ខែ​២​ខែ​ផងដែរ ក្រោយ​មានរឿង​ចម្រូងចម្រាស​កើតឡើង​ក្នុង​ប្រកួត​សប្ដាហ៍​ទី​៨ កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ​។

លោក ខូវ ឆាយ អគ្គលេខាធិការ​ក្លិប​ក្រសួងការពារជាតិ បានធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​ដោយ​បាន​បញ្ចប់​កិច្ចសន្យា​កីឡាករ​កូរ៉េខាងត្បូង Song chi-hun និង កាត់​ប្រាក់​ឈ្នួល​ចំនួន​ពីរ​ខែ​ពី​កីឡាករ​ជប៉ុន Yudai Ogawa​បន្ទាប់ពី​ករណី​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ​ព្រះខ័ន​រាជ​ស្វាយរៀង កាល​ថ្ងៃអាទិត្យ ទី​០៣ មិថុនា កន្លង​ទៅលើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។



លោក ខូវ ឆាយ ថា ការដាក់ពិន័យ​លើ​កូនក្រុម​ខ្លួន​នេះ​ដើម្បី​ជា​គំរូ​ដល់​កីឡាករ​ដទៃទៀត​កុំ​ឲ្យ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​។ លោក​ថា​«​ចំណាត់ការ​របស់​យើង​គឺមាន​ការដាក់ពិន័យ​ដល់​កីឡាករ​យើង​ពីរ​នាក់​។ ទី​១ គឺ​កីឡាករ Song chi-hun ដែល​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នេះ​។ យើង​មិន​កាត់ក្ដី​ថា អ្នកណា​ខុស នរណា​ត្រូវ​ទេ យើង​ទុក​តួនាទី​នេះ​ដល់​សហព័ន្ធ​។ តែ​សម្រាប់​យើង គឺជា​លក្ខ​ខ​ន្តិ​កៈ​របស់​យើង​ដែល​មិន​ឲ្យ​កីឡាករ​ណាមួយ​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ទេ ព្រោះ​វា​ខុស​នឹង​បទបញ្ជា​របស់​យើង​។ ម្នាក់ទៀត គឺ​កីឡាករ​ជប៉ុន Yudai Ogawa ដែល​ពាក់ព័ន្ធ​ដែរ គឺ​យើង​នឹង​កាត់​ប្រាក់ខែ​ចំនួន​ពីរ​ខែ​។

ថ្នាក់ដឹកនាំ​ក្លិប​រូប​នេះ​ បាន​បញ្ជាក់​ថា ​ការសម្រេចចិត្ត​នេះ​គឺ​លោក​ចង់​ព្រមាន​ដល់​កីឡាករ​របស់លោក ឯទៀត​កុំ​ឲ្យ​ពាក់ព័ន្ធ​ទៅនឹង​អំពើហិង្សា​បែបនេះ ព្រោះ​ក្លិប​លោក​ជា​ក្លិប​ស្ថិតក្រោម​ចំណុះ​ក្រសួងការពារជាតិ គឺមាន​វិន័យ​ត្រឹមត្រូវ​។ ក្លិប​របស់​លោក​នឹង​ទទួលយក​ការ​ពិន័យ​ដោយឡែក​ទៀត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ចំពោះ​ករណី​ហិង្សា​នេះ​។

សូម​រំលឹក​ថា ​ការ​ការប្រកួត​ហៀបនឹង​ចប់​ទៅ​ហើយ ខណៈ​ក្រសួង​ការពារ​ជាតិ​នាំមុខ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ២​ទល់​១ ក៏​មាន​ករណី​ប៉ះទង្គិច​គ្នា​នេះ​កើតឡើង​ក្រោយ ណុប តុលា របស់​ព្រះខ័ន​រាជ​ស្វាយរៀង​ឈូស​ទៅលើ​កីឡាករ Song chi-hun របស់​ក្រុម​ក្រសួងការពារជាតិ ហើយ​កើតការ​ប្រទូស្ដ​រាយ​គ្នា​។ ក្រោយ​ហេតុការណ៍​នេះ​កីឡាករ Yudai Ogawa ក្រសួងការពារជាតិ ត្រូវ​គ្រូពេទ្យ​ឲ្យ​សម្រាក​រយៈពេល​១​ខែ​ព្រោះ​រហែក​ក្រដាស​ត្រជៀក និង​មាន​របួស​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​។ យ៉ាងណា​នៅ​មិន​ទាន់​មាន​លិខិត​ពិន័យ​ផ្លូវការ​ពី​គណៈកម្មការ​វិន័យ​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជុំវិញហេតុការណ៍​នេះ​នៅ​ឡើយ​នោះទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu