ក្នុងសម័យអង្គរចាប់តាំងពី គ.ស៨០២ដល់គ.ស១៤៣២ នោះប្រវត្តិសាស្ត្រ កម្ពុជាបានបញ្ជាក់ថា ព្រះមហាក្សត្រទ្រង់បានប្រកាន់ខ្ជាប់នូវពិធី២យ៉ាងក្នុងការបង្កើនតេជានុភាពដើម្បីដឹកនាំប្រទេសជាតិ អោយមានការរីកចម្រើននោះគឺទី១ ពិធីទេវរាជ និងទី២ ពិធីពុទ្ធរាជ។ ប៉ុន្តែក្នុងខណៈនេះ ខ្ញុំលើកបង្ហាញតាមរយៈអត្ថបទនេះតែចំណែកពិធីពុទ្ធរាជប៉ុណ្ណោះ ដែលមានភស្តុតាង ឬបដិមាជាមូលដ្ឋានសម្រាប់ជាទីសក្ការបូជានោះ គេហៅថាបន្តមកថា ព្រះពុទ្ធទ្រង់គ្រឿង។ តើព្រះពុទ្ធទ្រង់គ្រឿងជាអ្វី?
មុននឹងនិយាយអំពីបញ្ហាព្រះពុទ្ធទ្រង់គ្រឿងគឺខ្ញុំលើកបង្ហាញតាមរយៈការបើករង្វង់ក្រចកអំពីពិធីទេវរាជក្នុងខាងដើមនៃសម័យអង្គរនោះគឺ មានការរៀបចំប្រារព្ធពិធីសក្ការៈព្រះបដិមាលិង្គព្រះឥសូរដែលបានតម្កល់លើបល្ល័ង្កឧមាយោនីដែលជាការនិយមដ៏ល្បីល្បាញបំផុត។ ប៉ុន្តែចំពោះការប្រារព្ធពិធីពុទ្ធរាជវិញនោះតាមរយៈប្រវត្តិសាស្ត្រសម័យអង្គរគឺ ឋិតក្នុងរជ្ជកាលនៃព្រះមហាក្សត្រព្រះនាមជ័យវរ្ម័នទី៧ គ.ស១១៨១ ដល់ គ.ស១២១៨ តែម្តង។ ចំពោះចម្លើយអំពីអ្វីដែលហៅថា បដិមាព្រះពុទ្ធទ្រង់គ្រឿងនោះ គឺជាបដិមាតំណាងព្រះពោធិសត្វដែលយើងបានឃើញមានការនិយមមកទល់នឹងបច្ចុប្បន្ននេះនៅតាមវត្តអារាមនានា ដូចជានៅតាមសាលាធម្មសភា(សាលាឆាន់) និងនៅតាមព្រះវិហារជាដើម។ ជាពិសេសកន្លែងតម្កល់ព្រះបដិមាព្រះពុទ្ធទ្រង់គ្រឿងនេះ ឋិតនៅខាងក្រោមនិងខាងមុខចំហៀងខាងស្តាំនៃពុទ្ធប្បដិមា។ ប្រការដែលគេតែបានកត់សម្គាល់ និងបាននិយាយតៗគ្នាមកនោះ ហៅថា ព្រះពុទ្ធទ្រង់គ្រឿង គឺបានបង្ហាញអំពីការតុបតែងលម្អនៃបដិមានោះតែម្តង។ បានសេចក្តីថា បដិមានោះមិនមានការរចនាតាមបែបគ្រងស្បង់ចីវរ ដូចព្រះសង្ឃនោះទេគឺជាការរចនា និងតាត់តែងលម្អព្រះកាយហាក់ដូចជាព្រះមហាក្សត្រទៅវិញ។ គឺបដិមាព្រះពុទ្ធទ្រង់គ្រឿងមានន័យថា ជាភេទគ្រហស្ថដែលគេតែងសម្គាល់ថា ជាព្រះពោធិសត្វលោកេស្វរៈទេតើ។ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ជាសម័យកាលនៃការនិយមពុទ្ធសាសនាមហាយានហើយដែលមានព្រះបដិមាតំណាងព្រះពោធិសត្វគឺជាទីគោរពសក្ការៈ ដ៏មានប្រជាប្រិយភាពបំផុត។ តាមរយៈសិល្បៈខ្មែរគេតែងសង្កេតឃើញបដិមាព្រះពុទ្ធទ្រង់គ្រឿងមានឥរិយាបថអង្គុយពែនភ្នែនផង ហើយក៏មានលម្អដោយនាគប្រក់ជានាគក្បាល៧ ផង និងក៏មានព្រះឥរិយាបថឈរផងដែរ។ ព្រះពុទ្ធបដិមាហៅថា ព្រះអង្គទ្រង់គ្រឿងនេះ គឺគ្រឿងនៅក្នុងទីនេះសំដៅទៅលើសម្លៀកបំពាក់ ឬការរៀបចំបំពាក់គ្រឿងអលង្ការប្រហាក់ប្រហែលទៅនឹងព្រះមហាក្សត្រពិតប្រាកដ។ ជាក់ស្តែងសម្ភារៈតុបតែងទាំងនោះមានដូចជា នៅនឹងព្រះកេសមានពាក់មកុដ មានកំពូលស្រួលទៅលើ។ ចំណែកឯចំហៀង ខាងក្រោមមកុដដែលនៅក្បែរត្រចៀកទាំងសងខាងនោះមានលក្ខណៈជាក្បាច់កន្ទុយហង្សល្អស្រស់ ងឡើងលើ។ រីឯស្មាទាំងសងខាងនៃបដិមាក៏មានលម្អដោយក្បាច់ផ្កាពន្លៃ កំពុងលូតលាស់ទៅលើមានលក្ខណៈស្រួចៗផងដែរ។ ចំណែកឯការលម្អលើដើមទ្រូងនិងជុំវិញគល់កនោះ ក៏មានគ្រឿងអលង្ការមានតម្លៃដូចជា មាសពេជ្រជាដើម។ មិនតែប៉ុណ្ណោះនៅលើដើមទ្រូងក៏មានពាក់ខ្សែខ្វែង ឬហៅថា ពាក់ឆៀងជាសញ្ញាលេខគុណ ក៏ដូចជារូបចម្លាក់ឬជាគំនូរដូចព្រះឥន្ទនោះដែរ។ឯសម្ភារៈបំពាក់នៅនឹងដើមដៃទាំងសងខាង និងនៅកដៃទាំងឆ្វេងនិងស្តាំនោះក៏មានលម្អដោយតំណាងនៃគ្រឿងអលង្ការ។ ការពិនិត្យមើលបដិមានៃព្រះអង្គទ្រង់គ្រឿងនេះគឺមិនខុសពីការតុបតែងរាងកាយនៃព្រះមហាក្សត្រសោយរាជ្យនោះទេ។ យ៉ាងនេះហើយទើបគេតែងបានសន្មតតាមរយៈភស្តុតាងបន្សល់នូវបដិមាជាទីសក្ការបូជាជាព្រះពុទ្ធទ្រង់គ្រឿងនេះក្នុងការសន្និដ្ឋានថា បានកសាងឡើងក្នុងសម័យអង្គរសម្រាប់ប្រារព្ធពិធីពុទ្ធរាជជាពិសេសក្នុងអំឡុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣នៃគ្រិស្តសករាជពិតមែន ព្រោះព្រះមហាក្សត្រដឹកនាំប្រទេសជាតិតាមពុទ្ធសាសនាមហាយាន។
សរុបសេចក្តីមក ពិធីពុទ្ធរាជនេះគឺជាការលើកកម្ពស់នូវជំនឿរបស់ព្រះមហាក្សត្រក្នុងការប្រកាន់យ៉ាងខ្ជាប់ខ្ជួនខាងពុទ្ធសាសនាបែបមហាយាន។ ជាពិសេសព្រះមហាក្សត្រនោះហើយដែលកំពុងមានព្រះតួនាទីជាព្រះពោធិសត្វក្នុងការស្វែងរកសេចក្តីសុខជូនសង្គមជាតិ។ ដូចនេះបដិមាព្រះពុទ្ធទ្រង់គ្រឿងនេះជារូបតំណាងនៃព្រះមហាក្សត្រទ្រង់ដឹកនាំប្រទេសជាតិអោយមានវឌ្ឍនភាពនិងវិបុលភាពពិតប្រាកដ៕
ព្រះពុទ្ធទ្រង់គ្រឿងជាបដិមាតំណាងនៃពិធីពុទ្ធ រាជសម័យអង្គរ
0 Comments