Ad Code

បណ្ឌិត​សភាចា​រ្យ​សុខ អាន​អញ្ជើញ​ចូលរួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព កម្ពុជា​- រុស្សី​

ភ្នំពេញ ៖ ស្តូប​អនុស្សាវរីយ៍​មិត្តភាព កម្ពុជា​- រុស្សី ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៥​ក្រោម​ការ​អញ្ជើញ​ជា​អធិបតីភាព​ពី​សំណាក់​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​និង​លោក DMITRY TSVETKOV ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា រួម​ទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត។


ស្តូប​អនុស្សាវរីយ៍​នោះ​គឺ ជា​និមិត្តរូប​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណងមិត្តភាព​និង​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​ដែល​កើតមាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ហើយ​កាន់តែ​រឹងមាំ​ថែមទៀត។


លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​ថ្លែង​អះអាង​ថា ការ​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព កម្ពុជា​-​រុស្សី នា​ពេល​នេះ​គឺ​ដើម្បី​រំលឹក​ដល់​កិច្ច​សហប្រតិបត្តិការ​ជា​មិត្តភាព​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស រំ​ឮ​ក​ដល់​អនុស្សាវរីយ៍​នៃ​ការសាងសង់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បច្ចេកទេស​ដ៏​ចំណាស់​ជាងគេ​មួយ​នៅ​កម្ពុជា គឺ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពី​ប្រាំ​ទសវត្សរ៍​មុន​។


ទន្ទឹម​នឹង​ការ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហព័ន្ធ​រុស្ស៊ី​ក្នុង​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​កន្លងមក លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​ស្ថាបនិក​វិទ្យាស្ថាន ក៏ដូចជា​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីរាជការ និង​បុគ្គលិក​សិក្សា​ទាំងអស់ ក្នុង​ការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស និង​ការអភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា រហូត​ក្លាយជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​បច្ចេកទេស​នាំ​មុខ​គេ​មួយ​នៅ​កម្ពុជា​។


លោក សុខ អាន បាន​អះអាង​ម្តង​ទៀត​ថា ស្តូប​អនុស្សាវរីយ៍​នេះ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​មិត្តភាព​ដ៏​ល្អ និង​យូរអង្វែង​រវាង​កម្ពុជា​និង​រុស្ស៊ី ដែល​កើតមានឡើង​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៥០មក។


លោក​បណ្ឌិត​សភាចា​រ្យ​ក៏បាន​រម្លឹក​នូវ​ការ​ចង់ចាំ​ថា នៅ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រដ្ឋ​ជា​សមាជិក​អតីត​សហភាពសូវៀត ជាពិសេស​រុស្ស៊ី បាន​ផ្ដល់នូវ​ការគាំទ្រ​ដ៏​សំខាន់​ដល់​កម្ពុជា សម្រាប់​ការ​កសាង​ប្រទេស​ឡើងវិញ បន្ទាប់ពី​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ស្ទើរ​ទាំងស្រុង​លើ​គ្រប់​វិស័យ ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុលពត តាមរយៈ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ខណៈដែល​ប្រទេស​មួយចំនួន​បានដាក់​ការ​ហ៊ុមព័ទ្ធ​មក​លើ​កម្ពុជា​។


លោក​បណ្ឌិត​សភាចា​រ្យ​បាន​សង្កត់ធ្ងន់​ថា ពេលនោះ​ជំនួយ​មនុស្សធម៌ ដែល​អតីត​សហភាពសូវៀត​ផ្ដល់​ឲ្យ​កម្ពុជា បាន​ជួយ​រំលែក​នូវ​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​កម្ពុជា​ក្នុង​កិច្ច​ការ​កសាង ស្ដារ និង​អភិវឌ្ឍ​ប្រទេស​ឡើងវិញ ចេញពី​បាតដៃ​ទទេ នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។ ទន្ទឹម​នេះ​ទៅទៀត នៅក្នុង​វិស័យ​អប់រំ សហព័ន្ធ​រុស្ស៊ី និង​អតីត​សហភាពសូវៀត ក៏បាន​ចូល​រួម​ចំណែក​យ៉ាងច្រើន​ផងដែរ នៅក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​សម្រាប់​កម្ពុជា ទាំង​នៅ​កម្ពុជា​និង​នៅ​អតីត​សហភាពសូវៀត​។


គិត​មកដល់​ពេល​បច្ចុប្បន្ន​នេះ មាន​និស្សិត​ជាង ៨០០០​នាក់ បាន​ទៅ​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី និង​អតីត​សហភាពសូវៀត ហើយ​អតីត​និស្សិត​ទាំងនោះ​មួយចំនួន​បាននឹងកំពុង​បម្រើការ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​ដែរ។


លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា គឺជា​សមិទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​ទៀត ដែល​កើត​ចេញ​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​កម្ពុជា និង​អតីត​សហភាពសូវៀត ហើយ​បាននឹងកំពុង​ដើរ​តួនាទី​យ៉ាងសកម្ម​ក្នុង​ការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស លើ​វិស័យ​វិស្វកម្ម​បច្ចេកវិទ្យា និង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។


គួរ​បញ្ជាក់​ថា យោង​តាម​របាយការណ៍​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​បង្ហាញថា ជា​រៀងរាល់ឆ្នាំ និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ប្រមាណ ៧០% ទទួល​បាន​ការងារ​ធ្វើ​ភ្លាមៗ បន្ទាប់ពី​ការ​បញ្ចប់​ការសិក្សា​៕


T-10-27-15-t-fullT-10-27-15-tt-full



បណ្ឌិត​សភាចា​រ្យ​សុខ អាន​អញ្ជើញ​ចូលរួម​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព កម្ពុជា​- រុស្សី​

Post a Comment

0 Comments

Close Menu