Ad Code

មាន​ការ​ខិតខំ​ប្រឹងប្រែង​ជា​ចាំបាច់​ទៀត​ដើម្បី​​បង្កើន​វត្តមាន​ឱសថ​បុរាណ​ចិន ​ជាសកល

ឱសថ​បុរាណ​ចិន​TCM (Traditional Chinese Medicine) បាន​សម្រេច​ទាក់ទាញ​បាន​​នូវការ​ចាប់អារម្មណ៍​​ជាសកល​ជាថ្មី​ម្ដង​ទៀត​​​ បន្ទាប់​ពី​​លោកស្រី​ Tu Youyou ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​​ជន​ជាតិ​ចិនមួយរូប ដែល​​បណ្ដុះ​គំនិត​​​ដោយ​ឱសថ​បុរាណ​ប្រភេទ​នេះ​​ពេល​រក​ឃើញ​​ប្រភេទ​​​ថ្នាំ​​ប្រឆាំង​​នឹង​ជំងឺ​គ្រុនចាញ់​ ឈ្មោះ​ហៅថា Artemisinin ហើយ​ជា​ជ័យ​លាភី​រង្វាន់​ Nobel Prize ប្រចាំ​ឆ្នាំ​២០១៥ សម្រាប់​វិស័យ​វេជ្ជសាស្ដ្រ​ ឬ​សរីរវិទ្យា។


ប៉ុន្ដែ​លោក Fang Shuting នាយក​នៃ​សមាគម​​ឱសថ​បុរាណ​ចិន របស់​ប្រទេស​នេះ​ បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា ថ្វី​បើ​​លោកស្រី​ Tu ​សម្រេច​បាន​​ក្នុង​ការ​​ផ្សព្វផ្សាយ​ឱសថ​បុរាណ​ចិនជាសកល​យ៉ាង​ណា​​ក្ដី ក៏ការ​ខិតខំ​​ប្រឹង​ប្រែង​​ដ៏​ខ្លាំងក្លា​​នឹង​កាន់​តែ​​ច្រើន​ថែមទៀត​ ជាករណីចាំបាច់​ដើម្បីធ្វើ​ឲ្យ​​​ប្រសើ​រឡើង​​នូវ​វិស័យ​ឱសថ​​ និង​គុណភាពនៃ​ឱសថ​​វេជ្ជសាស្ដ្រ​​ដែល​ផ្សំឡើង​​ពីរុក្ខ​ជាតិ​ក្រអូប​ ឬ​តិណទេស នៅ​ក្នុងប្រទេសចិន។


សេចក្ដីថ្លែងប្រកាស​នេះ ត្រូវបាន​ធ្វើ​ឡើង​នៅ​ពេល​តាំង​ពិព័រណ៍​​ពាណិជ្ជកម្ម​ឱសថ​មួយ​កាលពីថ្ងៃ​អាទិត្យ​ នៅក្រុង Zhangshu នៃ​ខេត្ដ​ Jiang Xi។


យោង​តាម​​ការ​លើកឡើង​​ដោយ​លោក​ Fang មាន​​ក្រុមហ៊ុន​​ឱសថ​​ដល់​ទៅ​ជិត​​១,៦០០​ក្រុម​ហ៊ុន​ក្នុង​ចំណោម​​ក្រុមហ៊ុន​ឱសថ​​ទាំង​ជាង​៤,០០០​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ចិន ​ស្ថិត​នៅ​ក្នុង​ការ​ផលិត​​វិស័យ​ឱសថ​បុរាណ​ចិន ​ហើយ​ភាគ​ច្រើន​នៃក្រុមហ៊ុន​ទាំងនោះ​មាន​​បច្ចេកវិទ្យា​ទាប ហើយ​គ្រប់គ្រង​​ក៏មិនសូវ​​បាន​ត្រឹមត្រូវ។


​លោក Fang និយាយថា រដ្ឋាភិបាល​​ចិន គួរ​​តែ​គាំទ្រ​​ឲ្យ​ផលិត​ករ​ឱសថ​រួបរួម​បញ្ចូល​ជា​មួយ​​គ្នា​ ហើយ​រៀបចំចាត់ចែង​​ជាថ្មី​ឡើងវិញ ចាប់​តាំង​ពី​ពេល​ដែល​​មានការ​រៀបចំ​ឲ្យ​ត្រឹម​ត្រូវ​​ទៅ​តាម​ស្ដង់​ដារ​​ភាវូបនីយកម្ម​ និង​ការ​គ្រប់​គ្រង​​បាន​យ៉ាង​​ត្រឹមត្រូវ​​នៃ​សហគ្រាស​ផលិត​ឱសថ​​ដែល​អាច​ទទួល​បាននូវ​​កាលានុវត្ដ​ក្នុង​ឧស្សាហ​កម្ម​នេះ។


ជាង​នេះ​ផង​ទៅទៀត​ ប្រទេស​ចិន បាន​បង្កើត​​ទីតាំង​​ដល់ទៅជាង​៦០០​មូលដ្ឋាន​​សម្រាប់​​ដាំ ដុះ​តិណទេស​​បុរាណចិន​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​​ជាង​៦លាន mu (៤០០,០០០ហិកតា)។


ទោះជាយ៉ាងណា​ក៏​គុណភាពនៃតិណទេស​​វេជ្ជសាស្ដ្រ​នៅក្នុង​​ទីផ្សារ​​មានកា​រប្រែប្រួល។ នោះ​ហើយ​ដែល​លោក Fang ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​​ពង្រឹង​​កា​រពិនិត្យ​​លើ​គុណភាព​​ និង​បង្កើន​ការប្រើប្រាស់​​បច្ចេកវិទ្យា​ឈាន​មុខ​​នៅ​ក្នុង​ការ​​​ដាំដុះ​ និង​បែប​បទ​នៃការប្រើប្រាស់​តិណ​ទេស។


មានមនុស្ស​ជាច្រើន​បាន​ទទួលយក​រួច​ទៅ​ហើយ​ ឬក៏បាន​សាកល្បង​​ប្រើប្រាស់​ឱសថ​​បុរាណចិន ​នៅប្រទេស​ក្រៅ រួម​មាន​កាណាដា ហុល្លង់ ​និងអង់គ្លេស។ លោក Fang ប្រាប់​ថា ឱសថ​បុរាណចិនប្រភេទ​ថ្មី​មួយ​ដែល​ត្រូវ​​បាន​អភិវឌ្ឍ​ដោយ​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សមា​គម​កំពុង​​ត្រូវ​បាន​​ពិសោធ​នៅប្រទេស​​អូស្ដ្រាលី ហើយ​ត្រូវ​បាន​​គេរំពឹងថា នឹង​ចូល​មកកាន់​ទីផ្សារ​នៅ​​អនាគត​​ដ៏ខ្លី​ខាងមុខ​នេះ៕


Xinhua



មាន​ការ​ខិតខំ​ប្រឹងប្រែង​ជា​ចាំបាច់​ទៀត​ដើម្បី​​បង្កើន​វត្តមាន​ឱសថ​បុរាណ​ចិន ​ជាសកល

Post a Comment

0 Comments

Close Menu