ជាធម្មតាសាលារៀននីមួយៗ តែងមានការបង្ហាញអំពីបញ្ហាវត្តមាននិងបញ្ហាអវត្តមានសិស្ស។ គេតែងបានដឹងថា គ្រូបង្រៀនតែងបានស្រង់ឈ្មោះសិស្សអវត្តមានរាល់ថ្ងៃនិងរាល់ម៉ោងនៃការសិក្សា។ ចំពោះវត្តមានសិស្សនោះគឺ មិនមានបញ្ហានោះទេ បានសេចក្តីថា ជាការរួចខ្លួនដល់គ្រូ និងដល់ថ្នាក់ដឹកនាំនៃសាលារៀនផង។ ដោយឡែកចំពោះបញ្ហាអវត្តមានសិស្សគួរឲ្យកត់សម្គាល់នោះហើយដែលជាបញ្ហាគួរឲ្យមានការវិភាគឆែកឆេរ ដល់ការងារបង្រៀននិងដល់ការងារគ្រប់គ្រងសាលាទាំងមូលផងដែរ។
ក្នុងខណៈនេះខ្ញុំលើកបង្ហាញចំពោះសាលារៀនមួយទុកជាឧទាហរណ៍ដែលបានបង្ហាញតាមអាំងឌីកាទ័រថា សាលារៀននោះមានសិស្សអវត្តមានច្រើន។ បើតាមរយៈការចុះធ្វើអធិការកិច្ចដល់សាលារៀននោះគឺ ទាំងគ្រូបង្រៀននិងទាំងនាយកសាលាតែងមានការទម្លាក់កំហុសទៅលើសិស្សទាំងស្រុងថា មកអំពីមូលហេតុនេះ ឬមូលហេតុនោះដូចជា ប៉ះចាំរដូវដកស្ទូង ឬរដូវប្រមូលផលជាដើម។ ប៉ុន្តែសម្រាប់ការគិតរបស់អ្នកធ្វើអធិការកិច្ចនៃសាលារៀននោះបានឲ្យដឹងថា ពិតជាមានមូលហេតុកើតឡើងដោយគ្រូបង្រៀន ឬដោយគណៈគ្រប់គ្រងសាលារៀនតែម្តង។ តើពិតដែរឬទេ?
តាមរយៈចម្លើយចំពោះសំណួរនេះបានឲ្យដឹងថា សិស្សតែងធ្វើតាមគ្រូបង្រៀនគឺ ទាំងការងារសតិអារម្មណ៍ និងទាំងការងារសិក្សាតាមមុខវិជ្ជានីមួយៗ សិស្សតែងបានអនុវត្តតាមគ្រូ ឬមានគ្រូជាអ្នកដឹកនាំ។ គេតែងនិយាយថា គ្រូជាពុម្ពគំរូដល់សិស្សដែលគេបានធ្វើការប្រៀបប្រដូចទៅនឹងពុម្ពសម្រាប់បោះចេញជានំយ៉ាងនោះដែរគឺ ពុម្ពយ៉ាងណានំក៏មានលំនាំដូចគ្នាយ៉ាងនោះដែរ។ ចំណែកឯទ្រឹស្តីគរុកោសល្យដែលគ្រូបង្រៀនតែងបានដឹងនិងមានការចងចាំនោះគឺ ចំពោះកំហុសឆ្គងរបស់សិស្សវាជាកំហុសឆ្គងរបស់គ្រូ ដូចពាក្យចាស់បានពោលថា កូនសោតវែងឆ្គងដ្បិតមេបា យ៉ាងនោះដែរ។ ដូចនេះចំពោះសិស្សរៀនខ្សោយក្តី ឬសិស្សបាត់បង់វិន័យនិងសណ្តាប់ធ្នាប់របៀបរៀបរយក្តីគឺ វានៅលើគ្រូបង្រៀនទាំងស្រុងដែលស្តោះប្រាកដជាដាក់ទ្រូងឯងមែនហើយ។
មកដល់ចំណុចនេះយើងប្រាកដជាមានហេតុផលក្នុងការដាក់បន្ទុកនេះលើគ្រូបង្រៀនបានហើយថា បញ្ហាអវត្តមានសិស្សនោះ ព្រោះគ្រូបង្រៀន ឬព្រោះការងារគ្រប់គ្រងក្នុងសាលារៀនតែម្តង។ ឧទាហរណ៍ មានសាលារៀន២កន្លែងដែលនៅជិតគ្នាមានសាលាមួយនោះ សិស្សមានវិន័យល្អហើយសិស្សមិនសូវមានអវត្តមាននោះទេ។ ឯសាលារៀនមួយទៀតមានចំនួនសិស្សអវត្តមានច្រើន។ ចំណុចនេះហើយដែលគេត្រូវធ្វើការប្រៀបធៀបថា សាលារៀនទាំងពីរនេះបានទទួលលទ្ធផលខុសគ្នាដែលលេចចេញពីប្រភពគ្រូបង្រៀននិងការងារគ្រប់គ្រងតែម្តង។ គឺសាលារៀនដែលមានបញ្ហាត្រូវកែលម្អទដោយឲ្យសាលារៀនដែលមានសិស្សអវត្តមានច្រើននោះដើម្បីធ្វើយ៉ាងណាឲ្យអត្រានៃអវត្តមានបានថយចុះមកវិញ។
ចំពោះការតាមដានវែកញែកទៅឃើញថា នៅលើការបង្រៀនរបស់គ្រូដែលមានការងាររដ្ឋបាលថ្នាក់ ធូររលុងពេក។ ឯការងារធូររលុងរបស់គ្រូនេះក៏បណ្តាលមកពីការងារនាយកសាលាមិនបានដិតដល់ ឬហៅថា គ្រវីសគ្រវាសឲ្យតែរួចខ្លួនប្រហែលជាមានជំងឺសតិអារម្មណ៍ណាមួយ ក៏មិនដឹងដែរ។ ម្យ៉ាងទៀតក៏វាទាក់ទងនឹងការបង្រៀនរបស់គ្រូដែលធ្វើមិនឲ្យសិស្សចាប់ចិត្តជក់ចិត្តនៃការសិក្សាទើបសិស្សមានការឈប់រៀនជាញឹកញាប់នោះ។ ឯអ្វីដែលជាការសំខាន់ដែរនោះគឺ បញ្ហាលើកទឹកចិត្តសិស្សតែម្តង។ កាលណាគ្រូបង្រៀនមិនបានលើកទឹកសិស្សទេនោះក៏ការបង្រៀននិងរៀនមិនមានភាពស្អិតរមួតនោះដែរ។នេះហើយដែលបណ្តាលឲ្យទឹកចិត្តសិស្សមានការប្រែប្រួលប្រាសចាកពីការសិក្សាព្រោះសិស្សយល់ថា ការរៀនសូត្រនោះមិនសំខាន់នោះទេ។
សរុបសេចក្តីមកក្រុមអធិការកិច្ចសាលារៀនកាលណាបានចុះធ្វើការពិនិត្យតាមសាលារៀននោះហើយនៅពេលដែលបានឃើញថា សាលារៀនណាមួយនោះមានសិស្សអវត្តមានច្រើនវាជាសញ្ញាបង្ហាញអំពីបញ្ហាសមត្ថភាពនៃការបង្រៀនផង និងសមត្ថភាពនៃការគ្រប់គ្រងសាលារៀនផង។ នេះហើយដែលជារោគសញ្ញាសម្រាប់បង្ហាញដល់គ្រូពេទ្យឲ្យធ្វើការដាក់ថ្នាំព្យាបាលឲ្យទាន់ពេលវេលា។ ព្រោះបើបណ្តោយទុកយូរប្រាកដជាមានការខូចខាតកាន់តែធ្ងន់ធ្ងរជាមិនខានព្រោះបញ្ហាអវត្តមានសិស្សនេះហើយវាជាមេរោគក្នុងការបំផ្លាញគុណភាពនៃការសិក្សាមែនហើយ៕
បញ្ហាវត្តមាន និងអវត្តមានសិស្សនៅលើសាលារៀនទាំងស្រុង
0 Comments