Ad Code

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្រេច​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ​២​រូប

*អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព អះអាង​ថា “ការ​សម្តែង​មតិ​ជា​សិទ្ធិ​សេរីភាព ប៉ុន្តែ​អំពើ​ហិង្សា​ជា​អំពើ​ល្មើសច្បាប់”


ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​មួយ ដើម្បី​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី មនុស្ស​មួយ​ក្រុម​បាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២ រូប បណ្តាល​ឲ្យ​រងរបួសធ្ងន់​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ខណៈ​ពេល​ដែល​តំណាងរាស្ត្រ​ទាំងពីរ​រូប​នោះ ជិះ​រថយន្ត​ចេញពី​ប្រជុំ​រដ្ឋសភា នេះ​បើ​យោង​តាម​អ្នកនាំពាក្យ។


អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការប្រើ​អំពើ​ហិង្សា​ពី​សំណាក់​មនុស្ស​មួយក្រុម​នោះ គឺ​លោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​លោក គង់ សុភា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​។ អ្នកតំណាងរាស្ត្រ​ទាំងពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ហើយ​។


តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៥ ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ហើយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។


ដោយឡែក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​មួយ ដែល​មាន​សមាសភាព​៧ រូប ដើម្បី​ស៊ើបអង្កេត និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​លើ​ករណី​ហិង្សា​បណ្តាល​ឲ្យ​តំណាងរាស្ត្រ​២ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ​រង​របួស​ធ្ងន់​។


នាយ​ឧ​ត្ត​ម​សេនីយ៍​បន្ត​ថា គណៈកម្មការ​នេះ​ដឹកនាំ​ដោយ លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយមាន​សមាសភាព ចាប់ពី​ស្នងការ​រង​រហូតដល់​ប្រធាន​នាយកដ្ឋាន។


គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​មនុស្ស​មួយ​ក្រុម​ប្រើ​អំពើ​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ​នោះ គឺ​មាន​លោក ឯម សំអាន ជា​ប្រធាន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ជា​អនុប្រធាន រួម​ទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ជា​សមាជិក។


ទាក់ទង​បញ្ហា​នេះ លោក កឹម សន្តិភាព មន្ត្រី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​សរសេរ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ ខែតុលា ថា “​ការ​សម្តែង​មតិ​ជា​សិទ្ធិ​សេរីភាព ប៉ុន្តែ​អំពើ​ហិង្សា​ជា​អំពើ​ល្មើសច្បាប់”។ លោក​សរសេរ​ទៀត​ថា កម្ពុជា​ការពារ​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ តែ​សិទ្ធិ​នេះ​ត្រូវ​ស្ថិត​ក្នុង​ក្របខណ្ឌ​ច្បាប់។ អំពើ​ហិង្សា​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​នោះ​ទេ វា​ជា​អំពើ​ល្មើស​ដែល​ត្រូវ​ទទួលទោស​តាមច្បាប់​! អំពើ​ល្មើស ជា​កាតព្វកិច្ច​របស់​ស​ម​ត្ថ​កិច្ច​ក្នុង​ការ​ស៊ើបអង្កេត​ស្វែងរក​ជនល្មើស​! សូម​ជៀស​ឆ្ងាយ​ពី​អំពើ​ហិង្សា និង​សូម​ចូលរួម​សោក​ស្តាយ​សម្រាប់​ហេតុ​ការ​ណ៍​ដែល​បានកើត​ឡើង។


ចំណែក​រដ្ឋសភា​កម្ពុជា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ផង​ដែរ ដោយ​បាន​ធ្វើការ​ថ្កោលទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​នោះ​។ សេចក្តី​ថ្លែងការណ៍​បាន​លើក​ឡើង​ថា កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែតុលា នៅ​ក្បែរ​វិមាន​រដ្ឋសភា តាម​ផ្លូវកែង​ស្ថានទូត​អូស្ត្រាលី មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​ទៅលើ​តំណាងរាស្ត្រ​ចំនួន​២ រូប​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ និង​បាន​បំផ្លិចបំផ្លាញ​រថយន្ត​ខូចខាត​យ៉ាងច្រើន​ផង​ដែរ។


រដ្ឋសភា​កម្ពុជា​បាន​បញ្ជាក់​ថា រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចាត់ទុក​រាល់​ការ​ធ្វើ​កូដកម្ម កូដកម្ម​ដោយ​សន្តិវិធី គ្មាន​អំពើ​ហិង្សា ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយ​សិទ្ធិ​នេះ​ត្រូវ​អនុវត្តន៍​តាម​ក្របខណ្ឌ​ច្បាប់​។ តែ​រដ្ឋសភា​សូម​ថ្កោល​ចំពោះ​អំពើ​ហិង្សា ដែល​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ដល់​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ដែល​បាន​បញ្ញត្តិ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។ ជាមួយគ្នា​នោះ​រដ្ឋសភា ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច រាជរដ្ឋាភិបាល​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន។


តាម​ព័ត៌មាន​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៥ នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ចប្រជុំ​អចិន្ត្រៃយ៍​មួយ​ក្រោម​អធិបតីភាព​លោក កឹម សុខា ដែល​កិច្ចពិភាក្សា​នោះ​បាន​លើកឡើង​ពី​មួយ​ចំនួន​ដូចជា ករណី​ធ្វើ​លិខិត​ទៅ​ស្ថានទូត និង​ថ្វាយ​ព្រះមហាក្សត្រ​, ស្នើ​ឲ្យ​ដាក់​កម្លាំង​ការពារ​សុវត្ថិភាព​, ឲ្យ​មេធាវី​សិក្សា​ពី​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​ទាំង​២​រូប និង​ករណី​មួយ​ចំនួន​ទៀត៕


T-10-27-15-g-fullT-10-27-15-gg-fullT-10-27-15-ggg-fullT-10-27-15-gggg-fullT-10-27-15-ggggg-full



រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្រេច​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​តំណាងរាស្ត្រ​២​រូប

Post a Comment

0 Comments

Close Menu