Ad Code

លួច​ម៉ូតូ​គេ​បាន​ហើយ ​យក​ទៅ​លាក់​ទុក ​ ប៉ះចំ​ម៉ូតូ​​​បំពាក់​GPS​ ម្ចាស់​រក​ឃើញ​ ហៅ​ប៉ូលិស​មក​ចាប់​ដល់​ផ្ទះ



ភ្នំពេញ ​៖ ​បក្ខពួក​ចោរ​លួច​ម៉ូតូ​ម្នាក់​ក្នុងចំណោម​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​បណ្ដឹង​ជាក់ស្តែង​របស់​ជនរងគ្រោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ដែល​ការ​ចាប់ខ្លួន​ងាយៗ​នោះ ​ធ្វើឡើង​ដោយសារ​ម៉ូតូ​របស់​ជនរងគ្រោះ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ប្រភេទ​ជី​ភី​អេស (GPS)​ភ្ជាប់​ម៉ូតូ។

ជនសង្ស័យ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ ឈ្មោះ កែវ ម៉ា​លីន ភេទ​ប្រុស អាយុ៣៨​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ ស្នាក់នៅ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ប៉ូលិស​មូលដ្ឋាន​និយាយ​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​តាម​បណ្តឹង​របស់​ជន​រងគ្រោះ​ម្នាក់​ជា​ម្ចាស់​ម៉ូតូ ឈ្មោះ ឈុំ ភិត​សុភា ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ មាន​ទី​លំ​នៅផ្ទះ​លេខ​១១១​អឺ​២ (​ជាន់​ទី​២) ភូមិ​០៧​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។

តាម​បណ្តឹង​រៀបរាប់​របស់ ឈុំ ភិត​សុភា ជា​ម្ចាស់​ម៉ូតូ បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ គាត់​បាន​ចាក់សោ​ម៉ូតូ​របស់​គាត់ ​ដាក់​នៅ​ក្រោម​ជណ្តើរ​យ៉ាង​ត្រឹមត្រូវ​ ​ទើប​ឡើង​ទៅ​ផ្ទះ​ជាន់​ទី​២​។

នៅពេល​ព្រឹក​ឡើង​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ ស្រាប់តែ​បាត់​ម៉ូតូ​ពេលនោះ​គាត់​ក៏បាន​បើក​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​មើលឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​កាត់​សោ​លួច​យក​ម៉ូតូ​របស់​គាត់​។

ជនរងគ្រោះ​បាន​បន្ត​ថា ភ្លាមៗ​នោះ​គាត់​ក៏បាន​បើក​ទូរស័ព្ទ​តាម​រក​មើល​ម៉ូតូ​របស់​គាត់​ព្រោះ​បាន​បំពាក់​ប្រ​ព័​ន្ធ​ជី​ភី​អេស ក៏​តាម​រក​ឃើញ​នៅក្នុង​ផ្ទះមួយ​នៅក្នុង​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ទើប​សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន​មក​ចាប់​តែម្តង។

នៅក្នុង​ការ​បង្ក្រាប​នោះ ​ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់​ ជា​ជនសង្ស័យ​ខាងលើ និង​បាន​រកឃើញ​ម៉ូតូ​របស់​ជនរងគ្រោះ​យក​មក​វិញ​ម៉ាក​ហុងដា ប្រភេទ​គុប​ជ្រុង អាគុយ​ស្ងួត​ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW-6877 ព្រមទាំង​ដកហូត​ម៉ូតូ​ម៉ាក​ស្មាស​មួយ​គ្រឿង​ទៀត ​នៅក្នុង​ផ្ទះ​កើតហេតុនោះ។

ជនសង្ស័យ​បាន​សារភាព​ថា នៅក្នុង​ពេល​ធ្វើ​សកម្មភាព​នោះ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​នេះ ឌុប​បក្ខពួក​ម្នាក់​ឈ្មោះ អែម រដ្ឋា ហៅថា (​គេចខ្លួន​) ចូលរួម​លួច​។ ពេល​លួច​បាន​ជាប់​សោ.ក ខ្លួន​ក៏បាន​ហៅ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មក​ដឹក​ពី​ខណ្ឌដូនពេញ​យក​ទៅ​លាក់​ទុក​នៅ​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី ប៉ុន្តែ​ពេលព្រឹក​ឡើង​បែរជា​ត្រូវ​ប៉ូលិស​មក​ឡោម​ព័​ទ្ធ​ចាប់ខ្លួន​តែម្តង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu