កណ្តាល ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងចាប់ឃាត់ខ្លួន ក្រោយប្រជាពលរដ្ឋបានផ្តល់ដំណឹងពីសកម្មភាពនៅ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៣០នាទី ចំណុច រោងចិញ្ចឹមមាន់ជល់ របស់ឈ្មោះ អ៊ុំ តុលា ស្ថិតក្នុងភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃាង គីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។
រីឯបក្ខពួកម្នាក់ទៀត ឈ្មោះ អ៊ុំ តុលា ហៅ យ៉ា ហៅ នី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ កោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំតម្លៃ២០ម៉ឺនរៀល។
លោកអធិការបន្តថា ថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរកាខ្ពស់ បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឃាង គីណា ចំណែកឈ្មោះ អ៊ុំ តុលា គេចខ្លួន។ បន្ទាប់មក បានធ្វើការត្រួតពិនិត្យ ឆែកឆេរ រោងចិញ្ចឹមមាន់ជល់របស់ជនសង្ស័យឈ្មោះ អ៊ុំ តុលា ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំនិងលោកមេភូមិកោះគរ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំដែលលាក់នៅជញ្ជាំងរោងចំហៀង ខាងត្បូង រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរបន្ដ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឃាង គីណា បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំនេះ ជារបស់ឈ្មោះ អ៊ុំ តុលា ដែលទុកសម្រាប់ឲ្យខ្លួន(គីណា)លក់ឲ្យអ្នកទូរស័ព្ទមកទិញចំនួន២០ម៉ឺនរៀល មុនពេលសមត្ថកិច្ចឃាត់ ខ្លួននេះពិតប្រាកដមែន។
ឈ្មោះ ឃាង គីណា បានសារភាពទៀតថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ អ៊ុំ តុលា បានឲ្យគ្រឿងញៀន(ម៉ាទឹកកក)មកខ្លួន ដើម្បីយកទៅលក់ឲ្យគេមិនស្គាល់ឈ្មោះ ក្នុង០១កញ្ចប់តូចតម្លៃ ៥០,០០០៛ ហើយរយៈពេលប្រហែល០២ខែកន្លងមកឈ្មោះឃាង គីណា ធ្លាប់បានលក់គ្រឿងញៀនប្រភេទម៉ាទឹកកកឲ្យគេមិនស្គាល់ឈ្មោះចំនួន០៥កញ្ចប់មានតម្លៃពី៤ម៉ឺនទៅ៥ម៉ឺនរៀលនិងធ្លាប់ប្រើប្រាស់គ្រឿងញៀនម៉ាទឹកកករយៈពេល២ឆ្នាំរហូតមកដល់សព្វថ្ងៃនេះ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕
Source: Kampuchea Thmey Daily
0 Comments