គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានជូនដំណឹងដល់ក្លិបពាក់ព័ន្ធទាំងអស់ចូលរួមប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ថា ទីផ្សារដោះដូរកីឡាករលើកទី២ និងការចុះបញ្ជីកីឡាករថ្មីសម្រាប់ត្រៀមជុំទី២ នឹងបើកពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ពោលគឺមានរយៈពេលកន្លះខែគត់។
យោងតាមលិខិតផ្លូវការដែលចេញដោយ CNCC បាន បញ្ជាក់ថា ការដោះដូរកីឡាករជើងទី២នេះអាចធ្វើបានលើកីឡាករកម្ពុជា៣រូប និងកីឡាករបរទេស៣រូប។ ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះនឹងប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និងពានរង្វាន់ Singapore Cup ជាដើម។
គិតត្រឹមពេលនេះពានរង្វាន់លីគកំពូលកម្ពុជា ធ្វើដំណើរដល់សប្តាហ៍ទី៨ ហើយខណៈជុំទី១នៃរដូវកាលនេះនឹងបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខ។ តាមគម្រោងការប្រកួតជុំទី២នឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមិថុនា ហើយកីឡាករថ្មីៗដែលក្លិបនីមួយៗជាសមាជិកទាំង១២ក្រុមបានចុះបញ្ជីលើកទី២នេះនឹងចូលលេងបាន។
សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី៩ នៃពានរង្វាន់លីគកំពូលកម្ពុជា នឹងបន្តធ្វើឡើងនៅចុងសប្ដាហ៍នេះដោយនៅថ្ងៃសៅរ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៨ក្រុមអង្គថាយហ្គឺរ ប៉ះក្រុមសូលទីឡូអង្គរ នៅវេលាម៉ោង៣និង៣០នាទីល្ងាច លើទីលានកីឡដ្ឋានខេត្តសៀមរាប ហើយវេលាម៉ោង៣រសៀលមួយគូទៀតក្រុមវិសាខា ប៉ះក្រុមព្រះខ័នរាជស្វាយរៀង លើទីលានកីឡដ្ឋានវេស្ទើន និងក្រុមភ្នំពេញក្រោន ទទួលបឹងកេត នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋាន RSN Stadium។ ចំណែកនៅថ្ងៃអាទិត្យ ទី១០ ខែមិថុនា វិញក្រុមអាស៊ីអឺរ៉ុប ទទួលក្រុមវេស្ទើនភ្នំពេញ លើទីលានកីឡដ្ឋាន AEU Park ហើយក្រុមក្រសួងការពារជាតិ ទទួលក្រុមអគ្គីសនីកម្ពុជា លើទីលានស្តាតចាស់ វេលាម៉ោង៦ល្ងាចនិងក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិប៉ះណាហ្គាវើលលើទីលានពហុកីឡដ្ឋានជាតិវេលាម៉ោង៦ល្ងាច៕
Source: Kampuchea Thmey Daily
0 Comments